ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសាស្ត្រ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល បានខ្សឹបឱ្យឮតាម “នគរធំ” ថា សព្វថ្ងៃនេះរថយន្តដឹកជាច្រើនគ្រឿង កំពុងសម្រុកដឹកអាចម៍ដីចេញពីក្នុងព្រែកថ្មី និងព្រែកតាឯក ជាហេតុនាំឱ្យផ្លូវលំប្របតាមមាត់ព្រែក ទទួលរងការខូចខាតយ៉ាងដំណំ និងធ្វើឱ្យប្រជាពលរដ្ឋលំបាកទាំងការធ្វើដំណើរ និងការដឹកជញ្ជូនផលដំណាំពីចម្ការមកកាន់លំនៅឋាន។
ប្រជាពលរដ្ឋឃុំត្រើយស្លា បានខ្សឹបឱ្យឮថា មួយរយៈចុងក្រោយនេះ មានរថយន្តដឹកដីច្រើនគ្រឿងណាស់ បានចេញចូលដឹកដីចេញពីព្រែកទាំង២ខាងលើ ធ្វើឱ្យផ្លូវលំអមសងខាងព្រែក ចាប់ផ្តើមខូចខាត បង្កបញ្ហាដល់ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានខាងលើ ដូចជាការធ្វើដំណើរទៅកាន់ចម្ការ ពិសេសពិបាកក្នុងការដឹកផលដំណាំចេញ ពីចម្ការ។ ចំណែកសកម្មភាពបំផ្លិចបំផ្លាញផ្លូវនេះ ពុំត្រូវបានអាជ្ញាធរមូលដ្ឋាន រាប់តាំងពីលោកមេភូមិមេឃុំ រហូតដល់លោកអភិបាលស្រុក យកចិត្តទុកដាក់ដោះស្រាយជូនប្រជាពលរដ្ឋនោះទេ ជាហេតុធ្វើឱ្យប្រជាពលរដ្ឋ មួម៉ៅក្តៅក្រហាយ ខឹងសម្បានឹងអាជ្ញាធរយ៉ាងខ្លាំង។
ប្រជាពលរដ្ឋឃុំត្រើយស្លា បានខ្សឹបបន្តថា ផ្លូវប្របតាមមាត់ព្រែកថ្មី និងព្រែកតាឯក ត្រូវបានប្រជាពលរដ្ឋមូល មតិគ្នា រៃអង្គាសជាថវិកា ទិញកម្ទេចថ្មយកមកចាក់ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរទៅកាន់ដីចម្ការរបស់ពួកគាត់ ស្រាប់តែមួយរយៈចុងក្រោយនេះ មានវត្តមានក្រុមឈ្មួញយកគ្រឿងចក្រ និងរថយន្តដឹកដីជាច្រើនគ្រឿង មកធ្វើសកម្មភាពដឹកអាចម៍ដីចេញពីក្នុងព្រែក ដឹកលក់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនបានគិតពីផលប៉ះពាល់យ៉ាងធ្ងន់ ដល់ប្រជាពលរដ្ឋនោះទេ។
ប្រជាពលរដ្ឋ បានខ្សឹបបន្តទៀតថា ក្រោយពីមានវត្តមានរថយន្តដឹកអាចម៍ដីនេះមក ផ្លូវប្របតាមមាត់ព្រែកទាំងសងខាង បានរងការខូចខាតយ៉ាងដំណំ ពិបាកក្នុងការធ្វើដំណើរខ្លាំងណាស់ ហើយស្របនឹងរដូវវស្សាចូលមកដល់ផង ធ្វើឱ្យផ្លូវកាន់តែខ្ទេចខ្ទីទ្វេដង។ មួយផ្នែកទៀត សកម្មភាពជីកកាយយកអាចម៍ដីរបស់ក្រុមឈ្មួញ មានលក្ខណៈខុសស្តង់ដារ ដោយពុំបានគិតគូដល់បញ្ហាបាក់ច្រាំងនោះទេ ដោយឈ្មួញបានកាយយ៉ាងជ្រៅ មិនទុកជម្រាល បន្ទាប់ពីទឹកចូលមាត់ច្រាំងនេះ នឹងបាក់ស្រុតជាក់ជាមិនខាន។ ហេតុនេះប្រជាពលរដ្ឋ សូមខ្សឹបឱ្យឮ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេស លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល មេត្តាចាត់មន្ត្រីជំនាញ ចុះពិនិត្យមើលសកម្មភាពឈ្មួញ ជីកកាយដី និងដឹកដីទាំងអស់នេះផង។
ទោះជាយ៉ាងណា ជុំវិញការខ្សឹបខាងលើនេះ “នគរធំ” នៅមិនអាចទាក់ទងសុំការបំភ្លឺពីខាងអាជ្ញាធរពាក់ព័ន្ធនៅមូលដ្ឋានខាងលើបានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំង អស់៕
ខៀវទុំ