តារាចម្រៀងរាងតូចច្រឡឹងសម្រស់ស៊ីដាច់គេ នៅផលិតកម្មថោន កញ្ញារ៉ាប៊ី ដ៍គួរឲ្យកា្នញ់ស្រាប់តែពេលថ្មីៗនេះ បានលេង Style យទាក់ទាញនូវម៉ូដ១ឈុត ពណ៌ស្វាយ ដែលជាការច្នៃម៉ូដតាមសម្លៀកបំពាក់តារាចម្រៀងដ៍ល្បីល្បាញរបស់អាមេរិក នាងRihanna។
ក្រុម Fan ស្រីស្អាតរ៉ាប៊ី បានសរសើរជាខ្លាំងថា កញ្ញារ៉ាប៊ី ដែលមានរូបឆោមគួរឲ្យទាក់ទាញនោះគ្រាន់តែលេងឈុតចម្លែកតែបន្ដិច តារាតូច្រឡឹងរូបនេះនឹងកាន់តែមានការទាក់ទាញថែមទៀតជាមិនខាន ហើយពួកគេបានសរសើរតារារូបនេះថា ពិតជាពូកែចេះរៀបចំខ្លួនមែន គឺឈុតដែលនាងប្រើប្រាស់អាចទទួលបានទាំងយុវវ័យ និងមនុស្សទូទៅ ព្រោះមិនសាមញ្ញពេកនិងមិនហួសហេតុពេកឡើយ។ ប៉ុន្ដែអ្នកខ្លះទៀតបានលើកឡើងថា កញ្ញារ៉ាប៊ី គួរតែមានការច្នៃម៉ូដដោយខ្លួនឯង ប្រសើរជាងការចម្លងពីគេ ព្រោះថាកន្លងមកមានតារាល្បីៗជាច្រើន ដូចជាទេព បូព្រឹក្ស ពេជ្រ សោភា ជាដើម ដែលមានអ្នកខ្លះថា ពួកគេចូលចិត្តតែចម្លងម៉ូដសម្លៀកបំពាក់ពីគេ ហើយបើម្ចាស់ដើមគេបានឃើញនោះ ប្រាកដជាមិនសប្បាយចិត្តឡើយ…។
ស្រីស្អាតរ៉ាប៊ី បានទទួលស្គាល់ថា នាងពិតជាបានចម្លង (Copy) ម៉ូដសម្លៀកបំពាក់ពីនាង Rihanna ប្រាកដមែន ព្រោះមើលឃើញថា ម៉ូដនោះស្អាត តែមិនមែនចម្លងទាំងស្រុងទេ ព្រោះឃើញម៉ូដនោះស្អាត ក៏លួចចម្លងខ្លះ មកកែច្នៃទៅ ដើម្បីឲ្យប្លែក កុំឲ្យឃើញដដែលពេក។
តារាដែលមានរូសម្រស់ស៊ីដាច់គេនៅថោន រូបនេះ ថ្លែងថា ”ខ្ញុំចម្លងម៉ូដពីគាត់ (Rihanna) មែនបង ចេះតែយកមកច្នៃខ្លះៗទៅ កុំឲ្យគេឃើញថាយើងស្លៀកពាក់ដដែលៗពេក។ ក្រោយស្លៀកពាក់ហើយឃើញមានគេសរសើរច្រើនថាស្អាត! សម! អត់មានឃើញគេបន្តុះបង្អាប់ផង។ម៉ូដសម្លៀកបំពាក់១ឈុតនេះ មានតម្លៃតែជាង១០០ដុល្លារទេ ខ្ញុំពេញចិត្តនិងស្រលាញ់ម៉ូដនេះដែរតើ! ហើយយើងនឹងច្នៃម៉ូដថ្មីប្លែកៗទៀត នៅតាមឆាកតន្ដ្រី ដើម្បីកុំឲ្យអ្នកទស្សនាបានប្លែកអារម្មណ៍”។
រ៉ាប៊ី បានក្លាយជាតារាចម្រៀងស្រីដែលមានភាពលេចធ្លោម្នាក់ របស់ផលិតកម្មថោន បន្ទាប់ពីមាស សុខសោភា ក្រោយពេលដែលសុគន្ធ និសា ចាកចេញពីថោន ទៅចូលហង្សមាស នោះព្រោះតែរ៉ាប៊ី មានរូបសម្រស់ស្អាតគួរឲ្យស្រលាញ់ តាមរយៈការលេងឈុតសម្លៀកបំពាក់បែបយុវ័យហើយមានក្បាច់រាំរស់រវើក និងទឹកដមសំឡេងផ្អែម ចាក់ដល់បេះដូងទស្សនិកជន ដែលនាំឲ្យអ្នកទស្សនាការច្រៀងសម្ដែងរបស់អតីតពិធីការិនីហង្សមាស រូបនេះ លង់ទាំងរូបសម្រស់ ក្បាច់រាំ និងទឹកដមសំឡេងរបស់រ៉ាប៊ី។
តាមប្រភពថា អ្នកចម្រៀងស្រីស្រស់រូបនេះទទួលបានការចាប់អារម្មណ៍ច្រើនពីអ្នកផលិតស្ពតពាណិជ្ជកម្មធំៗផងដែរ តែរ៉ាប៊ី ប្រាប់ថា រាល់ការថតភាពយន្ដស្ពតផ្សេងៗ គឺទាល់តែមានការអនុញ្ញាតពីផលិតកម្មថោន ទើបទៅរួច ព្រោះនាងជាតារាចម្រៀងមានកុងត្រាជាមួយថោនហេតុនេះហើយ រាល់សកម្មភាពសិល្បៈផ្សេងៗ គឺទាល់តែឆ្លងកាត់ក្រុមហ៊ុនជាមុនសិន។
ផានវីរ៉ាទី ហៅរ៉ាប៊ី ទើបឈានជើងឈរនៅផលិតកម្មថោន រយៈពេលខ្លីប៉ុណ្ណោះ ប៉ុន្តែពិធីការិនីហង្សមាស ក្លាយទៅជាអ្នកចម្រៀងថោន រូបនេះ ទទួលបានការចាប់អារម្មណ៍ច្រើន ដោយគ្រាន់តែពេលខ្លះនាងយកបទចម្រៀងពីដើមៗ មកច្នៃបទភ្លេងថ្មីប៉ុណ្ណោះ ដូចជាបទ ”ចង់តែនៅក្រមុំ” និងបទចម្រៀងមួយចំនួនទៀត ដែលនាងចាប់ដៃជាមួយលោកសុគន្ធ ថេរ៉ាយុ។
ថ្មីៗនេះដែរ រ៉ាប៊ី ទើបចេញបទថ្មី ”បងកុំយំណា បើថ្ងៃណាមួយបាត់អូន” ក៏ទទួលបានការគាំទ្រច្រើនផងដែរ ហើយអ្នកចម្រៀងរូបនេះក៍ស្ថិតក្នុងគោលការណ៍របស់ផលិតកម្មថោន ដែលជ្រើសរើសនាងឲ្យសម្ដែងជាតួឯកក្នុងភាពយន្ដថ្មីរបស់ថោន ផងដែរ នាពេលខាងមុខនេះបន្ទាប់ពីនាងបានសម្ដែងជាតួឯកភាពយន្ដទី១ បែបកំប្លែង ជាមួយនាយពែកមី របស់ថោនដែលត្រៀមដាក់បញ្ចាំងរឿង ”អ្នកបម្រើរ០០៧” នោះ។
ប្រភពបានឲ្យដឹងថា រ៉ាប៊ី ក៍ត្រូវបណ្ដាផលិតកម្មមួយចំនួនទៀត បានព្យាយាមទាក់ទងឲ្យនាងសម្ដែងភាពយន្ដទៀតដែរ ហើយអ្នកដឹកនាំរឿងសុទ្ធតែប្រគល់ជាតួឯកឲ្យនាង បន្ទាប់ពីគេបានឃើញសមត្ថភាពនាងសម្ដែងរឿង ”កំលោះក្ដាមប្រៃ កញ្ញាស្ពៃជ្រក់” ដែលទទួលបានការគាំទ្រច្រើននោះមក។ តែរ៉ាប៊ី ប្រហែលជាមិនត្រូវបានការអនុញ្ញាតឲ្យថតរឿងផ្សេង ក្រៅពីថោន ឡើយម្យ៉ាងទៀតតារាចម្រៀងរូបនេះចង់បុកទីផ្សារចម្រៀងច្រើនជាងការសម្ដែងភាពយន្ដ។
រ៉ាប៊ី ដែលសម្រស់ស៊ីដាច់គេនៅផលិតម្មថោន នោះ មានប្រុសៗមិនតិចឡើយ ដែលតាមស្នេហ៍ស្រីស្អាតរូបនេះយ៉ាងស្អិត ដោយហ៊ានប្រគល់អ្វីៗគ្រប់យ៉ាងដែលនាងត្រូវការទៀតផង ប៉ុន្តែរ៉ាប៊ី ដែលប្រកាសថា បានបែកបាក់ស្នេហ៍ចាស់នោះមិនទាន់ចង់គិតរឿងស្នេហាថ្មីនៅពេលនេះឡើយនាងប្រាប់ថា ចង់ផ្ដោតលើអាជីពចម្រៀងឲ្យមានភាពរលូនទៅមុខ ប្រសើរជាងយកសង្សារមកឱបរឹតកាយ ហើយប្រចណ្ឌហួងហែងនាង រកតែទៅណាក៍តាមដានគ្រប់ជំហាននោះព្រោះនាងចង់រស់នៅមានសិទ្ធិសេរីភាពដោយខ្លួនឯងប្រសើរជាងជាប់ទ្រុងស្នេហ៍៕