ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូឌុបស្រីស្នេហ៍ទៅបន្ទប់ជួល ហើយត្រឡប់ទៅផ្ទះវិញ ត្រូវជនសង្ស័យមួយ ក្រុមដេញវាយ ធ្វើឲ្យរូបគាត់ភ័យបានរត់ចោលម៉ូតូ ត្រូវក្រុមជនសង្ស័យប្លន់ម៉ូតូយកទៅបាត់ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៤ ខែ កក្កដា ឆ្នាំ២០១៧ នៅផ្លូវបេតុង ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ អ៊ួច ឆែងហុង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅភូមិចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិធ្លក់ស្វាយ ឃុំ
អញ្ជឹប ស្រុកបសេធ ខេត្តកំពង់ស្ពឺ ម៉ូតូដែលជនសង្ស័យវាយយកម៉ាកគប់ជ្រុង ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1BK-1128។
តាមប្រភពព័ត៌មានពីជនរងគ្រោះ បាននិយាយថា នៅមុនពេលកើតហេតុ ស្រីស្នេហ៍មកលេងបន្ទប់របស់ខ្លួនរហូតដល់ពេលយប់ជ្រៅ ក៏បានជូនមិត្តស្រីទៅផ្ទះវិញ លុះពេលជូនមិត្តស្រីដល់បន្ទប់ហើយ ក៏ត្រឡប់មកបន្ទប់វិញ បានប្រមាណជាង១០០ម៉ែត្រ ស្រាប់តែឃើញជនសង្ស័យមានគ្នាប្រមាណ៤នាក់ និងម៉ូតូចំនួន៣គ្រឿង បន្ទាប់មកមានជនសង្ស័យ៣នាក់ ក្នុងនោះមានម្នាក់នៅចាំម៉ូតូ ចំណែកនាក់៣នាក់ទៀត បានដើរមកស្កាត់មុខ ហើយបាននាំគ្នាចង្អុលទៅរូបគាត់ ធ្វើឲ្យមានការភិតភ័យ រូបគាត់បានជាន់ហ្រ្វាំងម៉ូតូ បណ្តាលឲ្យដួល ហើយជនរងគ្រោះរត់ចោលម៉ូតូ ។
ប្រភពដដែលបានបន្តទៀតថា ខណះពេលដែលជនរងគ្រោះរត់ចេញពីម៉ូតូ មានជនសង្ស័យរត់ដេញគាត់ទៀត ហើយគាត់បានពួនសម្ងំបានមួយសន្ទុះក្រោយ ទើបរូបគាត់ទៅមើលម៉ូតូរបស់ខ្លួន ស្រាប់តែត្រូវជនសង្ស័យយកទៅបាត់។
ក្រោយពេលកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅដើម្បីសើបអង្កេតលើមុខសញ្ញាខាងលើ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕