ភ្នំពេញ ៖ គូស្នេហ៍មួយគូ កំពុងតែជិះធ្វើដំណើរតាមក្នុងល្បឿនលឿន បានជ្រុលទៅរថយន្ត Lexus RX470 មួយគ្រឿង បើកបរបញ្ច្រាសទិសគ្នា ហើយកំពុងបត់ឆ្វេងឆ្លងផ្លូវ បានបុកចំពីមុខពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់ពេលបញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកនារីជាសង្សារដែលរួមដំណើរជាមួយរងរបួសស្រាល ក្នុងហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចស្តុបលូប្រាំ ផ្លូវវេងស្រេង កែងនិងលូប្រាំ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ជនរងគ្រោះមានឈ្មោះ នៅក្នុងកាតគ្រីម៉ូតូ ថោង សារិន ភេទប្រុស អាយុ២០ឆ្នាំ ហៅក្រៅ ហួរ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ម្តុំទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរសម្នាក់រួមនិងនារីម្នាក់ជាសង្សារនឹងគ្នា បានជិះម៉ូតូស៊ុយសុគីឡែត ពណ៌សលាយផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1FV-0634 បានធ្វើដំណើរតាមផ្លូវវេងស្រេង ទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុករថយន្ត Lexus RX470 ពណ៌ស្ករ ពាក់ស្លាកលេខខេមរភូមិន្ទ មួយគ្រឿង ដែលកំពុងតែធ្វើដំណើរតាមផ្លូវវេងស្រេង ក្នុងទិសដៅបញ្ច្រាសទិសគ្នា រួចបត់ឆ្វេង ឡើងទៅផ្លូវលូប្រាំ បានបុកចំពីមុខពេញទំហឹង បណ្តាលឲ្យបុរសជាអ្នកបើកម៉ូតូរងរបួសសន្លប់ស្ដូកស្ដឹង និងបាក់កស្លាប់ដល់ពាក់កណ្ដាលផ្លូវ ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ដោយឡែកនារីជាសង្សាររងរបួសស្រាល ត្រូវបានរថយន្តសង្គ្រោះបានមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ភ្លាមៗនោះ រថយន្តបង្កបានបើករថយន្តគេចខ្លួនចូលទៅក្នុងបុរីសូនី ក៍ត្រូវបានអ្នកដែលឃើញហេតុការណ៍ និងគ្នីគ្នារបស់ជនរងគ្រោះដេញឃាត់រថយន្តបាន តែពេលនោះស្រាប់តែរថយន្ត Lexus RX 330 ពណ៌ស មួយគ្រឿងទៀត ដែលជាគ្នីគ្នារបស់រថយន្តបង្ក ចេញមុខមកធានាដោះស្រាយ និងសង់ថ្លៃព្យាបាលរបួសទៅឲ្យជនរងគ្រោះ តែដល់ពេលឮថា ជនងគ្រោះបានស្លាប់បាត់បង់ជីវិត ស្រាប់តែអ្នកបើកបររថយន្តបាននាំគ្នាបើករថយន្តគេចខ្លួនបាត់ស្រមោលអស់ ។
ក្រោយពេលកើតហេតុ សពជនរងគ្រោះ ត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុ រួចបានឲ្យរថយន្តដឹកសពយកទៅតម្កល់នៅវត្តទឹកថ្លា ដើម្បីរង់ចាំសាច់ញាតិយកទៅធ្វើបុណ្យ។ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចជំនាញយកទៅរក្សាទុកនៅអធិការដ្ធាននគរបាលខណ្ឌមានជ័យ ៕