ភ្នំពេញ ៖ អគ្គីភ័យឆាបឆេះម៉ូតូគ្រឿង រួមជាមួយសម្ភារៈជួសជុលម៉ូតូ ខ្សែភ្លើងឆេះដាច់អស់ជាច្រើនខ្សែ ខ្លោចទាំងត្រង់ហ្វូភ្លើង បន្ទាប់ពីជាងដុតភ្លើងប៉ះអ៊ុតម៉ូតូ ឆាបដល់ដបសាំងដាក់លក់ជាប់នោះ បង្កឲ្យផ្អើលអស់ប្រជាពលរដ្ឋក្បែរនោះ ភ័យស្លន់ស្លោទាំងព្រលឹងចុងសក់ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅតាមចិញ្ចើមផ្លូវ QMi ខាងក្រោយផ្សារជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជាងជួសជុលម៉ូតូ មិនត្រូវបានស្គាល់អត្តសញ្ញាឡើយ ក្រោយកើតហេតុបានរត់គេចខ្លួនបាត់ស្រមោល ចោលសម្ភារៈឆេះខ្ទេច ប៉ះពាល់ដល់ទ្រព្យសម្បត្តិអ្នកដទៃទៅទៀត ។
ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះកែវ វល័ក្ខ ភេទស្រី អាយុ២៨ឆ្នាំ មានទីលំនៅ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ រីឯម៉ូតូភ្លើងឆេះខ្ទេច ម៉ាកហុងដាគុបជ្រុង សេ៧០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ង-5640 ភព1 ។ ដោយឡែកសម្ភារៈរបស់ជាងឆេះអស់ សម្ភារៈសម្រាប់ជួសជុលម៉ូតូ ធុងបូបខ្យល់ ដបសាំង ផ្ទុះឆេះម៉ដ្ឋ និងខ្សែភ្លើងត្រង់ហ្វូភ្លើងលើបង្គោល ឆេះរោលខ្លោចអស់ ។
តាមស្រ្តីរងគ្រោះជាម្ចាស់ម៉ូតូបានឲ្យដឹងថា មុនកើតហេតុ ម៉ូតូគាត់បានបែកធ្លាយកង់ក្រោយ ហើយបណ្តើរយកមកឲ្យជាង នៅចំណុចខាងលើ ដើម្បីប៉ះអ៊ុត ខណៈដែលជាងដុតភ្លើងអ៊ុតពោះវៀនកង់ម៉ូតូ ស្រាប់តែឆាបដល់ដបសាំង ដាក់តាំងបញ្ឈរលក់ក្បែរនោះ ទើបឆាបឆេះ សន្ធោរសន្ធៅ រាលដាលដល់ម៉ូតូ របស់របរ ឆេះដល់ខ្សែភ្លើង បង្កឲ្យភ័យស្លន់ស្លោរត់ចែកជើងគ្នា ។ ភ្លាមៗ ត្រូវបានបងប្អូនប្រជាពលរដ្ឋជាប់នោះ យកបំពង់ពន្លត់អគ្គីភ័យមកជួយបាញ់ និងបាញ់ទឹកពន្លត់ភ្លើង ។
តាមប្រជាពលរដ្ឋ នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា រាល់ថ្ងៃគេឃើញបុរសជាជាងជួសជុលម៉ូតូមិនស្គាល់អត្តសញ្ញាណខាងលើ មកដាក់អីវ៉ាន់ក្រោមឆ័ត្រ ត្រង់ចំណុចខាងលើ ក្នុងរបរប៉ះអ៊ុតជួសជុលម៉ូតូ ស្រាប់តែនៅព្រឹកកើតហេតុនេះ បន្ទាប់ពីមានស្រ្តីម្នាក់អូសម៉ូតូមកប៉ះអ៊ុត ស្រាប់តែឆាបឆេះដល់ដបសាំង ទើបផ្តើមរាលដាលដល់ខ្សែភ្លើងឆេះខ្ទេចអស់ទាំងនេះ ក្រោយកើតហេតុ ជាងបានរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុ ករណីខាងលើ ត្រូវបាននគរបាលចុះទៅដល់កន្លែងកើតហេតុ រីឯម្ចាស់ម៉ូតូក៏ត្រូវបាន ប្តឹងសមត្ថកិច្ច ដើម្បីទាមទាររកសំណង ម៉ូតូរបស់ខ្លួនភ្លើងឆេះអស់ ៕