Wednesday, January 22, 2025
Homeព័ត៌មានជាតិប្រាសាទព្រះថ្កោល ហ៊ុមព័ទ្ធដោយសំរាម

ប្រាសាទព្រះថ្កោល ហ៊ុមព័ទ្ធដោយសំរាម

ប្រាសាទព្រះថ្កោល ឬព្រះបុណ្យ មានទីតាំងនៅភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដោយមានចម្ងាយជាង១គីឡូម៉ែត្រ ពីទីប្រជុំជនភូមិ និងចម្ងាយ១០៥គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ។ អ្នកទេសចរជាតិ និងអន្តរជាតិ អាចទៅទស្សនាប្រាសាទនេះបានតាមរយៈផ្លូវ២ខ្សែ គឺតាមផ្លូវជាតិលេខ៦២ ជាខ្សែទី១ ចេញពីតំបន់ភ្នំដែក ឃុំរមណីយ ស្រុករវៀង កាត់តាមស្រុកសង្គមថ្មី និងឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក របស់ខេត្តកំពង់ធំ។ ចំណែកខ្សែទី២ បែកចេញពីផ្លូវជាតិលេខ៦A ត្រង់ស្រុកស្ទោង ឆ្ពោះទៅក្រយា ឃុំសាគ្រាម របស់ស្រុកប្រាសាទបល្ល័ង្ក នឹងបានទៅដល់ប្រាសាទព្រះថ្កោល ដូចគ្នា។ បុរាណដ្ឋាននេះ អ្នកទេសចរអាចទៅទស្សនាបានគ្រប់រដូវ មិនថាប្រាំងវស្សាឡើយ ព្រោះបច្ចុប្បន្ន រាជរដ្ឋាភិបាលបានកសាងផ្លូវធ្វើដំណើរបានស្រួល មិនព្រួយពីរឿងជាប់ភក់ផុងអ្វីឡើយ មិនដូចពីមុនដែលអាចធ្វើដំណើរបានតែក្នុងរដូវប្រាំងប៉ុណ្ណោះ។

ប្រាសាទព្រះថ្កោល ឬព្រះបុណ្យ មានសិលាចារឹកប្រាប់កាលបរិច្ឆេទច្បាស់លាស់ ដែលកសាងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ រវាងគ.ស ១០០២ ដល់១០៥០ ដើម្បីឧទ្ទិសថ្វាយព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនា ប៉ុន្តែបានកសាងបង្ហើយក្នុងរជ្ជកាលព្រះបាទជយវរ្ម័នទី៧ ដូចប្រាសាទព្រះខ័នកំពង់ស្វាយ ដែរ។ ប្រាសាទនេះអាចសម្គាល់បានដោយសត្វទេពឈរយាមនៅគ្រប់ជ្រុងទាំង៤ គឺបក្សីគ្រុឌ ប្រចាំការនៅជ្រុងខាងត្បូង និងខាងលិច និងមានដំរីក្បាល៣ ឈរយាមនៅជ្រុងខាងជើងនិងខាងកើត ដែលជារូបសំណាកធំៗ អាចមើលឃើញពីចម្ងាយបាន។ បន្ថែមពីលើនោះ នៅមានរូបចម្លាក់តូចៗ ពិពណ៌នាអំពីរឿងទេវកថានានា ដោយឆ្លាក់ជាសាច់រឿងភ្ជាប់នឹងរូបធំៗទាំង៤។ សព្វថ្ងៃថ្មប្រាសាទ៦០ភាគរយ បានដួលរលំធ្លាក់កប់ដី គួរឱ្យសង្វេគ ក្រោមស្នាដៃបំផ្លិចបំផ្លាញរបស់ជនទុច្ចរិតជីកកកាយរកវត្ថុបុរាណកាលពីសម័យសង្គ្រាម។

លោកក្រូច ប៊ុនឌុល មេឃុំរណសិរ្ស បានឱ្យដឹងថា នៅរដូវបុណ្យទានម្តងៗ ប្រាសាទព្រះថ្កោល តែងមានអ្នកទេសចរជាតិ និងអន្តរជាតិចូលទៅទស្សនាយ៉ាងច្រើនកុះករ។ នៅឃុំរបស់លោកមានបុរាណដ្ឋានច្រើនដែរ ដូចជាប្រាសាទព្រះថ្កោល ឬព្រះបុណ្យ ប្រាសាទព្រះដំរី បារាយណ៍បាដាក ឬប្រដាកប្រាសាទស្ទឹង ឬព្រះព្រហ្ម និងប្រាសាទព្រះខ័នកំពង់ស្វាយ ឬបាកាន៘ ក្នុងចំណោមប្រាសាទទាំងអស់នេះ មានឆ្មាំការពារដិតដល់តែប្រាសាទព្រះខ័នមួយទេ ឯប្រាសាទក្រៅពីនោះ ក្រុមឆ្មាំដើរល្បាតឃ្លាំមើលម្តងម្កាលប៉ុណ្ណោះ ជាហេតុបណ្តាលឱ្យមានភាពចន្លោះប្រហោងក្នុងការគ្រប់គ្រងផ្នែកបរិស្ថានមិនបានល្អ។ ចាប់តាំងពីក្រសួងមន្ទីររៀបចំឱ្យមានឆ្មាំការពារបេតិកភណ្ឌ រួមទាំងមន្ត្រីនគរបាលទេសចរទៅប្រចាំការផងនោះ អាជ្ញាធរមូលដ្ឋានគ្មានសិទ្ធិទៅការពារ ឬបោសសម្អាតបរិវេណប្រាសាទបានឡើយ មានតែក្រុមឆ្មាំទើបអាចធ្វើរឿងនេះបាន។

លោកឈឿន ឆេន អាយុ៣១ឆ្នាំ ជាប្រធានក្រុមអភិរក្ស(ឆ្មាំ) នៅតំបន់ជុំវិញប្រាសាទព្រះខ័នកំពង់ស្វាយ បានឱ្យដឹងថា ក្រុមការងាររបស់លោកមានគ្នា២៣នាក់ សម្រាប់ដាក់វេនគ្នាមើលការខុសត្រូវ ក៏ដូចជា បោសសម្អាតស្លឹកឈើសំរាម ក្នុងបរិវេណប្រាសាទ។ ពួកលោកមានភារកិច្ចធំបំផុត គឺថែទាំប្រាសាទព្រះខ័ន ដែលមានផ្ទៃដីធំប៉ុនប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប ដែលត្រូវបោសសម្អាតរាល់ថ្ងៃ ឯប្រាសាទតូចៗដទៃទៀត គ្រាន់តែដើរល្បាតឃ្លាំមើលប៉ុណ្ណោះ។ ចំពោះប្រាសាទព្រះថ្កោល ដែលកំពុងហ៊ុមព័ទ្ធដោយសំរាមនោះ ពួកលោកនឹងចាត់ការសម្អាតមិនខាន គ្រាន់តែយឺតយ៉ាវបន្តិច ព្រោះភ្លៀងពេកនាំរំខានដល់ការងាររក្សាអនាម័យ។

លោកជា វណ្ណៈ មន្ត្រីការិយាល័យវប្បធម៌ និងវិចិត្រសិល្បៈ ស្រុកសង្គមថ្មី បានឱ្យដឹងថា លោកឧស្សាហ៍ចុះមកដឹកនាំក្រុមឆ្មាំប្រាសាទ ធ្វើអនាម័យបរិស្ថានជាប្រចាំ។ ទោះយ៉ាងណា ធម្មតាអ្នកចោលសំរាមគ្នាច្រើន ឯអ្នកបោសសម្អាតគ្នាតិច ធ្វើម៉េចក៏មិនឈ្នះដែរ ដូចនៅប្រាសាទព្រះថ្កោល ជាដើម ហ៊ុមព័ទ្ធដោយសំរាម ដែលអ្នកទេសចរបោះចោលពាសវាលពាសកាល។ ទោះបីជាមានបិទប្រកាសឱ្យជួយរក្សាអនាម័យយ៉ាងណា ក៏សំរាមនៅតែមានដដែល ទើបលោកបានរាយការណ៍បន្ថែម សុំឱ្យមន្ទីរជួយរកធុងសំរាម ឬឧបករណ៍អ្វីដែលអាចដាក់សំរាមបាន ដើម្បីងាយស្រួលដល់ក្រុមការងារដើរប្រមូល ទៅបោះចោលឱ្យឆ្ងាយពីប្រាសាទ៕

ផ្លូវចូលទៅប្រាសារព្រះថ្កោល
លោកក្រូច ប៊ុនឌុល មេឃុំរណសិរ្ស
លោកឈឿន ឆេន ប្រធានក្រុមអភិរក្ស
លោកជា វណ្ណៈ មន្ត្រីការិយាល័យវប្បធម៌ និងវិចិត្រសិល្បៈ

 

RELATED ARTICLES