ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបាននគរបាលព្រហ្មទណ្ឌខណ្ឌសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ធ្វើការឃាត់ខ្លួនយកទៅសាកសួរ បន្ទាប់ពីជនសង្ស័យទាំងទាំងនោះបានធ្វើសកម្មភាពគាស់ផ្ទះយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះ បានសម្រេច រួចនាំគ្នាសម្ងំលាក់ខ្លួនជាងកន្លះខែ ហេតុការណ៍ឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ នៅកន្លែងបាញ់ត្រីក្រោយផ្សារស្ទឹងមានជ័យថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ហែម វណ្ណះ ភេទប្រុស អាយុ១៧ឆ្នាំ និងឈ្មោះ ស្អាត ភេទប្រុស អាយុ១៦ឆ្នាំ ទាំង២នាក់ មានមុខរបរមិនពិតប្រាកដ ស្នាក់ក្រោយវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ចំណែកជនរងគ្រោះមានឈ្មោះ ម៉ៅ មុនី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៣ ផ្លូវបេតុង ក្រុម២ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ របស់ដែលបាត់បង់មានលុយចំនួន១ពាន់ដុល្លារ កាតទូរស័ព្ទចំនួន៥០០ដុល្លារ និងកុំព្យូទ័រ laptop មួយគ្រឿង ។
តាមសម្ដីប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ មានជនរងគ្រោះឈ្មោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ដោយមានរូបភាពជនសង្ស័យក្នុងកាំម៉ារ៉ាសុវត្ថិភាព យកមកបង្ហាញថាជនសង្ស័យទាំងនោះ បានធ្វើសកម្មភាពគាស់ផ្ទះរបស់គាត់យកទ្រព្យសម្បត្តិអស់ជាច្រើន ដូចបានរៀបរាប់ខាងលើ ។
បន្ទាប់ពីបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះរួចហើយ ស្រាប់តែដល់ពេលឃាត់ខ្លួនជនសង្ស័យ ស្រាប់តែជនរងគ្រោះផ្ទាល់បានប្រទះឃើញជនសង្ស័យកំពុងតែលេងហ្គេមបាញ់ត្រី នៅក្រោយផ្សារស្ទឹងមានជ័យ ក៍បានផ្តល់ដំណឹងទៅដល់សមត្ថកិច្ចមូលដ្ឋាន ខណៈពេលនោះនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ បានសហការជាមួយកម្លាំងព្រហ្មទណ្ឌខណ្ឌមានជ័យ ក៍បានទៅធ្វើការឃាត់ខ្លួនបានជនសង្ស័យ២នាក់ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ។
នៅពេលសមត្ថកិច្ចសាកសួរជនសង្ស័យទាំង២នាក់ បានសារភាពថា ពួកគេពិតបានធ្វើសកម្មភាពគាស់ផ្ទះយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះខាងលើប្រាកដមែន ហើយពួកគេធ្វើសកម្មភាពនេះ គឺមានគ្នាបីនាក់។ ចំណែកម្នាក់ទៀតកំពុងតែរត់គេចខ្លួន រីឯទ្រព្យសម្បត្តិដែលពួកគេលួចយកទៅ គឺពួកគេបាននាំគ្នាចាយវាយនិងប្រើប្រាស់គ្រឿងញៀនអស់ហើយ ។
ក្រោយពេលកើតហេតុ បន្ទាប់ពីសាកសួររួច ជនសង្ស័យត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការដ្ឋានខណ្ឌមានជ័យដើម្បីចាត់ការបន្ត៕