ភ្នំពេញ៖ ស្រ្តីម្នាក់ចេញពីផ្ទះគោលបំណងទៅបើកថ្នាំនៅមន្ទីរពេទ្ររុស្សុី ពេលជិះមកដល់ចំណុចមុខពេទ្យព្រះកុសមៈ ស្រាប់មានជនសង្ស័យម្នាក់ជិះម៉ូតូ១គ្រឿង ធ្វើសកម្មភាពឆក់យកកាបូបស្ពាយរបស់គាត់បានសំរេច ភ្លាមៗនោះស្រ្តីរងគ្រោះជិះដេញតាមពីក្រោយ តែមិនទាន់ចោរ ក៍ជ្រុលទៅបុកម៉ូតូអ្នកដំណើរពីក្រោយ បណ្ដាលឲ្យដួលបោកក្បាលហូរឈាម និងមានការបាត់ការចងចាំបន្តិចបន្តួច។ ហេតុការណ៍នេះបង្កឲ្យមានការការភ្ញាក់ផ្អើលកាលពីម៉ោង៦ព្រឹក ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្ដាយផ្លូវ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ស្រ្តីរងគ្រោះដែលចោរឆក់កាបូប មានឈ្មោះយឿន សុីវូន ហៅនី ភេទស្រី អាយុ៤៤ឆ្នាំ ស្នាក់នៅម្ដុំកាំកូសុីធី ហើយគោលបំណងទៅបើថ្នាំនៅពេទ្ររុស្សុី។
បើតាមសំដីរបស់ស្រ្តីរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់ជិះម៉ូតូ១គ្រឿងម៉ាកឌ្រីមសង់ សេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1O-5520 ចេញពីផ្ទះទៅបើកថ្នាំនៅមន្ទីរពេទ្ររុស្សុី ដោយជិះតាមបណ្ដាយផ្លូវ៥៩៨ ពេលមកដល់ចំណុចកើតហេតុ ស្រាប់មានជនសង្ស័យម្នាក់ជិះម៉ូតូ១គ្រឿង ម៉ាកនិច បើកតែម្នាក់ឯង ធ្វើសកម្មភាពឆក់យកកាបូបស្ពាយរបស់គាត់បានសម្រេច ភ្លាមៗនោះ រងគ្រោះបើកម៉ូតូរបស់គាត់យ៉ាងលឿន ដើម្បីដេញចោរឆក់ ពេលមកដល់ចំណុចផ្លូវ១៨២ កែងផ្លូវ២៧១ ក៍ជ្រុលទៅបុកម៉ូតូមួយគ្រឿងពីក្រោយពេញទំហឹង បណ្ដាលគាត់ដួលបោកក្បាលទៅនឹងថ្នល់ហូរឈាម។ ក្រោយពីដឹងខ្លួនមកវិញ ស្រ្តីខាងលើហាក់បីដួចជាបាត់ការចងចាំមួយសន្ទុះ ដោយអ្វីក៍មិនចងចាំដែរ ប្រហែលជា១ម៉ោង មានក្រុមគ្រួសារគាត់មកទទួលយកទៅមន្ទីរពេទ្យ ដើម្បីព្យាបាល។ ចំណែកម៉ូតូដែលគាត់បើកបុកគេពីក្រោយ ម្ចាស់គាត់មិនទាមទារសំណាងអ្វីទេ គឺយកទៅជួសជុលខ្លួនឯង៕