ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីកើតគំនុំសងសឹកប្រដាប់ដោយចបកាប់ លើកវាយសំពង២ត្បូងចប បែកក្បាលម្នាក់ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅការដ្ឋានសំណង់ផ្ទះល្បែងបឹងបៃតង ក្បែរក្រុមហ៊ុនផែស ផ្លូវអ៊ុយញ៉ុង ទំនប់កប់ស្រូវ ភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យមានឈ្មោះ ហេន សុបិន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅជាមួយម្តាយមីង ក្នុងភូមិសាមគ្គី៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិរកាខ្នុរ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ មានប្រពន្ធឈ្មោះ បៃ តើយ អាយុ២០ឆ្នាំ មានកូនប្រុសម្នាក់ក្នុងបន្ទុក ។ ចំណែក ឃុត វ៉ាន់ឌី ភេទប្រុស អាយុ២៥ឆ្នាំ មេជាងសំណង់ ស្នាក់នៅផ្ទះជួលភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល រងរបួសធ្ងន់ធ្ងរ បែកមុខ បាក់ចង្ការ ។
តាមប្រភពពីកម្មករដូចគ្នាបានឲ្យដឹងថា ជនបង្កទើបមកសុំការងារសំណង់ធ្វើការបាន២ថ្ងៃ ស្រាប់តែបង្កបញ្ហាហឹង្សាលើមេជាងតែម្តង ហើយមុនកើតហេតុ មេជាងបានដើរទៅប្រាប់ឲ្យជនបង្កដែលជាកូនជាង បង្គាប់ឲ្យធ្វើការ តែជនបង្កមិនស្តាប់ តមាត់ ហើយត្រូវបានជនរងគ្រោះស្តីបន្ទោស ស្រាប់តែជនបង្កដៃកាន់ចបកាប់ស្រាប់ លើកវាយសំពង២ត្បូងចប បណ្តាលឲ្យបែករយះរងរបួសធ្ងន់ ត្រូវបានក្រុមជាងរួមការងារដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យព្រះកុសុមៈភ្លាមៗ ។
តាមសម្តីជនបង្កវិញបានឲ្យដឹងថា ខ្លួនទើបមកស្នាក់នៅជាមួយម្តាយមីងក្នុងភូមិសាមគ្គី៣ សង្កាត់ត្រពាំងក្រសាំង ១៥ថ្ងៃនេះទេ ហើយទើបចូលធ្វើការងារសំណង់ក្នុងការដ្ឋានខាងលើបាន២ថ្ងៃ មុនកើតហេតុ ដោយខ្លួនទ្រាំលែងបាននឹងសម្តីមេជាង តាំងពីរសៀលថ្ងៃទី០៥ ខែកក្កដា មកម្លេះ រករឿងស្តីបន្ទោស គំរាមរកវាយខ្លួនម្តងមកហើយ មកដល់ព្រឹកថ្ងៃទី០៦ ខែកក្កដានេះ មេជាងមករករឿងម្តងទៀត ទើបទ្រាំលែងបានវាយ២ត្បូងចបកាប់តែម្តង ។
ក្រោយកើតហេតុភ្លាមៗ កម្លាំងនគរបាលចុះទៅអន្តរាគមន៍ ចាប់ឃាត់ខ្លួនបានជនបង្កនាំយកទៅសាកសួរ និងកសាងសំណុំរឿងនៅប៉ុស្តិ៍ត្រពាំងក្រសាំង ដើម្បីបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋាន រីឯជនរងគ្រោះត្រូវបានកម្មករួមការងារដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ៕