Friday, September 20, 2024
Homeតារាខ្មែរវ៉ាន់ ផល្លី ពេញចិត្តថតភាពយន្តឲ្យហង្សមាស

វ៉ាន់ ផល្លី ពេញចិត្តថតភាពយន្តឲ្យហង្សមាស

តារាចម្រៀងដែលលេងម៉ូដសក់ដូចតារាកូរ៉េ លោកវ៉ាន់ ផល្លី ដែលកំពុងជ្រកកោនក្រោមដំបូលផលិតកម្ម We Production ដែលជាសាខារបស់ហង្សមាសនោះ ត្រូវបានមហាជនមើលឃើញថាអ្នកចម្រៀងដែលមានទឹកដមសំឡេងស្រដៀងនិងលោកខាន់ ជេមស៍ រូបនេះនៅមិនទាន់បានបញ្ចេញសមត្ថភាពអស់ទេ ព្រោះតែមានបទចម្រៀងតិចតួចពេកនៅលើទីផ្សារ ដោយសារតែហង្សមាស មានសមាជិកច្រើនពេកនោះ ទើបធ្វើឲ្យផល្លី ពិបាកប្រជែងយកភាពលេចធ្លោនៅទ្រនំធំនេះបាន។ តែយ៉ាងណា តារាចម្រៀងដែលមានស្រុកកំណើតនៅខេត្តបាត់ដំបង រូបនេះ មិនមានបំណងស្ពាយបង្វេចដើរចោលហង្សមាស ទាំងនៅជាប់កុងត្រាទេ ហើយបែរជាថាពេញចិត្តនូវអ្វីដែលហង្សមាស ផ្ដល់ឲ្យនាពេលនេះ។

ក្នុងជំនួបតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី០៦ ខែកក្កដា វ៉ាន់ ផល្លី ថ្លែងថា បើទោះជាបទចម្រៀងខ្លួនហាក់មិនទាន់មានជោគជាំនៅលើទីផ្សារពិតមែន ប៉ុន្តែរូបគេមិនមានការអាកអន់ស្រពន់ចិត្តអីជាមួយហង្សមាស ឡើយ ព្រោះតែសមាជិកហង្សមាស មានច្រើន ដូចនេះក្រុមហ៊ុនត្រូវតែមានការបែងចែកបទចម្រៀងទៅតារាផ្សេងៗយ៉ាងនេះហើយ។

វ៉ាន់ ផល្លី រៀបរាប់ថា ”ខ្ញុំមានកុងត្រាជាមួយផលិតកម្មយូរឆ្នាំទៀត អីចឹងខ្ញុំនៅមានឱកាសច្រើនដែរ ហើយខ្ញុំគ្មានបំណងដើរចេញពីហង្សមាស នៅពេលនេះទេ គឺនៅតែធ្វើការជាមួយគាត់អីចឹងព្រោះអី Concert នៅរដូវក្ដៅកន្លងមក គាត់បានទម្លាក់ឲ្យខ្ញុំច្រៀងតាមខេត្តមួយចំនួនដែរ។សម្រាប់បទច្រៀងខ្ញុំនៅផលិតកម្ម We-Production មាន៦បទហើយ បទដែលមានការគាំទ្រដូចជាបទ ”យប់នេះផឹកឲ្យស្លាប់”, ”ជាតិនេះឆាចោល”, ”មនុស្សបែកគ្នានៅតែនឹកគ្នា”, ”អកហ្សឺ”, ”ច័ន្ទស្ដាយរស្មី”។ ថ្មីៗនេះដែរ ខ្ញុំក៍បានចេញបទច្រៀង៤នាក់ ជាមួយលោកថែល ថៃ សាយ រតនៈ​និងឃុន វុត្ថា បទ ”កុហកអ្នកណាកុហកទៅ កុំឲ្យកុហកអ្នកស្រលាញ់” ហើយខ្ញុំក៍មានបទថ្មីដែលច្រៀងជាមួយលោក Colour ដែរ គឺបទ ”ក្រមុំស្លុយ” និងបទ ”ចង់មានស្នេហា”។ ខ្ញុំក៍បានចេញបទឆ្លងឆ្លើយជាមួយចំរើន សុភ័ក្ត្រ បាន មុន្នីលក្ខណ៍ និងសុវណ្ណ នីតា ផងដែរ។ ចំពោះរឿងថានៅពេលខាងមុខ ខ្ញុំនឹងទៅផលិតកម្មណានោះខ្ញុំមិនទាន់គិតទេ ព្រោះរាល់ថ្ងៃខ្ញុំផ្ដោតតែធ្វើការជាមួយហង្សមាសប៉ុណ្ណោះ”។

វ៉ាន់ ផល្លី ជាអតីតបេក្ខភាពជ័យលាភីលេខ១ ក្នុងកម្មវិធីប្រលងចម្រៀងនៅទូទាំងសាលាខេត្តបាត់ដំបង ដោយតារាចម្រៀងរាងខ្ពស់សង្ហារូបនេះចេះច្រៀងតាំងពីអាយុ១៥ឆ្នាំម្ល៉េះ។ នៅឆ្នាំ២០១២ ផល្លី បានឈានជើងចូលមកភ្នំពេញ ហើយចូលប្រលងចម្រៀងនៅប៉ុស្ដិ៍ MyTV កម្មវិធី Revlon ដោយទទួលបានចំណាត់ថ្នាក់លេខ២ ផងដែរ។ នៅឆ្នាំ២០១៣ វ៉ាន់ ផល្លី បានចូលប្រលងចម្រៀងរបស់ប៉ុស្ដិ៍ហង្សមាស The Voice Cambodia រដូវកាលទី១ ហើយរូបគេបានជ្រើសយកលោកឆន សុវណ្ណរាជ ជា Coach តែផល្លី បានទៅដល់ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ្ត ក៍ត្រូវធ្លាក់ចេញដោយសារប៊ុត សីហា បានយកឈ្នះដោយពិន្ទុ ហើយនៅវគ្គផ្ដាច់ព្រ័ត្ត ប៊ុត សីហា ក៍លើកពានបានសម្រេចតែម្ដង។ ទោះជាយ៉ាងណា វ៉ាន់ ផល្លី ក៍មានឱកាសបានក្លាយទៅជាតារាចម្រៀង We Production ដោយមានបទផ្ទាល់ខ្លួនច្រៀងរហូតដល់ពេលនេះ ខណៈដែលពេលប្រលងចម្រៀងនោះ ផល្លី ត្រូវបានគេថាយកស្ទីលសំឡេងតាមលោកខាន់ ជេមស៍ តែនៅពេលប្រលង បែរជាច្រៀងបទព្រាប ​សុវត្ថិ ច្រើនជាងគេទៅវិញ។

វ៉ាន់ ផល្លី និយាយថា ”ការមិនបានលើកពាននោះមានការខកចិត្តខ្លះដែរ តែធ្វើម៉េចការប្រលងតែងតែមានជាប់ធ្លាក់អីចឹងហើយ ម្យ៉ាងទៀតយើងក៍នៅមានចំណុចខ្វះខាតដែរ។ ចំពោះរឿងថាខ្ញុំយកស្ទីលសំឡេងតាមខាន់ ជេមស៍ នោះ ការពិតខ្ញុំចូលចិត្តបទគាត់មែន ហើយសំឡេងខ្ញុំតាមធម្មជាតិ គឺអីចឹងឥឡូវខ្ញុំមានបទចម្រៀងផ្ទាល់ខ្លួន ហើយយើងប្រើប្រាស់សំឡេងរបស់ខ្លួនឯងវិញ។ អ្នកខ្លះថាខ្ញុំយកស្ទីលម៉ូដសក់តាមតារាកូរ៉េ គេថាខ្ញុំដូចតួកូរ៉េអី តែនោះគ្រាន់តែជាការច្នៃម៉ូដសក់ដោយខ្លួនឯងប៉ុណ្ណោះ ព្រោះយើងជាអ្នកសិល្បៈទាល់តែមានការតុបតែងខ្លួនឲ្យប្លែកៗ ទើបគេមិនសាំយើង”។

វ៉ាន់ ផល្លី ធ្លាប់ជាតារាចម្រៀងនៅក្លឹប SKY ក្លឹបឡា វ៉ូ ហើយពេលនេះជាតារាចម្រៀងនៅហាង V Friend ផងដែរ ជាមួយស្រីស្អាតសុន ច័ន្ទធីតា។ តាមព័ត៌មានថា តារាដែលលេងម៉ូដសក់កូរ៉េ វ៉ាន់ផល្លី ក៍ស្ថិតក្នុងចំណោមតារាដែលហង្សមាស រុញឲ្យទៅថតភាពយន្ដរបស់ខ្លួននាពេលខាងមុខដែរ ដើម្បីឲ្យតារាមកពីខេត្តបាត់ដំបង រូបនេះ កាន់តែមានឈ្មោះទៅមុខថែមទៀត។

វ៉ាន់ ផល្លី បន្ថែមថា ”ខ្ញុំស្រលាញ់សិល្បៈទាំងច្រៀង និងសម្ដែង បើហង្សមាស ហៅថតកុនខ្ញុំនឹងពេញចិត្តថត ទោះជាតួអ្វីក៍បានដែរ។ ខ្ញុំចាប់អាជីពចម្រៀងជាង៥ឆ្នាំហើយ គិតថាទោះជាយើងមិនល្បីខ្លាំងដូចគេក្ដី តែទស្សនិកជនស្គាល់ខ្ញុំច្រើន ខ្ញុំពេញចិត្ត ហើយខ្ញុំនៅមានឱកាសច្រើនដែរ។ ខ្ញុំច្រៀងនៅពេលយប់ គឺអាចដោះស្រាយជីវភាពបានមួយកម្រិតដែរ ម្យ៉ាងទៀតលោកថៅកែហាង V Friend គាត់ល្អជាមួយបុគ្គលិក គាត់ឲ្យតម្លៃយើង ហើយនៅពេលខាងមុខនេះ ខ្ញុំនឹងចូលច្រៀងនៅក្លឹបមួយថែមទៀតផងដែរ”។

វ៉ាន់ ផល្លី អាយុ២៦ឆ្នាំ ត្រូវបានគេទម្លាយថា តារាចម្រៀងរូបនេះមានគូរស្នេហ៍ ហើយតែនៅពេលសាកសួររឿងកំណាន់ចិត្តផល្លី បែរជាថាមិនចង់និយាយ និងមិនចង់គិតរឿងស្នេហាឡើយ តែថាមានស្រីៗមួយចំនួនបានចាប់ចិត្តលើរូបគេដែរ។ ផល្លី ដែលមានមិត្តភក្ដិជាតារាចម្រៀងដូចគ្នានោះ ពួកគេសុទ្ធតែមានជីវភាពធូរធារជាងផល្លី ដូចជាជិះឡានទំនើប មានផ្ទះល្វែងរស់នៅយ៉ាងកាលីព ជាដើម រហូតមានតារាខ្លះលេចឮថា មានប្រុសចិញ្ចឹមទៀតផង តែផល្លី និយាយថា មិនមានការភ្ញាក់ផ្អើលរឿងពួកម៉ាកខ្លួនដែលមានទ្រព្យយ៉ាងរហ័ស ហើយក៍មិនមានការភ្ញាក់ផ្អើលដែរ គឺមានតែសរសើរ ព្រោះផល្លី ចង់រស់នៅដោយមានសិទ្ធិសេរីភាពដោយខ្លួនឯងប្រសើរជាងរងគំនាបពីអ្នកណាម្នាក់៕

RELATED ARTICLES