Friday, April 19, 2024
Homeនយោបាយបក្សប្រឆាំង ដករូបលោកសម រង្ស៊ី ពេលច្បាប់កែថ្មីចេញ

បក្សប្រឆាំង ដករូបលោកសម រង្ស៊ី ពេលច្បាប់កែថ្មីចេញ

ភ្នំពេញ ៖ គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង នឹងមិនមានសិទ្ធិក្នុងការប្រើរូបរបស់លោកសម រង្ស៊ី ដែលឈរកាន់ដៃជាមួយឯកឧត្តមកឹម សុខា នៅលើ់ស្លាកគណបក្សទៀតនោះទេ នៅពេលរដ្ឋសភាអនុម័ត  វិសោធនកម្មថ្មីនៃច្បាប់ស្តីពីគណបក្សនយោបាយ នាពេលខាងមុខ។

អនុប្រធានគណបក្សសង្គ្រោះជាតិ លោកអេង ឆៃអ៊ាង បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយចាកចេញពីកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ ថា ខ្លឹមសារថ្មីនៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលសរសេរដោយតំណាងរាស្ត្រពីគណបក្សប្រជាជនកម្ពុជា បានជំរុញឱ្យគណបក្សសង្គ្រោះជាតិ ត្រូវដករូបរបស់លោកសម រង្ស៊ី ចេញ។ ប្រសិនបើមិនដករូបរបស់លោកសម រង្ស៊ី ចេញទេ គណបក្សសង្គ្រោះជាតិ អាចនឹងប្រឈមនឹងការរំលាយចោលតែម្តង។ បានន័យថា ខ្លឹមសារថ្មីដែលនឹងត្រូវបន្ថែមចូលទៅក្នុងច្បាប់ស្តីពីគណបក្សនយោបាយ មិនអនុញ្ញាតឱ្យគណបក្សនយោយបាយ យករូបភាពរបស់បុគ្គលណាមួយ ដែលមានឈ្មោះជាអ្នកទោស ឬទណ្ឌិត ទៅប្រើប្រាស់ឡើយ។ ដូច្នេះចង់មិនចង់ គណបក្សសង្គ្រោះជាតិ នឹងត្រូវបង្ខំចិត្តដករូបរបស់លោកសម រង្ស៊ី  ដែលឈរកាន់ដៃជាមួយលោកកឹម សុខា ក្រោយពីខ្លឹមសារថ្មី ត្រូវបានបញ្ជូលទៅក្នុងច្បាប់ស្តីពីគណបក្សនយោបាយ។

លោកអេង ឆៃអ៊ាង បានមានប្រសាសន៍ថា “ច្បាប់ចែង ! ខ្ញុំនិយាយឱ្យស្តាប់ ឧទាហរណ៍ថា គេមិនឱ្យប្រើឈ្មោះ រូបឯកឧត្តម សម រង្ស៊ី យើងធ្វើទៅ ! យើងទៅខ្វល់អី យើងសរុបគោលដៅរបស់យើងតើ ! វាអត់មានស្អីទេ ព្រោះរឿងអស់ហ្នឹងយើងអាចកែកុនបាន។ ពេលយើងឈ្នះឆ្នោត យើងមានសំឡេងគ្រប់គ្រាន់ យើងឈ្នះឆ្នោតលុបចោលវិញទៅចប់ហើយ ផ្តល់សេរីភាពឱ្យពេញលេញទៅតាមរដ្ឋធម្មនុញ្ញទៅ ស្របតាមកតិកាសញ្ញាសិទ្ធិមនុស្សទៅវាចប់ ហើយ អាហ្នឹងសង្គមយើងសម្បូរសប្បាយ យើងមិនត្រូវចាត់ទុកខ្មែណាជាសត្រូវ”។

លោកអេង ឆៃអ៊ាង ផ្តល់សម្ភាសដល់អ្នកកាសែត នៅវិមានរដ្ឋសភា

លោកអេង ឆៃអ៊ាង មានប្រសាសន៍បន្តថា “បើយើងប្រើទៀត យើងបរាជ័យ យើងអត់ដល់គោលដៅ ព្រោះយើងប្រើអាហ្នឹង គេរំលាយគណបក្សយើង ដូច្នេះគោលដៅយើងមិនបរាជ័យ? អ៊ីចឹងយើងអត់ទៅខ្វល់ទេ យើងត្រូវដើរឆ្ពោះរកគោលដៅរបស់យើងដើរ ខ្ញុំគ្រាន់តែបញ្ចាក់ជូន វារួមផ្លូវដែលយើងដើរ ពីដើមវាធំ។ កាលពី២០១៣ ផ្លូវយើងដើរវាធំ មកដល់២០១៧ គេបង្រួមមួយចំនួន ហើយឥឡូវនេះ សម្រាប់២០១៨ វារួមទៀត។ អ៊ីចឹង ទោះជារួមក៏ដោយ យើងត្រូវតែដើរឱ្យដល់គោលដៅ”។សូមបញ្ជាក់ថា ការកែប្រែច្បាប់ស្តីពីគណបក្សនយោបាយជាថ្មីម្តងទៀតនេះ គឺធ្វើឡើងតាមសំណើរបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ ក្នុងពិធីរម្លឹកខួប៦៦ឆ្នាំ នៃការបង្កើតគណបក្ស ប្រជាជនកម្ពុជា ដែលរៀបចំឡើង កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ សម្តេចហ៊ុន សែន បានស្នើឱ្យរដ្ឋសភា ធ្វើវិសោធនកម្មសាជាថ្មី លើច្បាប់ស្តីពីគណបក្សនយោបាយ ដោយបន្ថែមខ្លឹមសារថា ទណ្ឌិត ឬអ្នកទោស មិនអាចយក ខ្លួនទៅភ្ជាប់ជាមួយគណបក្សនយោបាយ ដើម្បីធ្វើសកម្មភាពបានឡើយ។

ដោយឡែក កាលពីព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដែលមានការចូលរួមពីសមាជិកទាំង២គណបក្ស បានបើកកិច្ចប្រជុំពិភាក្សាលើសំណើសុំឱ្យកែប្រែច្បាប់ ស្តីពីគណបក្សនយោបាយនេះ ហើយគណៈកម្មាធិការអចិន្ត្រៃយ៍សម្រេចទទួលយកសំណើនេះ ទៅពិភាក្សាក្នុងកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧។

ទោះបីយ៉ាងណា សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ មកពីគណបក្សសង្គ្រោះជាតិ អះអាងថា នឹងមិនចូលរួមប្រជុំអនុម័តសេចក្តីស្នើច្បាប់នេះទេ។

ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងអ្នកនាំពាក្យតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នៅរដ្ឋសភា លោកយ៉ែម បុញ្ញឫទ្ធិ មានប្រសាសន៍ថា “ពាក់ព័ន្ធនឹងគណបក្សនយោបាយ យើងមានការជជែកគ្នា ហើយជាជំហររបស់គណបក្សសង្គ្រោះជាតិ យើងមិនគាំទ្រឱ្យបញ្ចូលរបៀបវារៈនោះ ក៏ដូចជាយកសេចក្កីស្នើច្បាប់នោះ មកពិភាក្សា ដោយយើងយល់ឃើញថា គោលនយោបាយធំៗដែលយើងធ្លាប់តែជជែកពិភាក្សា។ ទី១ យើងឮទាំងអស់គ្នា គឺគោលនយោបាយផ្សះផ្សាជាតិ។ ទី២ ការប្រកួតប្រជែងនយោបាយ។ ទី៣ ការប្រកួតប្រជែងតំណាងរាស្ត្រ ដើម្បីអភិវឌ្ឍប្រទេសជាតិយើង។ ដូច្នេះបើយើងពិនិត្យមើលទៅលើទស្សនវិស័យ ចក្ខុវិស័យ ទាំង៣ តម្រូវឱ្យយើងសិក្សាស៊ីជម្រៅពីបញ្ហាសង្គម ទៅលើប្រធានបទទី១ ដែលខ្ញុំលើកឡើងថា ការផ្សះផ្សាជាតិ ហើយដោយយោងទៅលើតថភាពជាក់ស្តែងនៃសង្គមយើងបច្ចុប្បន្ន នៅមានបញ្ហាច្រើន ដែលយើងគួរនាំគ្នាគិតពិចារណាពីការផ្សះផ្សាជាតិ ហើយការអភិវឌ្ឍជាតិ ក៏យើងត្រូវគិតគូរ ដែលយល់ឃើញថា អាទិភាពលើសេចក្តីស្នើច្បាប់ ពាក់ព័ន្ធនឹងគណបក្សនយោបាយ…”។

គួរបញ្ជាក់ថា សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ មានខ្លឹមសារដូចខាងក្រោម ៖

មាត្រាមួយ

ច្បាប់ស្តីពីគណបក្សនយោបាយ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រម លេខ ជស/ រកម/១១៩៧/០៧ ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៧ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៣១៧/ ០០៣ ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ ត្រូវបានធ្វើវិសោធនកម្មដូចតទៅ ៖

មាត្រា៦ថ្មី (ពីរ)

គ្រប់គណបក្សនយោបាយ មិនត្រូវធ្វើសកម្មភាពណាមួយដូចខាងក្រោម ៖

១.ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាដល់ឯកភាពជាតិ និងបូរណភាពដែនដី។

២.ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ។

៣.ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ។

៤.បង្កើតកងកម្លាំងប្រដាប់អាវុធ។

៥.ធ្វើការញុះញង់ ដែលអាចនាំឱ្យមានការបែកបាក់ជាតិ។

៦.ប្រើប្រាស់សារជាសំឡេង រូបភាព ឯកសារ ជាលាយលក្ខណ៍អក្សរ ឬសកម្មភាពរបស់ទណ្ឌិត ជាប់ទោសពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិម ដើម្បីជាផលប្រយោជន៍នយោបាយ សម្រាប់គណបក្សរបស់ខ្លួន។

៧.យល់ព្រមដោយចំហ ឬដោយតុណ្ហីភាព ឬឃុបឃិតជាមួយទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិម ឱ្យធ្វើសកម្មភាពណាមួយ ដើម្បីជាផលប្រយោជន៍នយោបាយសម្រាប់គណបក្សនយោបាយរបស់ខ្លួន។

៨.គាំទ្រ ឬរៀបចំផែនការ ឬឃុបឃិត ជាមួយរាល់បុគ្គលដែលធ្វើសកម្មភាពក្នុងគោលបំណងប្រឆាំងនឹងផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា ដូចមានចែងពីចំណុចទី១ ដល់ចំណុចទី៥ខាងលើ។

មាត្រា១១ថ្មី

គ្រប់គណបក្សនយោបាយ ត្រូវមានឈ្មោះ និងសញ្ញាសម្គាល់តាមការកំណត់ដូចខាងក្រោម ៖

១.ឈ្មោះជាអក្សរពេញ ជាអក្សរកាត់ និងសញ្ញាសម្គាល់របស់គណបក្សនយោបាយ ត្រូវតែខុសគ្នាពីឈ្មោះជាអក្សរពេញ ឬអក្សរកាត់ និងសញ្ញាសម្គាល់របស់គណបក្សនយោបាយនានា។

២.ឈ្មោះរបស់គណបក្សនយោបាយ មិនត្រូវធ្វើឡើងដោយគ្រាន់តែសម្រួលបន្តិចបន្តួច នៅលើឈ្មោះគណបក្សនយោបាយនានា ឬយកឈ្មោះរូបវ័ន្តបុគ្គលមកដាក់ឡើយ។

៣.សញ្ញាសម្គាល់របស់គណបក្សនយោបាយ មិនត្រូវចម្លង ឬយកតាមសញ្ញាជាតិ រូបភាពតំណាងឱ្យសាសនា ប្រាសាទអង្គរវត្ត ឬព្រះឆាយាល័ក្ខណ៍ ឬរូបសំណាករបស់ព្រះមហាក្សត្រខ្មែរគ្រប់អង្គ ឬរូបភាពរបស់រូបវ័ន្តបុគ្គល ឡើយ។

មាត្រា៤៤ ថ្មី (ពីរ)

ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត គណបក្សនយោបាយដែលបានប្រព្រឹត្តល្មើសនឹងមាត្រា៦ថ្មី (ពីរ) នៃច្បាប់នេះ និង មាត្រា៧ នៃច្បាប់ស្តីពីគណបក្សនយោបាយ តុលាការអាចសម្រេចដូចខាងក្រោម ៖

  • ផ្អាកសកម្មភាពគណបក្សនយោបាយ នោះមិនលើសពី៥ (ប្រាំ) ឆ្នាំ។
  • រំលាយគណបក្សនយោបាយនោះ។

មាត្រា៤៥ ថ្មី (ស្ទួន)

គណបក្សនយោបាយដែលបានសម្រេចផ្អាកសកម្មភាព មិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឡើយ។

ត្រូវលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ក្នុងករណីដែលគណបក្សនយោបាយនោះត្រូវបានសម្រេចផ្អាកសកម្មភាព ឬត្រូវបានសម្រេចរំលាយស្របតាមច្បាប់នេះ។

មាត្រា ៤៨ ថ្មី (ស្ទួន)

ចំពោះគណបក្សនយោបាយណាដែលមានឈ្មោះ ឬសញ្ញាសម្គាល់របស់គណបក្ស ជាឈ្មោះ ឬរូបភាពរបស់រូបវ័ន្តបុគ្គល ត្រូវធ្វើជាការផ្លាស់ប្តួរ ឈ្មោះ ឬសញ្ញាសម្គាល់ ឱ្យស្របតាមបទប្បញ្ញត្តិនៃច្បាប់នេះ ក្នុងរយៈពេល៩០ (កៅសិប) ថ្ងៃ យ៉ាងយូរ គិតចាប់ពីថ្ងៃដែលច្បាប់នេះចូលជាធរមាន។

មាត្រាពីរ

ច្បាប់នេះត្រូវប្រកាសជាការប្រញាប់៕

កុលបុត្រ

RELATED ARTICLES