នៅទីបំផុត ការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរថ្មី ដើម្បីជំនួសតំណែងលោកសុះ ម៉ាច ដែលផុតអាណត្តិនោះ គឺក្រុមសិល្បករខ្មែរបានជ្រើសរើសបោះឆ្នោតដ៍ច្រើនលើសលប់ទៅលើប្រធានសមាគមមិត្តអ្នកសិល្បៈស្ម័គ្រចិត្តជួយសង្គម គឺអ្នកនាងចន ច័ន្ទលក្ខិណា ដែលជាសង្សារលោកហេង ឡុង ហៅរ័ត្ន។ អ្នកនាងចន ច័ន្ទលក្ខិណា ទទួលបានសំឡេងឆ្នោតគាំទ្រ២៥៤សំឡេង, លោកអៀង ស៊ីធុល ទទួលបាន២៦សំឡេង ខណៈដែលលោកកុយ ស៊ីឌឿន ទទួលបាន១៨សំឡេង។
កម្មវិធីជ្រើសរើសអ្នកតំណាងសិល្បករខ្មែរថ្មីនេះ ក្រោមអធិបតីភាពឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន, ឯកឧត្តមជុំ កុសល ទីប្រឹក្សាសម្ដេចតេជោហ៊ុន សែន និងលោកឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ។
អ្នកនាងចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគមសិល្បៈករខ្មែរ បានឲ្យដឹងថា អ្នកនាងសប្បាយចិត្តក្រៃលែងដែលត្រូវតារាសិល្បករផ្ដល់ការទុកចិត្ត និងបោះឆ្នោតឲ្យធ្វើជាប្រធានថ្មីនេះ ហើយអ្នកនាងប្ដេជ្ញាថា នឹងគោរពតាមគោលការណ៍ទាំង៦ចំណុចរបស់អ្នកនាង ដែលយកមកទាក់ទាញនោះ មិនឲ្យចន្លោះប្រហោងឡើយ។
ចន ច័ន្ទលក្ខិណា ប្រាប់ថា ”ខ្ញុំមិនឲ្យគេជាន់ឈ្លីអ្នកសិល្បករយើងទេ ខ្ញុំមិនឲ្យពួកគាត់ឯកាទេ ខ្ញុំនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពចំពោះកិច្ចការនេះ ដើម្បីឲ្យសិល្បករយើងមានភាពថ្លៃថ្នូរ ហើយពួកយើងនឹងចូលរួមការងារសង្គមទាំងអស់គ្នា”។
អ្នកនាងចន ច័ន្ទលក្ខិណា និយាយថា នឹងបន្ដតួនាទីការគ្រប់គ្រងទាំងសមាគមសិល្បករខ្មែរ និងសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ឲ្យដំណើរការព្រមគ្នាតែម្ដង ព្រោះសមាគមទាំង២ មានគោលការណ៍ប្រហាក់ប្រហែលគ្នា តែមិនដូចគ្នាទាំងស្រុងនោះទេ។
ដោយឡែកអតីតប្រធានសមាគមសិល្បករខ្មែរ លោកសុះ ម៉ាច បានប្រាប់ថា លោកបានជួបផលវិបាកច្រើននៅពេលដែលឡើងកាន់តំណែង២អាណត្តិកន្លងមកនោះ ព្រោះថវិកាដែលនៅសល់ពីមុន ខាងសមាគមមិនបានទម្លាក់ឲ្យលោកធ្វើការទេ គឺលោកដំណើរការទាំងលំបាកលំបិនដោយសារតែមានការឧបត្ថម្ភពីស្បុរសជនប៉ុណ្ណោះ ហើយពេលនេះលោកអស់អណត្តិហើយ អីចឹងគឺដូចដកបន្លាពីទ្រូងចេញហើយ។
លោកសុះ ម៉ាច ប្រាប់បន្តថា ”នៅក្នុងអណត្តិខ្ញុំបានដឹកនាំនូវភាពគំរូជាច្រើន ហើយបានកៀងគរសិល្បករមកចូលរួមជាច្រើនគ្រប់បែបយ៉ាងដើម្បីសិល្បៈ ហើយនេះជាគំរូ១ ពេលនេះអ្នកសិល្បៈងាកមករួបរួមគ្នា។ ខ្ញុំសង្ឃឹមថា នៅអណត្តិទី៥នេះ ពួកគាត់នឹងងាកមកចូលរួមឡើងវិញហើយយើងធ្វើការដើម្បីផលប្រយោជន៍អ្នកសិល្បៈទាំងអស់គ្នា និងសង្គមជាតិ។ ទោះជាខ្ញុំចប់អណត្តិជាប្រធានសិល្បករមែន តែពេលនេះខ្ញុំមានតួនាទីជាប្រធានកិត្តិយសនៅសមាគមសិល្បៈអណត្តិទី៥នេះដែរ តាមការសំណូមពរពីសិល្បករយើង។ ខ្ញុំបានជួបផលវិបាកច្រើនណាស់ពេលដែលខ្ញុំដឹកនាំ តែយើងមានរឿងល្អច្រើនជាងរឿងមិនល្អ ហើយពេលនេះខ្ញុំប្រៀបបានការដកបន្លាចេញពីទ្រួងដែរ នៅពេលដែលខ្ញុំអស់អណត្តិនេះ។ ខ្ញុំគិតថា អ្នកនាងចន ច័ន្ទលក្ខិណាគាត់អាចមានសមត្ថភាពអាចដឹកនាំបានជាមិនខាន ហើយខ្ញុំចង់ឃើញអ្នកសិល្បករយើងរួមរួមគ្នា កុំឲ្យគេថាអ្នកសិល្បករខ្មែរយើងអាត្មានិយម និងគិតតែបង្អួតរឿងសម្ភារៈគ្នានោះ”។
គួរបញ្ជាក់ថា នេះជាអណត្តិទី៥ ដែលអ្នកនាងចន ច័ន្ទលក្ខិណា បានឡើងជាប្រធានសមាគមសិល្បករខ្មែរ បន្ទាប់ពីលោកសុះ ម៉ាច បានគ្រប់គ្រង២អណត្តិជាប់គ្នា គឺអណត្តិទី៣ និងទី៤ ចំណែកអណត្តិទី១ លោកអៀង ស៊ីធុល និងអណត្តិទី២ លោកមិញ សុធីវណ្ណ ខណៈដែលក្នុង១អណត្តិនៃការបោះឆ្នោតជ្រើសរើសប្រធានថ្មី មានរយៈពេល៣ឆ្នាំម្ដង។
ឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានសម្ដែងការអបអរសាទរចំពោះអ្នកនាងចន ច័ន្ទលក្ខិណា ដែលបានជាប់ឆ្នោតជាប្រធានសមាគមសិល្បករថ្មី ក្រោមសន្លឹកឆ្នោតនេះដែរ ហើយលោករដ្ឋមន្រ្ដីបានឧបត្ថមថវិកាដល់សមាគមសិល្បករខ្មែ ទឹកប្រាក់ចំនួន១០០០ដុល្លារផងដែរ៕