ភ្នំពេញ ៖ ចៅសង្កាត់ក្រមុំថ្មី នៃសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកពីគណបក្សសង្គ្រោះជាតិ កញ្ញាស៊ិន ចាន់ពៅរ៉ូហ្ស៊េត បានអរគុណលោកឈាង វុន ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា និងជាតំណាងរាស្ត្រ មណ្ឌល ខេត្តបាត់ដំបង ដែលបានឱ្យតម្លៃនាងស្មើតំណាងរាស្ត្រ។
កញ្ញារ៉ូហ្ស៊េត បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់នាង នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ ថា “ក្មួយសូមអរគុណលោកអ៊ំ ដែលឱ្យតម្លៃខ្ញុំស្មើនឹងតំណាងរាស្ត្រ តាមពិតខ្ញុំជាចៅសង្កាត់ទេ !
ដីក្រួសក្រហមមួយឡានតម្លៃ១០០$ (១៦ គីប) ដែលអ៊ុំមានប្រសាសន៍នេះ គឺជាថវិការបស់សប្បុរសជន ដែលរស់នៅទីក្រុងភ្នំពេញ បានរៃអង្គាសគ្នាផ្ញើមកឱ្យខ្ញុំ មិនមែនជាថវិកាបានមកពីថ្នាក់លើ ដូចអ៊ុំមានប្រសាសន៍នេះទេ”។
សំណេរក្នុងហ្វេសប៊ុករបស់កញ្ញាស៊ិន ចាន់ពៅរ៉ូហ្ស៊េត ចៅសង្កាត់អូរចារ ជាប់ឆ្នោតថ្មី មកពីគណបក្សសង្គ្រោះជាតិ ខាងលើនេះ បានធ្វើឡើងក្រោយពេលដែលលោកឈាង វុន តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានរិះគន់ចំពោះការងាររបស់កញ្ញាថា នាងដឹកដី ធ្វើផ្លូវដោយមិនមែនចិត្តស្មោះ ធ្វើឱ្យតែបានមិនគិតពីគុណភាពជាដើម។
លោកឈាង វុន ថ្លែងក្នុងសន្និសីទកាសែត នៅវិមានរដ្ឋសភា
លោកឈាង វុន អ្នកនាំពាក្យតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា នៅរដ្ឋសភា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយពីបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភា កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ ថា “ខ្ញុំឃើញហើយ តំណាងរាស្ត្រថ្មីមួយ នៅខេត្តបាត់ដំបង គាត់មិនសុំលុយនៅថ្នាក់ដឹកនាំ នៅលើនេះ ១០០ដុល្លារ ទៅដឹកបានដីក្រហម ១ឡាន យកទៅចាក់នៅឃុំអូរចារ ចុះហ្វេសប៊ុកផ្អើលគេផ្អើលឯង ហើយយកមនុស្សបីបួននាក់ កាន់ចបយកទៅកាយក្រួសក្រហមហ្នឹង មិនមែនបម្រើរាស្ត្រទេ មិនមែនទេ។ បម្រើរាស្ត្រទាល់តែ ផ្លូវហ្នឹងធ្វើឱ្យឡើង ឱ្យប្រជាពលរដ្ឋឆ្លងបានដើរស្រួល មិនមែនថា យកទៅកាយលំៗ ភ្លៀងមកផុងដល់ក្បាលជង្គង់ទេ។ អាហ្នឹង យើង និយាយឱ្យអស់។ អាហ្នឹងពាក្យថា ស្មោះត្រង់ កុំយកមតិសាធារណជនជាខែល”។
ចៅសង្កាត់ថ្មី កញ្ញាស៊ិន រ៉ូហ្ស៊េត បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ ថា នាងមិនទោមនស្សទៅនឹងអ្វីដែលលោកឈាង វុន បានមានប្រសាសន៍ទេ គ្រាន់តែនាងនឹកសោកស្តាយក្នុងចំណុចនេះដែរ ដែលក្នុងនាមជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង គាត់គួរតែពិនិត្យឱ្យគ្រប់ជ្រុងជ្រោយ មុននឹងរិះគន់មក លើនាង។
កញ្ញាស៊ិន រ៉ូហ្ស៊េត បានមានប្រសាសន៍ ថា “ចាស ! តាមពិតទៅ នៅពេលដែលគាត់ធ្វើសន្និសីទកាសែត ស្តីពីវិសោធនកម្មច្បាប់ហ្នឹង គឺខ្ញុំអត់បានដឹង អត់បានតាមដានទេ ដោយខ្ញុំរវល់មមាញឹកនឹងការងារពេក តាំងពីព្រឹក រហូតដល់យប់ បានចូលផ្ទះ។ ដល់ពេលយប់ចូលផ្ទះ ខ្ញុំពិនិត្យមើលក្នុងទំព័រហ្វេសប៊ុក ខ្ញុំផុសព័ត៌មានមានបងប្អូនយើងឆាតសួរ បានភ្ញាក់ព្រើត។ អ៊ីចឹងខ្ញុំ ក៏មិនទោមនស្សខឹងនឹងអ្វីដែលលោកអ៊ំ ឈាង វុន គាត់មានប្រសាសន៍ នៅក្នុងអំឡុង ពេលដែលគាត់ធ្វើសន្និសីទកាសែតហ្នឹងដែរ ដោយសារខ្ញុំគិតថា ប្រហែលជាគាត់មិនបាន ទទួលព័ត៌មានជាក់លាក់ ច្បាស់លាស់ណាមួយ ស្តីពីសកម្មភាពរបស់ខ្ញុំ នាពេលកន្លងមក ហើយជាពិសេស គឺសកម្មភាពរបស់ខ្ញុំ កាលពីថ្ងៃទី១៦ ខែមិថុនា ពេលដែលខ្ញុំមិនទាន់ប្រកាសចូលធ្វើការនៅឡើយផង ប៉ុន្តែជាទូទៅ គឺបងប្អូន តែងតែផ្ញើថវិកាតាមរយៈនាងខ្ញុំ ឱ្យនាងខ្ញុំ ធ្វើការងារមនុស្សធម៌ តាំងពីនាងខ្ញុំធ្វើការងារជាចៅសង្កាត់រងទី២ មកម៉្លេះ។ អ៊ីចឹងកាលពីថ្ងៃទី១៦ហ្នឹង ខ្ញុំក៏បាននាំយកថវិកាបងប្អូននៅភ្នំពេញ ដែលគាត់បានផ្ញើថវិកាឱ្យនាងខ្ញុំ ហើយថវិកាហ្នឹង គាត់បានរៃអង្គាសគ្នាម្នាក់បន្តិច ឱ្យនាងខ្ញុំ ៤០ម៉ឺន។ អ៊ីចឹងក៏ខ្ញុំគិតថា ជាការចាំបាច់ ខ្ញុំចង់យកទៅជួសជុលផ្លូវ ពីព្រោះផ្លូវប្រហែលជាសាមសែសិបម៉ែត្រហ្នឹង គឺបងប្អូនយើងគាត់លំបាកណាស់ ជាពិសេសគឺកុមារ ពេលដែលគាត់ឆ្លងកាត់ទៅសាលារៀន គឺគាត់តែងជិះកង់ដួល។ អ៊ីចឹងក៏យើងជួសជុលផ្លូវ មានន័យថា វាមិនបានល្អឥតខ្ចោះទេ គ្រាន់តែថា ជួយសម្រួលកន្លែងណាជង្ហុកហ្នឹង ឱ្យចាក់ដីបំពេញបន្ថែម។ ហើយជួសជុលផ្លូវទៀត មិនមែនតែថវិកា៤០ម៉ឺនហ្នឹងទេ ពាក្យថាចូលរួម គឺចូលរួមទាំងថវិកាផង ចូលរួមទាំងកម្លាំងផង ចូលរួមទាំងថែទាំទៀត។ ប៉ុន្តែពេលហ្នឹង យុវជននៅក្នុងជិតហ្នឹងច្រើននាក់ណាស់ បានមកជួយ ធ្វើឱ្យប្រជាពលរដ្ឋសប្បាយចិត្ត ធ្វើម៉េចថវិកាមិនបានច្រើន តែមានន័យថា គេធ្វើបុណ្យ។ ពាក្យថា ធ្វើបុណ្យ ធ្វើទានហ្នឹង មានតម្លៃណាស់ ព្រោះជាថវិកាដែលចេញមកពីកម្លាំងញើសឈាម ចេញមកពីកម្លាំងប្រាជ្ញាស្មារតី។ ប៉ុន្តែពេលដែលខ្ញុំពិនិត្យ លោកអ៊ំឈាង វុន ដែលជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង ហើយដែលអាចថា ជាឥស្សរជនរបស់គណបក្សកាន់អំណាច ក៏ថាបាន ជាពិសេស រាល់សកម្មភាពអី ឃើញតែគាត់នាំពាក្យសម្រាប់មុខមាត់គណបក្សកាន់អំណាច។ ប៉ុន្តែបើនៅក្នុងសន្និសីទកាសែត ដែលជាសន្និសីទកាសែតស្តីពីវិសោធនកម្មច្បាប់ទៅទៀត គាត់ចេញមុខនៅចំពោះមុខសារព័ត៌មានអន្តរជាតិ ហើយគាត់លើកពីករណីនាងខ្ញុំ វាដូចជាគាត់យកចិត្តទុកដាក់ ហើយខ្ញុំមានជំនឿថា បន្ទាប់ពីខ្ញុំពន្យល់គាត់ ឱ្យលោកឈាង វុន គាត់បានយល់ថា ថវិកាដែលខ្ញុំបានហ្នឹង មិនមែនជាថវិការបស់ថ្នាក់លើទេ ជាថវិការបស់សប្បុរសជន ហើយវាមិនអាចថាផ្លូវហ្នឹងមានគុណភាពទេ ប៉ុន្តែវាអាចជួយសម្រួលបងប្អូន ដោយសារផ្លូវហ្នឹងវាយ៉ាប់យូរណាស់ហើយៗប្រជាពលរដ្ឋមិនដឹងទៅរំពឹងលើអ្នកណា។ អ៊ីចឹងហើយ គួរណាស់គាត់ជាតំណាងរាស្ត្របាត់ដំបង គាត់ចូលរួមថ្លែងអំណរគុណ ឬមួយក៏ធ្វើលិខិតថ្លែងអំណរគុណទៅសប្បុរសជននានា ដែលគាត់ចូលរួមតាមរយៈនាងខ្ញុំហ្នឹង ព្រោះគាត់ជាតំណាងរាស្ត្របាត់ដំបង មិនមែនតំណាងរាស្ត្រឱ្យបក្សទេ គឺតំណាងរាស្ត្រ ឱ្យប្រជាពលរដ្ឋនៅបាត់ដំបង។ អ៊ីចឹងកន្លែងណាដែលប្រជាពលរដ្ឋមានការចូលរួមកសាង ចូលរួមស្ថាបនា គួរណាស់គាត់សប្បាយចិត្ត ហើយធ្វើលិខិតថ្លែងអំណរគុណ។ ប៉ុន្តែខ្ញុំជឿជាក់ថា ដោយសារគាត់អត់បានតាមដានព័ត៌មានទាំងអស់។ បានន័យថា ខ្ញុំមិនខឹងនឹងលោកអ៊ំឈាង វុន ទេ ហើយក៏មិនបានចាប់អារម្មណ៍រឿងហ្នឹងដែរ ពីព្រោះរឿងដែលគាត់និយាយថា រឿងដី១ឡាន កក្រើកពេញហ្វេសប៊ុក តាមពិតហ្វេសប៊ុកខ្ញុំផ្សព្វផ្សាយ តាំងពីឆ្នាំ២០១២ ហើយយើងផ្សព្វផ្សាយទាំងវីដេអូ Live ផ្ទាល់ ហើយមានទាំងការនិយាយដោយខ្លួនខ្ញុំផ្ទាល់ ប៉ុន្តែដោយគាត់អត់បានរក ប្រភពព័ត៌មានច្បាស់លាស់ ពីសាមីខ្លួនរបស់ខ្ញុំ ដែលផុសនៅក្នុងហ្វេសប៊ុករបស់ខ្ញុំ គាត់គ្រាន់តែយករូប ហើយទៅសន្និដ្ឋាន ដោយអត់បានផ្ទៀងផ្ទាត់វីដេអូរបស់គេ ដែលគេនិយាយហ្នឹង អាហ្នឹងធ្វើឱ្យគាត់រងគ្រោះ ហើយកាលណាគាត់និយាយមិនការពិត វាប្រឈមនឹងការត្មះដៀលពីមហាជន ដែលនៅក្នុងបណ្តាញសង្គមហ្នឹង។ អ៊ីចឹងកុំខឹងគេ កុំអីគេ ពីព្រោះធម្មតា មនុស្សណាក៏ដោយ ក៏គេមានអ្នកគាំទ្ររបស់គេដែរ ទាំងមនុស្សល្អ ទាំងមនុស្សអាក្រក់ ហើយ តែងតែមានការគាំទ្រទាំងអស់គ្នា។ ជាពិសេស ថ្នាក់ដឹកនាំជាតិ ថ្នាក់ដឹកនាំកំពូលហ្នឹង មុននឹងគាត់បង្ហើរពាក្យអីមួយ សូមឱ្យគាត់ហ្នឹងពិនិត្យ រកប្រភពឱ្យច្បាស់លាស់ ព្រោះចៀសវាងមានការប្រមាថមើលងាយពីអ្នកដទៃ ដែលគេមិនពេញចិត្តនឹងសម្តីដែលគាត់មានប្រសាសន៍ក្នុងពេលកន្លងមកហ្នឹង។ ប៉ុន្តែសម្រាប់ខ្លួនខ្ញុំផ្ទាល់ គឺខ្ញុំមិនខឹងទេ ហើយមិនចាប់អារម្មណ៍ទេ”។
គួរបញ្ជាក់ថា ក្រោយប្រកាសសុពលភាពមកទល់ពេលនេះ កញ្ញាស៊ិន រ៉ូហ្ស៊េត បានឡើងកាន់តំណែងជាចៅសង្កាត់ អូរចារ ក្រុងបាត់ដំបង បាន២ថ្ងៃហើយៗនាងថារវល់ណាស់ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ដូចជាការធ្វើលិខិតស្នាមផ្សេងៗ ដោយមិនយកម្រៃជាដើម ដែលធ្វើឱ្យនាងពេញចិត្តនឹងការងារនេះ ហើយតាំងចិត្តបម្រើពួកគាត់ឱ្យអស់ពីលទ្ធភាព និងប្រកបដោយភាពស្អាតស្អំ៕
កុលបុត្រ