Monday, November 25, 2024
Homeនយោបាយមេបក្សសម រង្ស៊ី ជួបលោកគឹម សុខ នៅគុកព្រៃស

មេបក្សសម រង្ស៊ី ជួបលោកគឹម សុខ នៅគុកព្រៃស

ភ្នំពេញ ៖ ប្រធានគណបក្សសម រង្ស៊ី និងជាសមាជិកព្រឹទ្ធសភា លោកទាវ វណ្ណុល កាលពីព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ បានចូលសួរសុខទុក្ខលោកគឹម សុខ នៅមណ្ឌលអប់រំកែប្រែទី១ (ម១) ឬពន្ធនាគារព្រៃស បន្ទាប់ពីបានដាក់ពាក្យស្នើសុំទៅព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៧។

លោកទាវ វណ្ណុល បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ ថា ការដែលលោកចូលសួរសុខទុក្ខលោកគឹម សុខ មិនមែនក្នុងន័យនយោបាយទេ គឺគ្រាន់តែចង់ដឹងពីសុខទុក្ខរបស់លោកធម្មតា និងនាំយក អំណោយសប្បុរសជនទៅជូនលោកគឹម សុខ ផង។

លោកទាវ វណ្ណុល

លោកទាវ វណ្ណុល បានមានប្រសាសន៍ថា “បាទ! ហ្នឹងហើយ ព្រឹកមិញហ្នឹង ខ្ញុំបានទៅចូលសួរសុខទុក្ខ លោកគឹម សុខ នៅក្នុងពន្ធនាគារ ហ្នឹង ហើយសុខភាពរបស់គាត់មិនអីទេ គាត់ស្រកទម្ងន់បន្តិច ហើយហេតុដែលស្រកទម្ងន់ ហ្នឹង គាត់ថា ដោយសារពន្ធនាគារមានភាពចង្អៀតបន្តិច ដោយសារក្នុងពេលថ្មីៗនេះ ខាងអាជ្ញាធរហ្នឹងបានបង្ក្រាបគ្រឿងញៀន ហើយមានទណ្ឌិតដែលមកពីខាងគ្រឿងញៀនហ្នឹង បុកចូលបន្ថែម។ ដល់អ៊ីចឹងទៅ វាធ្វើឱ្យកន្លែង ហ្នឹងមានការចង្អៀត បើយើងនិយាយឱ្យស្រួលស្តាប់ថា វាលើសចំនួនអ្នកដែលត្រូវនៅក្នុងបន្ទប់ នីមួយៗហ្នឹង ហើយផ្នែកមួយទៀត គាត់មានការពិបាកក្នុងការដកដង្ហើម ដោយសារមានទណ្ឌិតមួយចំនួនហ្នឹង គាត់បានពិសាបារី ស្ទើរតែទាំងអស់ គឺ២៥នាក់នោះ មាន២៣នាក់ជក់ អត់តែ២នាក់។ ដល់អ៊ីចឹងទៅ បរិយាកាសផ្សែងនៅក្នុងបន្ទប់ហ្នឹង ធ្វើឱ្យមានការថប់ដង្ហើម ធ្វើឱ្យសុខភាពគាត់មានការធ្លាក់ចុះមួយផ្នែក។ លើសពីហ្នឹងទៀត គាត់ថា វាមានបញ្ហាខាងផ្នែកបណ្ណាល័យមាន២ ហើយអគារដែលគាត់នៅហ្នឹង វាប៉ះនឹងបណ្ណាល័យមួយ ដែលវាអត់មានសៀវភៅ ដែលគាត់ត្រូវការអាន ប៉ុន្តែលោកនាយករងនៃពន្ធនាគារហ្នឹង លោកបានចូលទៅស្តាប់ដែរ។ អ៊ីចឹងលោកថា ចាំលោកសម្របសម្រួលថា គាត់ចង់បានសៀវភៅអី អត់មាននៅក្នុងបណ្ណាល័យមួយទៀត ដែលអាចនឹងឱ្យ គេយកមកជូនលោកគឹម សុខ ហ្នឹង គាត់អាន។ លើសពីនេះហ្នឹង គាត់រអ៊ូពីខាងប៉ូលិសហ្នឹង ទាមទារយកឯកសារមួយចំនួន ដែលជារបស់គាត់ផ្ទាល់ ដូចជារឿងកំណត់ហេតុ ដែលគាត់ត្រូវរៀបចំ ដើម្បីឡើងតុលាការនិយាយអំពី ថ្ងៃខែមួយចំនួន ដែលគាត់បានធ្វើកំណត់កត់ត្រាហ្នឹង ត្រូវបានប៉ូលិសដកហូត អាហ្នឹងបំពានទៅលើសិទ្ធិរបស់គាត់ ដែលជាចុងចោទ។ ហើយគាត់ដូចជាមិនមានផ្តាំផ្ញើអីទៀតទេ ប៉ុន្តែពាក្យដែលគាត់ប្រាប់ខ្ញុំ គាត់ថារឿងពន្ធនាគារ វាមិនមែនជារឿងបញ្ហាទេ រឿងបញ្ហាគឺប្រព័ន្ធយុត្តិធម៌នៅក្នុងប្រទេសកម្ពុជាយើង ដែលជាបញ្ហា។ គាត់ថាអ្វីៗ អ្នកដែលនៅពន្ធនាគារ គ្រាន់តែជាកន្លែងទទួលបញ្ជាពីខាងតុលាការមក ដើម្បីឃុំឃាំងគាត់តែប៉ុណ្ណឹងទេ ប៉ុន្តែរឿង ដែលគាត់ពិបាកទទួលយកបាន គឺប្រព័ន្ធយុត្តិធម៌ ដូចក្នុងពន្ធនាគារ ដែលលើសពីច្បាប់អនុញ្ញាតឱ្យឃុំ គាត់ហ្នឹង ហើយគាត់បាននិយាយថា ទោសគាត់បរិហារកេរ្តិ៍ហ្នឹង វាជាទោសមជ្ឈិម អ៊ីចឹង វាត្រូវជាប់ក្នុងរយៈពេល១ខែ ទៅ១ឆ្នាំ ហើយ បើនៅក្នុងការស៊ើបអង្កេត បើមិនទាន់កាត់ទោស គឺវាត្រូវតែឃុំខ្លួនគាត់តែពាក់កណ្តាលនៃកំណត់ ដែលត្រូវជាប់ទោសតិចបំផុត មានន័យថា ៣ខែ”។

លោកទាវ វណ្ណុល មានប្រសាសន៍បន្តថា “ទី១ ខ្ញុំទៅហ្នឹង ដោយខ្ញុំមានថវិកាមួយចំនួន ដែលបងប្អូនយើងនៅនាយសមុទ្រហ្នឹង គាត់មានការស្រលាញ់រាប់អានគាត់ ហើយគេពឹងខ្ញុំឱ្យចូលសួរសុខទុក្ខគាត់ជំនួសគេ។ អ៊ីចឹងបាន ខ្ញុំទៅជួបគាត់ហ្នឹង ហើយទី២ដែរ ក្នុងនាមខ្ញុំជាព្រឹទ្ធសមាជិក ហើយជាពិសេស ប្រធានគណៈកម្មការទី១ អ៊ីចឹងចង់ចូលទៅសួរសុខទុកគាត់ដែរ ដើម្បីស្វែងយល់ពីការរស់នៅរបស់គាត់ នៅក្នុងពន្ធនាគារហ្នឹង។ ខ្ញុំមានតែសំណូមពរ ឱ្យខាងពន្ធនាគារហ្នឹង ធ្វើម៉េចរៀបចំកន្លែង អ្នកជក់បារីហ្នឹង គាត់អាចចេញទៅជក់នៅខាងក្រៅ ពីការជក់ហ្នឹង ទោះបីមិនជក់ហ្នឹង ក៏វាធ្វើឱ្យប៉ះពាល់ដល់សុខភាព អ្នកដែលមិនជក់ទៅទៀត”។

លោកគឹម សុខ

ការចូលសួរសុខទុក្ខពីសំណាក់លោកទាវ វណ្ណុល បានធ្វើឡើងក្រោយពេលដែលតុលាការកំពូល កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧ បានបដិសេធបណ្តឹងសាទុក្ខចំនួនពីររបស់លោកគឹម សុខ អ្នកវិភាគនិងឃ្លាំមើលសង្គម ដែល ទាមទារឱ្យសម្តេចហ៊ុន សែន ជាដើមបណ្តឹង មកតទល់ជាមួយលោកនៅតុលាការ និងបណ្តឹង មួយទៀត គឺការសុំនៅក្រៅឃុំ។

ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូលលោកស្រីគឹម សុត្ថាវី បានបដិសេធបណ្តឹង សុំនៅក្រៅឃុំ របស់លោកគឹម សុខ ដោយសំអាងថា ការសម្រេចរបស់តុលាការជាន់ទាប ដែលមិនឱ្យលោកគឹម សុខ នៅក្រៅឃុំនោះ ធ្វើឡើងត្រឹមត្រូវតាមនីតិវិធី។ ចំណែកបណ្តឹងសាទុក្ខ របស់លោកគឹម សុខ ដែលទាមទារឱ្យតុលាការ កោះហៅសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មកតទល់ក្តីជាមួយនោះ ក៏ត្រូវបានប្រធានក្រុមប្រឹក្សាជំនុំជំម្រះនៃតុលាការកំពូល លោកឃឹម ប៉ុណ្ណ សម្រេចបដិសេធ ដោយសំអាងថា បណ្តឹងនោះ ធ្វើឡើងពុំមានមូលហេតុត្រឹមត្រូវ។

ជាមួយគ្នានោះដែរ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅតុលាការកំពូល នៅថ្ងៃនោះ លោកគី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ការដែលតុលាការកំពូលសម្រេចមិនឱ្យលោក គឹម សុខ នៅក្រៅឃុំ ដោយសារលោកគឹម សុខ ចេះតែព្យាយាមបង្កើតបទល្មើសបន្ថែម និងបង្កបញ្ហាធ្វើឱ្យចលាចលនៅក្នុងសង្គម។ រីឯការដែលតុលាការបដិសេធ មិនឱ្យដើមបណ្តឹងមកតទល់ជាមួយ ដោយសារលោកគឹម សុខ ក៏ដូចជា មេធាវីរបស់គឹម សុខ មិនបានបញ្ជាក់អំពីសំអាងហេតុច្បាស់លាស់។

ទោះបីយ៉ាងណា លោកជូង ជូងី មេធាវីការពារក្តីឱ្យលោកគឹម សុខ បានសម្តែងការខកចិត្តចំពោះការសម្រេចរបស់តុលាការកំពូល ដោយថា មិនបានផ្តល់យុត្តិធម៌ឱ្យកូនក្តីរបស់លោកឡើយ។

គួររំលឹកថា លោកគឹម សុខ ដែលជាអ្នកតាមដានបញ្ហាសង្គមនិងនយោបាយ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ និងឃុំខ្លួនបណ្តោះអាសន្ន ក្រោមបទចោទ “បរិហារកេរ្តិ៍ជាសាធារណៈ” និងបទ “ញុះញង់ឱ្យមានភាពវឹកវរ ដល់សន្តិសុខសង្គម” តាមពាក្យបណ្តឹងរបស់លោកគី តិច ដែលជាមេធាវីតំណាង ដោយអាណត្តិរបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដោយសារតែលោកគឹម សុខ បានចោទថា គណបក្សប្រជាជនកម្ពុជា នៅពីក្រោយខ្នងនៃអំពើឃាតកម្ម លើលោកកែម ឡី។ ឯបណ្តឹងមួយទៀត ពាក់ព័ន្ធនឹងការលើកឡើងរបស់លោកគឹម សុខ ថា រដ្ឋាភិបាលបច្ចុប្បន្នបានបង្កើតប្រព័ន្ធមួយសម្លាប់មនុស្សហើយរកឃាតករមិនឃើញ ៕

កុលបុត្រ

RELATED ARTICLES