Wednesday, January 22, 2025
Homeព័ត៌មានជាតិប្រាសាទសំបូរព្រៃគុក កសាងក្នុងរជ្ជកាលព្រះបាទឥសានវរ្ម័នទី១ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក

ប្រាសាទសំបូរព្រៃគុក កសាងក្នុងរជ្ជកាលព្រះបាទឥសានវរ្ម័នទី១ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក

ប្រាសាទសំបូរព្រៃគុក ត្រូវបានកសាងឡើងនៅរជ្ជកាលស្តេចឥសានវរ្ម័នទី១ ក្នុងស.វទី៧ រមណីយដ្ឋាននេះជាប្រភេទរមណីយដ្ឋានវប្បធម៌ និងប្រវត្តិសាស្ត្រ ដែលមានទីតាំងនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ដែលមានចម្ងាយផ្លូវ៣៧គ.ម ពីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦៤ បត់ស្តាំតាមសាលាវិស័យ កាត់តាមផ្លូវបុសស្រមោច។

រមណីយដ្ឋានសំបូរព្រៃគុក ជារាជធានីចាស់ឈ្មោះឥសានបុរៈ ពីសម័យនោះជាមជ្ឈមណ្ឌលនៃសាសនា ឧទ្ទិសថ្វាយសិវៈនិយម។ ក្រុមប្រាសាទនេះ សាងសង់អំពីឥដ្ឋតាន់ និងថ្មបាយក្រៀមខ្លះ ដែលលំអដោយចំលាក់ពីលើឥដ្ឋ ឬចាក់គុម្ពដោយបាយអជាផ្ទាំងៗលើជញ្ជាំងឥដ្ឋ តែត្រូវរបេះអស់។ ក្បាច់ផ្តែរ និងសរសេរពេជ្រ ប្រអប់ទាវរធ្វើអំពីថ្មភក់ទាំងអស់។

ក្រុមប្រាសាទសំបូរព្រៃគុក ត្រូវបានបោះបង់ចោលតាំងពីឆ្នាំ១៩៧១មកម៉្លេះ ហើយត្រូវបានរៀបចំសាជាថ្មីនៅឆ្នាំ១៩៨០។ ក្នុងការកាប់ស្តារព្រៃ គេរកឃើញប្រាសាទទាំងអស់ចំនួន១៤០ប្រាសាទ ហើយនៅប្រាសាទ២ទៀត រកមិនទាន់ឃើញ។

រមណីយដ្ឋានសំបូរព្រៃគុ កចែកចេញជា៤ក្រុមធំៗ គឺ

-ក្រុមប្រាសាទខាងជើង ៖ ហៅថាប្រាសាទសម្បូរនៅចំកណ្តាល និងព័ទ្ធជុំវិញដោយប្រាសាទតូចៗជាច្រើនប្លែកៗគ្នា។

-ក្រុមប្រាសាទកណ្តាល ៖ ហៅថាប្រាសាទគោ ប្រាង្គប្រាសាទកណ្តាលមានទ្វារចូលពីខាងជើង ឯទ្វារបីទិសទៀតជាទ្វារបញ្ឆោត។ នៅគ្រប់ក្បាលជណ្តើរទាំង៤ មានរូបតោអង្គុយបញ្ឈរជង្គង់ពីរ ក្នុងទិសនីមួយៗ “ហៅថាទេវកថា”។ នៅភាគខាងលិចនៃប្រាសាទតោមានក្រុមប្រាសាទតូចៗមួយចំនួនទៀត។

-ក្រុមប្រាសាទខាងត្បូង ៖ ហៅថា ប្រាសាទយាយព័ទ្ធ ដែលស្ថិតនៅចំកណ្តាល ហ៊ុំព័ទ្ធដោយប្រាសាទជាច្រើនមានកំពែងពីរជាន់ ដែលកំពែងខាងក្នុងមានគោបុរៈចូលទាំង៤ទិស។ ក្រុមប្រាសាទនេះ ជាអតីតរាជធានី។

-ក្រុមប្រាសាទក្រោលរមាស ៖ មានទីតាំងនៅខាងជើងប្រាសាទសំបូរព្រៃគុក មានតួប្រាសាទតូចៗ ធ្វើអំពីឥដ្ឋ និងខាងលិចមានប្រាសាទមួយធ្វើអំពីថ្មបាយក្រៀម។

កាលពីវេលាម៉ោង៩និង៤០នាទី (ម៉ោងនៅកម្ពុជា) យប់ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០១៧  “ប្រាសាទសំបូរព្រៃគុក” ត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោក នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការ បេតិកភណ្ឌពិភពលោក នៅទីក្រុង Krakow ប្រទេសប៉ូឡូញ។

ការសម្រេចបញ្ចូលប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភ័ណ្ឌនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោកដែលប្រារព្ធឡើងកាលពីថ្ងៃទី០២-១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមាន១៩៣ប្រទេសជាសមាជិក និង២១ប្រទេសជាគណៈកម្មាធិការអចិន្ត្រៃយ៍ បានសម្រេចអនុម័តបញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក។

RELATED ARTICLES