មុននេះមានការភ្ញាក់ផ្អើលខ្លាំងថា តារាឈានមុខគេរបស់ផលិតកម្មរស្មីហង្សមាស លោកព្រាប សុវត្ថិ នឹងត្រូវចាប់ដៃគូជាមួយឱក សុគន្ធកញ្ញា ថតរឿងភាគថ្មីមួយរបស់ទូរទស្សន៍ហង្សមាស ដោយអ្នកទាំង២ គឺជាតួឯកប្រុសស្រី នាំឱ្យក្រុមតារាចម្រៀងក្មេងៗរបស់ហង្សមាស មិនតិចទេជ្រួលច្របល់ពេញផលិតកម្ម ដោយអ្នកខ្លះថា ពេលនេះហង្សមាស នៅតែចាត់ទុកព្រាប សុវត្ថិ និងឱក សុគន្ធកញ្ញា តួឯកទាំងចម្រៀង និងភាពយន្តរបស់ផលិតកម្មនេះ ដដែល…។
ព្រាប សុវត្ថិ នៅតែរក្សាជាតារាចម្រៀងប្រុសនាំមុខគេ នៅផលិតកម្មរស្មីហង្សមាស ដដែល នៅឆ្នាំ២០១៧នេះ ក្រោយពីផ្ទុះបទចូលឆ្នាំខ្មែរ ដែលជាការនិពន្ធរបស់ DJ ក្តឹប គឺបទ “រាំអីចេះ” នោះមក មិនមានតារាចម្រៀងណាអាចផ្តួលតារាជើងចាស់នេះបានទេ រយៈពេល១៧ឆ្នាំនេះ ទោះបីជាអ្នកចម្រៀងផលិតកម្មសាន់ដេ លោកខេមរៈ សិរីមន្ត ហាក់តាមប្រកៀកប្រកិតក្តី។
តាមប្រភពថា ដើម្បីឱ្យព្រាប សុវត្ថិ កាន់តែរក្សាលំនឹងបានតទៅទៀត ហើយជាការលើកទឹកចិត្តនៅពេលដែលលោកបានប្តូរចិត្តបន្តរួមរស់ជាមួយហង្សមាស តទៅទៀត ដោយធីបចោលផលិតកម្មថោន នោះ ទើបពេលនេះហង្សមាស កំពុងតែរៀបចំឱ្យលោកចូលទៅសម្តែងរឿងភាគថ្មីរបស់ទូរទស្សន៍ហង្សមាស ដោយលោកសុវត្ថិ ជាតួឯកប្រុស ត្រូវចាប់ដៃគូជាមួយតួឯកស្រី ឱក សុគន្ធកញ្ញា។
ប្រភពបានឱ្យដឹងថា ថ្វីត្បិតតែពេលនេះ ព្រាប សុវត្ថិ មានអាយុជាង៤០ឆ្នាំក្តី តែហង្សមាស នៅតែផ្តល់តំណែងជាតួឯកឱ្យលោកដដែល ដែលខុសពីពេជ្រ សោភា ដែលកំពុងតែថតរឿង “បិសាចគួរឱ្យស្រលាញ់” នោះ ក្លាយទៅជាម្តាយគេទៅហើយ។
អ្នកយកព័ត៌មានយើងបានព្យាយាមទាក់ទងទៅអ្នកដឹកនាំសម្តែងជាច្រើននាក់ របស់ផលិតកម្មរស្មីហង្សមាស ដើម្បីសាកសួរពីការថតភាពយន្តនេះ តែត្រូវបានក្រុមជំនាញទាំងនោះ និយាយដូចគ្នាថា មិនហ៊ានប្រាប់ ខ្លាចមេខឹង។ ប៉ុន្តែ មានអ្នកដឹកនាំសម្តែងល្បីឈ្មោះម្នាក់ បានបង្ហើបដោយសុំមិនបញ្ចោញឈ្មោះថា ព្រាប សុវត្ថិ កំពុងតែស្ថិតក្នុងគម្រោងដែលទូរទស្សន៍ហង្សមាស ដាក់ឱ្យសម្តែងជាតួឯកនៅរឿងថ្មី មួយមែន តែមិនទាន់ដឹងចំណងជើងទេ។ អ្នកដឹកនាំសម្តែងនោះបញ្ជាក់ថា “តាមដឹង ព្រាប សុវត្ថិ គាត់សម្តែងរឿងក្រោយ ហើយធម្មតាទេហង្សមាស នៅតែចាត់ទុកគាត់ជាតួឯកអីចឹង ទោះជាចម្រៀង ការថតកុន ក៏ដោយ ទៅទម្លាក់គាត់ម៉េចកើតទៅ បើតារាទាំងអស់របស់ហង្សមាស មានអ្នកណាលើគាត់ទៅ? តែខ្ញុំយល់ថា ព្រាប សុវត្ថិ មិនអាចលេងជាមួយឱក សុគន្ធកញ្ញា ទេ ព្រោះដូចដឹងហើយ គាត់មានត្រូវគ្នាឯណា?”។
ព្រាប សុវត្ថិ ធ្លាប់មានព័ត៌មានថា មិនសូវត្រូវគ្នាជាមួយកញ្ញាឱក សុគន្ធកញ្ញា ឡើយ ដោយសារតែពេលសុគន្ធកញ្ញា ឡើងកូដខ្លាំង ហើយពេលព្រាប សុវត្ថិ ចុះខ្សោយកាលពីឆ្នាំមុននោះ មានព័ត៌មានថា សុគន្ធញ្ញា មិនចង់ចាប់ដៃជាមួយសុវត្ថិ។ ប៉ុន្តែ ដើម្បីប្រឆាំងនឹងរឿងដែលថា ព្រាប សុវត្ថិ និងឱក សុគន្ធកញ្ញា មិនសូវស៊ីចង្វាក់គ្នានោះ ហង្សមាស បានពឹង DJ ក្តឹប ឱ្យធ្វើបទ “រាំអីចេះ” តម្រូវឱ្យអ្នកទាំង២ ច្រៀងរាំជាមួយគ្នាឡើងវិញ ព្រោះចង់បន្សាបពាក្យចចាមអារ៉ាមផ្សេងៗដែលថា ព្រាប សុវត្ថិ និងឱក សុគន្ធកញ្ញា អត់ត្រូវគ្នានោះ ហើយនៅចុងក្រោយ ស្រាប់តែគេឃើញលោកសុវត្ថិ និងសុគន្ធកញ្ញា ច្រៀងរាំជាមួយគ្នាជាធម្មតាវិញហើយ។ ប៉ុន្តែដើម្បីឱ្យទស្សនិកជនមួយចំនួននៅតែមានចម្ងល់ថា តើព្រាប សុវត្ថិ និងឱក សុគន្ធកញ្ញា ពិតជាមិនមានបញ្ហាជាមួយគ្នាមែនឬអត់ ទើបពេលនេះហង្សមាស ចង់ឱ្យតារាជួរមុខទាំង២ របស់ខ្លួនសម្តែងរឿងភាគថ្មី ដោយចាប់ដៃគ្នាជាតួឯកប្រុសស្រី ដើម្បីឱ្យទូរទស្សន៍របស់ខ្លួន មានការចាប់អារម្មណ៍ច្រើនពីមហាជន តែបែរជា អ្នកដឹកនាំសម្តែងម្នាក់បានសួរបញ្ច្រាសមក អ្នកយកព័ត៌មានយើងវិញថា តើឱ្យព្រាប សុវត្ថិ និងឱក សុគន្ធកញ្ញា ថតកុនជាមួយគ្នាម៉េចកើតទៅ បើតារាទាំង២ មិនដែលត្រូវគ្នាផងហ្នឹង?
ព្រាប សុវត្ថិ ធ្លាប់ជោគជ័យខ្លាំងនៅពេលហង្សមាស បានផ្តល់តំណែងជាតួឯកក្នុងរឿង “នេសាទក្រពើ” ដោយតារាល្បីល្បាញរូបនេះ បានចាប់ដៃគ្នាជាមួយស៊ឹម សូលិកា ហើយអ្នកទាំង២ លេងជាមួយគ្នាយ៉ាងស៊ីចង្វាក់ ដែលរហូតមកដល់ពេលនេះ ហង្សមាស នៅតែយករឿងនោះ មកចាក់បញ្ចាំង យកលុយតាមរោងកុន។ ចំណែកកាលពីឆ្នាំមុននេះ ព្រាប សុវត្ថិ ក៏ចូលរួមសម្តែងភាពយន្តទី២ របស់ខ្លួន គឺរឿង “ធ្លាប់ស្រលាញ់ខ្ញុំទេ?” របស់ផលិតកម្មមួយ ហើយលោកសុវត្ថិ សម្តែងជាតួឯកប៉ះជាមួយកែវ ស្រីនាង ដោយទទួលបានការគាំទ្រច្រើនដែរ ដែលធ្វើឱ្យមហាជនជាច្រើនសរសើរព្រាប សុវត្ថិ ជាខ្លាំងថា ទោះជាច្រៀងក៏ជោគជ័យ សម្តែងក៏ជោគជ័យដែរ គឺពិតជាពិបាករកតារាណាមកជំនួសព្រាប សុវត្ថិ បានមែន ហេតុនេះហើយបានជាហង្សមាស នៅតែចាត់ទុកលោកជាគ្រាប់ពេជ្រ របស់ហង្សមាស។
ព្រាប សុវត្ថិ មានបទចម្រៀងលើថាសហង្សមាស ជាង៣ពាន់បទ ហើយមហាជនគ្រប់ស្រទាប់បាន ស្រលាញ់ចូលចិត្តលោក តាំងពីល្បីបទ “អូនជាបេះដូងបង” កាលពីឆ្នាំ១៩៩៧មក។
តាមព័ត៌មានថា ពេលនេះព្រាប សុវត្ថិ ជំរុញឱ្យកូនប្រុសរបស់លោក២នាក់ បានចូលហង្សមាស គឺសុវត្ថិ មុនីវណ្ណ និងសុវត្ថិ សិរីវុធ ដើម្បីស្នងតំណែងរបស់លោក ខណៈដែលពួកគេសុទ្ធតែមានដុងសិល្បៈចម្រៀងពីឪពុក ហើយថែមទាំងមានរូបរាងសង្ហាទៀតផង។
ប្រភពពីអ្នកដឹកនាំការប្រគំតន្ត្រីធំៗ បានឱ្យដឹងថា ព្រាប សុវត្ថិ នៅតែជាអ្នកចម្រៀងម្នាក់ ដែលមានតម្លៃខ្លួនខ្ពស់ជាងគេដដែល គិតត្រឹមឆ្នាំ២០១៧នេះ គឺច្រៀងមួយកម្មវិធី ស៊ីថ្លៃចាប់ពី៣ពាន់ដុល្លារឡើង ហេតុនេះហើយក្នុងរដូវក្តៅកន្លងមក តារាហង្សមាស រូបនេះ កើបលុយបានរាប់សែនដុល្លារ។
ទស្សនិកជនជាច្រើននិយាយថា ព្រាប សុវត្ថិ ដែលក្លាយទៅជាតារាចម្រៀងយុគសម័យថ្មី ល្បីបានយូរជាងគេបែបនេះ ដោយសារតែលោកជាតារាដែលមានចរិតមិនចេះឆ្មើងឆ្មៃ និងមានភាពស្និទ្ធស្នាលជាមួយមហាជនទូទៅ តែនៅពេលនេះ ហង្សមាស ជ្រើសបានតារាម្ចាស់ពានដល់ទៅ៤នាក់ទៅហើយ ដើម្បីស្នងតំណែងលោកនាពេលអនាគត គឺប៊ុត សីហា និងថែល ថៃ ម្ចាស់ពាន “The Voice Cambodia”, នី រតនា ម្ចាស់ពាន “Cambodian Idol” និងដួង វីរៈសិទ្ធិ ម្ចាស់ពាន “I Am A Singer Cambodia”៕