ភ្នំពេញ ៖ ទុស្សេខ្សែភ្លើងឆាបឆេះសន្ធោសន្ធៅនៅបង្គោលភ្លើងលើដំបូលផ្សារសំណង់១២ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចជាប់ខាងក្រោយផ្សារសំណង់១២ តាមបណ្តោយផ្លូវលេខ២៦៥ ស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុ គេធុំក្លិនឈ្ងៀម និងមានផ្សែងចេញពីបង្គោលភ្លើងមួយដើម នៅចំណុចកើតហេតុខាងលើ មួយសន្ទុះក្រោយមកស្រាប់តែមានអណ្តាតភ្លើងឆាបឆេះខ្សែសេវាទូរស័ព្ទយ៉ាងខ្លាំង ចេញពីបង្គោលភ្លើង ស្ថិតនៅលើដំបូលផ្សារសំណង់១២ ធ្វើប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ ភ័យស្លន់ស្លោ បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យទំនាក់ទំនងហៅរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋានរាជធានីភ្នំពេញ ចំនួន២គ្រឿង មកដល់ភ្លាមៗ ប៉ុន្តែមិនបានបាញ់ពន្លត់នោះទេ ដោយសារប្រជាពលរដ្ឋយកបំពង់ពន្លត់អគ្គីភយ័ជាង១០បំពង់ មកបាញ់ពន្លត់រលត់អស់ទាំងស្រុង។
ករណីអគ្គីភ័យខាងលើនេះ មិនបង្កឲ្យឆាបឆេះរាលដាល់ដល់ផ្ទះប្រជាពលរដ្ឋនោះទេ គ្រាន់តែឆេះខ្សែសេវាទូរស័ព្ទអស់មួយចំនួនតូចតែប៉ុណ្ណោះ ៕