ភ្នំពេញ ៖ លោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ (បក្សប្រឆាំង) បានថ្លែង អំពាវនាវស្នើសម្តេចហ៊ុន សែន ឈប់ខាតពេល ក្នុងការប៉ុនប៉ងសម្លាប់រូបលោក តាមផ្លូវនយោបាយ បន្ទាប់ពីរដ្ឋសភា ដែលមានតែសមាជិកមកពីគណបក្សប្រជាជនកម្ពុជា (បក្សកាន់ អំណាច) បានអនុម័តវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ជាលើកទី២ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧។
លោកសម រង្ស៊ី បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ក្រោមប្រធានបទ “ហ៊ុន សែន និងច្បាប់ប្រឆាំងសម រង្ស៊ី” ដែលមានខ្លឹមសារថា “ខ្ញុំស្នើឱ្យរដ្ឋាភិបាលលោកហ៊ុន សែន ឈប់ខាតពេលប៉ុនប៉ង “សម្លាប់សម រង្ស៊ី តាមផ្លូវនយោបាយ” (ដូចអ្វីដែលអ្នកនាំពាក្យរបស់ខ្លួនម្នាក់បញ្ជាក់ត្រង់ៗ) ដោយកែច្បាប់ស្តីពីគណបក្សនយោបាយជាបន្តបន្ទាប់ ដូចខ្លួនបានធ្វើថ្ងៃនេះ តាមរយៈការអនុម័តវិសោធនកម្មលើកទី២ លើច្បាប់នេះ ដោយរដ្ឋសភាទីងមោង។
ក្នុងរយៈពេល២០ឆ្នាំកន្លងទៅនេះ លោក ហ៊ុន សែន បានប៉ុនប៉ងតាមសម្លាប់ខ្ញុំឥតឈប់ឈរ ៖ ប៉ុនប៉ងសម្លាប់រាងកាយ ក៏មានដូចក្នុងការវាយប្រហារដោយគ្រាប់បែកដៃនៅទីក្រុងភ្នំពេញ កាលពីថ្ងៃ៣០ មីនា ១៩៩៧ ប៉ុនប៉ងសម្លាប់តាមផ្លូវតុលាការ ក៏មានតាមរយៈដីកា រាប់មិនអស់ ពីតុលាការអាយ៉ងរបស់គាត់ ឱ្យខ្ញុំជាប់ពន្ធនាគាររាប់សិបឆ្នាំ ហើយចុងក្រោយនេះ ប៉ុនប៉ងសម្លាប់តាមផ្លូវច្បាប់ តាមរយៈច្បាប់ស្តីពីគណបក្សនយោបាយ គួរឱ្យអស់សំណើច នេះដែលគេកែច្នៃដើម្បីគ្រាន់តែសំដៅមកលើ បុគ្គលម្នាក់”។
លោកសម រង្ស៊ី បានសរសេរបន្តថា “ខ្ញុំ មានកិត្តិយសណាស់ ដែលលោកហ៊ុន សែន គិតគូរដល់ខ្ញុំឥតឈប់ឈរ តែក្នុងស្មារតីមិត្តភាព និងស្នេហាជាតិ ខ្ញុំសូមស្នើទៅវិញ ឱ្យលោកហ៊ុន សែន ក្នុងឋានៈគាត់ជានាយករដ្ឋមន្ត្រី គួរតែប្រើប្រាស់ពេលវេលា និងថាមពលរបស់គាត់ ដើម្បីធ្វើការផ្សេងៗទៀតវិញ ដែលមានប្រយោជន៍ ជាងនេះសម្រាប់ប្រទេសជាតិ។ ក្នុងការងារដែលមានប្រយោជន៍នោះ គួរណាស់លោកហ៊ុន សែន ជំរុញឱ្យរដ្ឋសភា ធ្វើច្បាប់ដែលមានប្រយោជន៍ ពិតប្រាកដ ដើម្បីកែតម្រូវអ្វីដែលខុសឆ្គងនៅក្នុងប្រទេសមួយ ដែលមានភាពក្រឡាប់ចាក់ ធ្វើឱ្យរាស្ត្រជួបការលំបាកគ្រប់ទីកន្លែង។ គួរណាស់ផងដែរ លោកហ៊ុន សែន បង្ហាញពីចក្ខុវិស័យ របស់គាត់ ដើម្បីប្រមើលមើលពីភាពទាន់សម័យ និងភាពជឿនលឿន សម្រាប់ប្រទេសកម្ពុជា មានន័យថា គាត់មិនគួរបញ្ចោញរាល់ថ្ងៃ នូវចរិត ជាមេទ័ពខ្មែរក្រហម ដូចគាត់បានធ្វើមែននោះក្នុងអតីតកាល។
ពេលនេះ លោកហ៊ុន សែន គួរយល់ហើយថា ការប៉ុនប៉ងរបស់គាត់ ដើម្បីកម្ចាត់ខ្ញុំ តាម មធ្យោបាយណាក៏ដោយ វាគ្មានបានប្រយោជន៍ទេ ក្នុងអតីតកាលបច្ចុប្បន្នកាល និងអនាគត កាល។ ផ្ទុយទៅវិញ ការប៉ុនប៉ងបែបនេះ វាគ្រាន់តែបង្ហាញពីភាពកម្សោយ និងភាពកំសាករបស់គាត់ បើគិតពីផ្លូវចិត្ត និងផ្លូវសីលធម៌ ហើយវានឹងនាំមកនូវលទ្ធផលផ្ទុយស្រឡះពីអ្វីដែលគាត់រំពឹងទុក។
ដូចនៅក្នុងសាសនា រឿងព្រេង និងជំនឿ ប្រពៃណីជាច្រើន ការប៉ុនប៉ងសម្លាប់តួឯកដ៏សំខាន់ជាងគេ ធ្វើឱ្យតួឯកនោះកាន់តែរស់រវើកឡើង ហើយមានប្រជាប្រិយភាពកាន់តែខ្លាំងឡើង។
ដើម្បីជួយឱ្យលោកហ៊ុន សែន កាន់តែងាយយល់អំពីការយល់ច្រឡំរបស់គាត់ ខ្ញុំចង់ប្រាប់គាត់ថា មិនមែនមានតែ សម រង្ស៊ី មួយរូបទេ ដែលគាត់ចង់កម្ចាត់នោះ តែមានសម រង្ស៊ី រាប់លាននាក់ នៅប្រទេសកម្ពុជា ពីព្រោះថា ពលរដ្ឋខ្មែរណាដែលស្រឡាញ់ជាតិ ហើយដែលតស៊ូដើម្បីសេរីភាពនិងយុត្តិធម៌ អាចទទួលបាន ឈ្មោះថាជា សម រង្ស៊ី”។
ដូចគ្នានេះដែរ កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧ លោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់លោកដដែលថា “ខាងក្រោមនេះ ជាអត្ថា ធិប្បាយរបស់ខ្ញុំ បន្ទាប់ពីបានដឹងថា រដ្ឋសភា កំពុងតែធ្វើវិសោធនកម្មមួយទៀត លើច្បាប់ ស្តីពីគណបក្សនយោបាយ ដើម្បីប៉ុនប៉ងបញ្ចប់ជីវិតនយោបាយរបស់ខ្ញុំ នៅប្រទេសកម្ពុជា តាមបញ្ជារបស់លោកហ៊ុន សែន…។
គួរឱ្យអស់សំណើចដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាអាម៉ីអាថោង ក្នុងរដ្ឋសភាទីងមោង ឱ្យបង្កើត “ច្បាប់” មួយ ដែលសំដៅមកលើបុគ្គលម្នាក់តែប៉ុណ្ណោះ គឺរូបខ្ញុំតែម្តង។ សាធារណមតិឃើញច្បាស់ហើយឥឡូវនេះថា ហ៊ុន សែន ខ្លាចខ្ញុំណាស់ ដោយសារតែខ្ញុំជាសត្រូវដ៏ជិតស្និទ្ធជាងគេរបស់គាត់ ហើយគ្រាន់តែឈ្មោះខ្ញុំ រូបថតខ្ញុំ សំឡេងខ្ញុំ ស្រមោលខ្ញុំ ឬអ្វីដែលរម្លឹកពីវត្តមានខ្ញុំ ធ្វើឱ្យហ៊ុន សែន ដេកមិនលក់។
ក៏ប៉ុន្តែ ខ្ញុំបារម្ភថា រដ្ឋាភិបាលផ្តាច់ការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងចាប់អតីត សហការីរបស់ខ្ញុំនៅក្នុងជួរគណបក្សសង្គ្រោះជាតិ ដែលមានឧត្តមគតិដូចខ្ញុំ ព្រមទាំងអ្នក ទិតៀនរដ្ឋាភិបាល និងអ្នកប្រជាធិបតេយ្យខ្មែរទាំងអស់ យកធ្វើជាចំណាប់ខ្មាំង ដើម្បីបំបិទ មាត់ខ្ញុំ។ តែខ្ញុំនឹងតស៊ូប្រឆាំងការគំរាមកំហែងរបស់គេយ៉ាងថោកទាបបែបនេះ ហើយខ្ញុំនឹង ខិតខំធ្វើយ៉ាងណា ដើម្បីឱ្យគេថ្កោលទោសតែរូបខ្ញុំម្នាក់ ហើយចង់ដាក់ទណ្ឌកម្មមកលើតែរូបខ្ញុំម្នាក់”។
ដោយឡែក កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧ ដែលជាខួបទី២០ នៃព្រឹត្តិការណ៍ ថ្ងៃទី០៥-០៦ ខែកក្កដា ឆ្នាំ១៩៩៧ លោកសម រង្ស៊ី បានចោទប្រកាន់សម្តេចហ៊ុន សែន ជាថ្មីម្តងទៀត បើទោះបីលោកបានសរសេរលិខិតសុំទោសសម្តេចហ៊ុន សែន ម្តងរួចមកហើយ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០០៦ ជុំវិញហេតុការណ៍គប់គ្រាប់បែកលើហ្វូងបាតុករនៅមុខវិមានរដ្ឋសភាចាស់ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ ១៩៩៧នោះ ដោយលោកសម រង្ស៊ី បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់លោកថា “ក្នុងឱកាសរដ្ឋប្រហារ ឆ្នាំ១៩៩៧ នោះ លោកហ៊ុន សែន បានបញ្ជាឱ្យពួកក្រុមដៃជើងគាត់សម្លាប់នាយទាហានមកពីគណបក្សហ៊្វុនស៊ិនប៉ិច ពី ១០០ ទៅ២០០នាក់ ដើម្បីកម្ចាត់ក្បាលម៉ាស៊ីនកម្លាំងហ៊្វុនស៊ិនប៉ិច ដែលអាចតតាំងជាមួយគាត់។
ថ្មីៗនេះទៀត ក្នុងខែមិថុនា ឆ្នាំ២០១៧ នេះ លោកហ៊ុន សែន បានប្រកាសថា គាត់នឹងត្រៀមសម្លាប់មនុស្ស “ពី១០០ ទៅ២០០នាក់” ទៀត ដូចកាលពីឆ្នាំ១៩៩៧ អ៊ីចឹងដែរ ដើម្បីរក្សាអំណាចរបស់គាត់។ តែលើកនេះ លោក ហ៊ុន សែន សំដៅទៅថ្នាក់ដឹកនាំ និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិដ៏ខ្លាំងក្លា ក្នុងនោះមានរូបខ្ញុំផងដែរ។ ខ្ញុំជឿថា ខ្ញុំនៅតែស្ថិតក្នុងលេខរៀងទី១ លើបញ្ជីខ្មៅរបស់គាត់ (មនុស្សដែលគាត់ត្រូវសម្លាប់មុនគេ) តាំងពីគាត់បានប៉ុនប៉ងសម្លាប់ខ្ញុំលើកទី១ ក្នុងការវាយប្រហារដោយគ្រាប់បែកដៃ នៅទីក្រុងភ្នំពេញ កាលពីថ្ងៃ៣០ ខែមីនា ឆ្នាំ១៩៩៧”។
ទោះជាយ៉ាងណា ជុំវិញការលើកឡើង ចោទប្រកាន់ជាបន្តបន្ទាប់ពីលោកសម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងខាងលើនេះ មិនទាន់មានប្រតិកម្មឆ្លើយតបពីសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅឡើយ ប៉ុន្តែពាក់ព័ន្ធការស្នើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ ជាលើកទី២នេះ សម្តេច ហ៊ុន សែន បានថ្លែងបញ្ជាក់ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ ក្នុងមីទ្ទិញរំលឹកខួបលើក ទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជាថា “យើងត្រូវធ្វើវិសោធនកម្មច្បាប់បន្ថែមទៀត អំពីច្បាប់បក្សនយោបាយ ដែលមុននេះមិនតម្រូវឱ្យអ្នកទោសទទួលតួនាទី ជាមួយនិងឋានៈណាមួយនៅក្នុងគណៈនាយក ឬប្រធានបក្សនោះទេ។ ប៉ុន្តែឥឡូវនេះ ការចេញមុខរបស់មនុស្ស ដែលគ្មានការអៀនខ្មាស តើចំណោទខាងផ្លូវច្បាប់វាយ៉ាងម៉េច? អ្នកទោសវាតែងបាត់បង់សិទ្ធិបោះឆ្នោត ហេតុអ្វីអ្នកទោសបែរក្លាយទៅជាអ្នកដែលបង្កសង្គ្រាមឥតឈប់ឈរ?”។
ដោយឡែក នៅល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះរូបថតជុំគ្រួសារសម្តេច ក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច ព្រមទាំងសំណេរថា “នេះហើយគឺខ្ញុំជា ហ៊ុន សែន ដែលពួកជនពាលកំពុងស្វែងរក ប៉ុន្តែប្រជាជនកម្ពុជា តែងចាត់ទុកថា ម្នាក់នេះ (ហ៊ុន សែន) តែងតែរស់នៅរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា តាំងពីប្រជាជននៅក្រលំបាក១០០% រហូតមានការអភិវឌ្ឍដូចសព្វថ្ងៃ។
តើខ្ញុំមានសិទ្ធិសប្បាយរីករាយជួបជុំកូនចៅដូចក្នុងរូបថតនេះដែរឬទេ? តើខ្ញុំត្រូវតែប្រាប់មនុស្សគ្រប់គ្នា ពិសេសពួកជនពាលថា ខ្ញុំកំពុងស្ថិតនៅទីនេះ ឬទីនោះដែរឬទេ?
ទោះខ្ញុំផ្ទេរសិទ្ធិ ឬមិនផ្ទេរសិទ្ធិ ទោះខ្ញុំស្ថិតនៅទីណាក៏នៅតែមានលទ្ធភាពដឹកនាំកិច្ចការប្រទេសជាតិ ពិសេសបង្ក្រាបលើការបង្កចលាចលរបស់ក្រុមជនពាល ក្រុមជ្រុលនិយម ក្រុមពួក កូនអាក្បត់ជាតិបានដែរ បើចង់ដឹង សុំសាកល្បង មើល Sic !
បន្តមកកម្សាន្តសប្បាយជាមួយប្រជាជនកម្ពុជា ក្នុងពេលដែលតំបន់ប្រាសាទសំបូរព្រៃគុក ដាក់ជាបេតិកភណ្ឌពិភពលោក នាពេលថ្មីៗនេះ ហើយក៏រង់ចាំមើលបក្សនយោបាយ ឬសង្គមស៊ីវិលណាខ្លះនឹងចូលរួមអបអរសាទរ ជាមួយជោគជ័យដ៏មហិមារបស់ប្រជាជនកម្ពុជា នេះផងដែរ”។
ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកឈឹម ផលវរុណ ធ្លាប់បានបញ្ជាក់ប្រាប់ “នគរធំ” កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ថា មារយាទរបស់លោកសម រង្ស៊ី តែប៉ុណ្ណឹង គឺកែមិនឡើងទេ ហើយប្រជាពលរដ្ឋខ្មែរ បានស្គាល់មារយាទលោកសម រង្ស៊ី ច្បាស់អស់ហើយ ដែលពីមុនបានធ្វើលិខិតសុំទោសសម្តេចហ៊ុន សែន អំពីការចោទប្រកាន់គ្មានការពិតរបស់គាត់នោះរួចហើយ តែពេលនេះ បែរជាចោទប្រកាន់ដដែល។
លោកឈឹម ផលវរុណ បានចាត់ទុកលោក សម រង្ស៊ី នៅពេលនេះថា ជាមនុស្សមានបញ្ហាផ្លូវចិត្ត ខណៈមានឈ្មោះជាទណ្ឌិតរត់ចោលស្រុក ហើយត្រូវបាត់បង់តំណែងប្រធានគណបក្សសង្គ្រោះជាតិទៀត បណ្តាលឱ្យគាត់មានបញ្ហាច្របូកច្របល់ក្នុងចិត្ត ខុសពីធម្មតាបែបនេះ៕
ខៀវទុំ