ភ្នំពេញ ៖ រថយន្តដឹកឈើមួយគ្រឿង សង្ស័យអ្នកបើកបរងងុយដេកងោកមួយភាំងរេចង្កូតឡើងខឿនសួនច្បារពុះចែកទ្រូងផ្លូវ ជ្រុលទៅបុកបង្កាន់ដៃស្ពានគ្រួស បណ្តាលឲ្យអ្នកបើកបរគៀបជាប់ក្នុងរថយន្តស្លាប់ និង៤នាក់ទៀត រួមដំណើរជាមួយរងរបួសស្រាល កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ត្រង់ចំណុចស្ពានគ្រួស លើផ្លូវជាតិលេខ៥ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ។
រថយន្តដែលរងការគ្រោះថ្នាក់ ម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទពីរតោនកន្លះដឹកឈើ ពណ៍ខៀវលាយស ពាក់ស្លាកលេខភ្នំពេញ3A-6961 បើកបរដោយឈ្មោះ រ៉ាន់ វ៉ាញ់ ភេទប្រុស អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅភូមិបារាជ ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង និងរួមដំណើរពីក្រោយដោយបុរស៤នាក់ទៀត ទី១. ឈ្មោះសុន ធាន ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិអូអូន ឃុំតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទី២. ឈ្មោះឆែម លុច ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិចំបក់ ឃុំស្រយូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ ទី៣. ឈ្មោះ ស៊ឹម កំសាន្ត ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិតាប្រុក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងទី៤. ឈ្មោះ អាន ដឿយ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តខាងលើបើកតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងល្បឿនយ៉ាងលឿនទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ សង្ស័យអ្នកបើកបររថយន្តងងុយដេក ហើយបានងោកមួយផាំង ក៏រេចង្កូតទៅខាងឆ្វេងទៅឡើងខឿនសួនច្បារពុះទ្រូងផ្លូវ និងជ្រុលទៅបុកបង្កាន់ស្ពានគ្រួស
បណ្តាលឲ្យបុរសជាអ្នកបើកបររថយន្តកៀបជាប់ក្នុងកាប៊ីនរថយន្ត ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ និងបុរសបួននាក់ទៀតដែលរួមដំណើរជាមួយរងរបួសស្រាល រីឯរថយន្តរងការខូចខាតដាច់កង់មុខធ្លាក់ចូលទៅក្នុងទឹក និងក្រពិតផ្នែកខាងមុខរថយន្តយ៉ាងដំណំ ចំណែកឯបង្កាន់ដៃស្ពានបាក់ និងវៀចប្រមាណ១០ម៉ែត្រ។
បន្ទាប់ពីកើតហេតុភ្លាមៗនោះ អ្នករបួសត្រូវប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុទាក់ទងហៅរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅឯមន្ទីរពេទ្យ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុ និងបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យចុះមកធ្វើការវាស់វែង និងស្ទួចយករថយន្តទៅរក្សាទុកនៅការិយា
ល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ចំណែកឯសពបុរសរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕