ធម្មតារឿងយប់ព្រលប់ ឬរឿងកំបាំងនោះ គេដឹងតែពីរនាក់ប្តីប្រពន្ធហ្នឹង តែបើកំហឹងដល់កទ្រាំទ្រលែងបាន ក៏ទម្លាយប្រាប់គេឯងឱ្យដឹងគ្មានសល់ ភ្លេចអស់ពីរឿងកិត្តិយស។ យ៉ាងណាមិញ ប្តីប្រពន្ធមួយគូនេះ បានធ្លាយចេញរឿងប្តីប្រើក្បាច់ជិះសេះ ប៉ះប្រពន្ធចេះក្បាច់ឆ្មា ផ្ទុះជម្លោះក្នុងមុងជារឿយៗ តែពួកគេនៅតែបង្កើតកូនឱ្យរដឹក…។
នាងចាន់ សុខន អាយុ៣១ឆ្នាំ រស់នៅភូមិខ្យង ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ បានរៀបរាប់ថា រូបនាងជាកូនកំព្រាឪពុកស្លាប់ចោលតាំងពីតូច នៅតែម្តាយមេម៉ាយឈ្មោះសែម ហ៊ាង អាយុ៥៩ឆ្នាំ។ នៅពេលចូលវ័យក្រមុំ នាងបានរៀបការជាមួយបុរសម្នាក់ ឈ្មោះនី សុគុណ អាយុប្អូននាង១ឆ្នាំ ដោយបង្កើតបានកូនស្រី៣នាក់ ដែលពេលនេះ នាងកំពុងសរសៃខ្ចី ដេកអាំងភ្លើងនៅឡើយ ប៉ុន្តែក្នុងពេលឆាប់ៗនេះ នាងនឹងចុះប្រឡូកការងារដូចដើមវិញ ទោះជាមិនទាន់មានកម្លាំងពលំរឹងមាំក៏ដោយចុះ។ បានជានាងត្រូវបង្ខំចិត្តចុះធ្វើការងារស្រែចម្ការទាំងសរសៃខ្ចី ព្រោះតែជីវភាពត្រដាបត្រដួសពេក សុខចិត្តទ្រាំវេទនាទៅចុះ ដែលមុនពេលមានកូនក្រោយនេះ នាងធ្លាប់ទាស់សរសៃស្គាំងស្គមរួចទៅហើយ។ រឿងនេះមកពីប្តីមិនសូវប្រឹងប្រែងការងារអ្វីទេ គិតតែពីជួបជុំជល់កែវ ដូច្នេះបើនាងមិនខំរកខ្លួនឯង ច្បាស់ជាដាច់ពោះស្លាប់មិនខាន។ ជីវិតនាងរងកម្មតាំងពីរៀបការរួចម៉្លេះ ដោយមិនដែលស្គាល់ភាពស្រណុកសុខស្រួលផ្លូវចិត្តទេ ទោះជាផ្លូវកាយមិនដែលរងទារុណកម្មហិង្សាពីប្តីក៏ដោយចុះ។

នាងចាន់ សុខន បន្តថា ប្តីនាងជាប្រុសល្មោភតណ្ហា តែងបង្ខំនាងរួមភេទគ្មានប្រណី និងច្រើនដង ក្នុង១យប់ៗ ធ្វើឱ្យកម្លាំងកាយនាងទ្រុឌទ្រោមជាលំដាប់។ គួបផ្សំនឹងការបំបៅកូនង៉ាផងនោះ សុខភាពនាងក៏ចុះខ្សោយទៅៗ ព្រោះគ្មានម្ហូបអាហារឆ្ងាញ់ៗបំប៉ន ផ្ទុយពីប្តីដើរតែផឹកក្លែមឆ្ងាញ់មាត់រាល់ថ្ងៃ កាន់តែរីកសាច់ដុះក្បាលពោះ មិនដូចនាងផ្អកប្រហុក រាល់ថ្ងៃជាមួយកូនៗនោះទេ។ ប្តីនេះកម្លាំងដូចសេះអីចឹង ពេលតម្រេកតណ្ហាគេពុះកញ្ជ្រោលម្តងៗ ក៏ជិះនាងដូចសេះ គ្មានគិតគូរថា សរសៃខ្ចីអីទេ លៃយ៉ាងណាឱ្យតែខ្លួនគេបានស្រណុកសុខស្រួល ទោះជាប្រពន្ធដាច់ខ្យល់ក៏គេមិនខ្វល់។ ឥឡូវនាងត្រូវតែប្រុងប្រយ័ត្ន បើប្តីនេះនៅតែគ្មានការយោគយល់ទៀត នាងចាំបាច់ត្រូវតែចេះស្នៀតការពារខ្លួនឱ្យទាល់តែបាន។

ដោយឡែក លោកនី សុគុណ អាយុ៣០ឆ្នាំ ជាប្តី បានឱ្យដឹងថា លោកក៏ធ្លាប់បានបំពាក់បំប៉នពីការប្រើអំពើហិង្សាក្នុងគ្រួសារដែរ ដោយមានអង្គការមួយចំនួនបានចុះមកអប់រំដល់ភូមិ។ លោកមិនដែលវាយដំច្រំធាក់ប្រពន្ធនេះទេ ទោះជាបង្កើតបានកូន៣នាក់ទៅហើយក្តី ក៏មិនដែលទះនាងមួយដៃដែរ តែផ្ទុយទៅវិញ ប្រពន្ធតែងប្រើហិង្សាមកលើប្តី ដោយការក្តិចខ្ញាំ ខ្វាចចេញក្បាច់ឆ្មា បង្កជម្លោះក្នុងមុងជារឿយៗ តើជាកំហុសអ្នកណា? ធម្មតាប្តីប្រពន្ធរួមរស់ជាមួយលើគ្រែតែមួយ ការរួមរ័កជារឿងធម្មតា តើមានអ្វីខុសនោះ? នាងថា លោកបង្ខិតបង្ខំធ្វើបាបផ្លូវភេទដោយការរួមភេទញឹកញាប់ ប៉ុន្តែតាមពិតមកពីនាងខឹងលោកដើរផឹកស៊ី ក៏រករឿងឈ្លោះប្រកែកស្តីថា ហើយអាងអីបន្តិច ចុកឆ្នុកជិត កេះមិនរបើកទេ ទើបលោកប្រើកម្លាំងបាយយកឈ្នះទៅ បែរជានាងថា លោកបង្ខិតបង្ខំទៅវិញ អីចឹងខាងប្រុសចាំតែខុសប៉ុណ្ណោះ។

លោកនី សុគុណ បន្តទៀតថា លោកស្គាល់ទុក្ខធុរៈប្រពន្ធណាស់ តែការលើកឡើងរបស់នាងគ្រាន់តែចង់យកឈ្នះប្តីប៉ុណ្ណោះ។ តាមពិត១ខែ លោករួមរ័កជាមួយប្រពន្ធបានមិនដល់៥ដងផង ព្រោះរវល់តែស្រវឹងទឹកត្នោតជូរ ស្រាបៀរ ពេលទៅដល់ផ្ទះ ក៏ដេកដូចងាប់ តើមានកម្លាំងឯណាទៅជិះសេះដូចពាក្យនាងថានោះ? ចំណែកការរកស៊ី បើលោកមិនខំ តើកូនៗបានអីស៊ីសព្វថ្ងៃហ្នឹង? ឯរឿងក្រងើបមិនរួចនោះ មកពីយើងគ្មានសម្ពាយបុណ្យដូចគេ ព្រោះប្រឹងដែរ រកហើយតែវាមិនសល់ បានត្រឹមតែឆ្អែតពោះ រស់មួយគែៗប៉ុណ្ណោះ។ ទោះយ៉ាងណា លោកក៏ដឹងដែរថា ការដើរស៊ីផឹក វានាំឱ្យប៉ះពាល់ដល់ជីវភាពគ្រួសារ លោកនឹងព្យាយាមកាត់បន្ថយបន្តិចម្តងៗ សុំតែប្រពន្ធកុំលេងក្បាច់ឆ្មាតទៅទៀត ព្រោះធម្មតាប្រុសណាក៏ដូចប្រុសណាដែរ អត់អាម៉្យាងហ្នឹងម៉េចកើត?
លោកអៀម ភាង មេភូមិខ្យង បានឱ្យដឹងថា លោកមិនដែលបានទទួលបណ្តឹងផ្ទាល់មាត់ ឬជាលាយលក្ខណ៍អក្សរពីនាងចាន់ សុខន ពាក់ព័ន្ធដល់ជម្លោះជាមួយប្តីនោះឡើយ។ ទោះយ៉ាងណា ជម្លោះនេះវាធ្វើឱ្យរំខានដល់អ្នកជិតខាងគ្មានបានដេកពួនទេ នៅពេលឮប្តីប្រពន្ធនេះជេរគ្នាពីរឿងលើគ្រែ។

នាងស្រី ហឿម អាយុ៣៥ឆ្នាំ ជាអ្នកជិតខាង បានឱ្យដឹងថា គ្រួសារនេះឧស្សាហ៍ឈ្លោះប្រកែកគ្នាណាស់ ប៉ុន្តែមិនដែលវាយតប់គ្នាទេ ឮតែសម្តីធ្ងន់ៗឆ្លើយឆ្លងគ្នាប៉ុណ្ណោះ។ តាមស្តាប់ការរៀបរាប់របស់នាងសុគុណ ទំនងជាពិតជាងការរៀបរាប់របស់ប្តី ឬថា បើប្តីមិនប្រើកម្លាំងបាយធ្វើបាបនាង ក៏នាងមិនចេញក្បាច់ឆ្មានោះដែរ។

គួរបញ្ជាក់ថា ជម្លោះក្នុងគ្រួសារពាក់ព័ន្ធដល់រឿងលើគ្រែនោះ បើគេទៅសុំដកស្រង់ស្ថិតិនៅតាមសាលាឃុំ ឬសាលាសង្កាត់ ក៏ដូចជាប៉ុស្តិ៍ប៉ូលិស គឺមិនខ្វះទេ រឿងប្តីប្រពន្ធឈ្លោះគ្នារឿងមិនចុះដំណេក។ ភាគីប្រពន្ធតែងប្តឹងអាជ្ញាធរថា ប្តីមកពីផឹកស្រវឹង ក៏ចាប់បង្ខំនាងរួមភេទទាំងស្អុយស្រាហួង និងស្អុយក្លៀកគគ្រុក ឯប្តីក៏ប្តឹងបកថា ប្រពន្ធចេញក្បាច់ឆ្មា ធ្វើឱ្យដាច់រលាត់ស្បែកចេញឈាមពេញខ្លួន។ ដល់អីចឹងទៅ អាជ្ញាធរមិនដឹងជាកាត់ឱ្យខាងណាឈ្នះទេ បានត្រឹមផ្សះផ្សាសម្របសម្រួលឱ្យត្រូវគ្នាវិញតែប៉ុណ្ណោះ។ តាមការកត់សម្គាល់ ប្តីប្រពន្ធឧស្សាហ៍ចេញក្បាច់ឆ្មា និងក្បាច់សេះនោះ កូនឱ្យរដឹកពគ្នាមិនរួចទេ ព្រោះបន្ទាប់ពីឈ្លោះ ក៏ល្អូកល្អិនជាមួយគ្នា ភ្លេចម៉ែភ្លេចឪអីចឹងទៅ៕