ភ្នំពេញ ៖ បុរស៤នាក់មានចាប់ចិត្តនារីខារ៉ាអូខេរាត្រីសេកុង២ បានទៅផឹកស៊ីច្រៀងខារ៉ាអូខេ អង្គុយកៀកកើយនារីខារ៉ាអូខេចេញមកវិញបាត់សំបុត្រ បង្កហិង្សាវាយមេកាខារ៉ាអូខេ ប៉ោងភ្នែក ហើយរត់ចោលម៉ូតូមួយគ្រឿងនៅកន្លែងកើតហេតុ ដែលហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១យប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចហាងរាត្រីសេកុង ២ ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុជនបង្កមាន គ្នា៤នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកយ៉ាមាហាស្ប៉ាក ពណ៍ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 1D-0066 បានចូលផឹកស៊ីនៅហាងខារ៉ាអូខេរាត្រីសេកុង២ បានផឹកអស់ស្រាបៀរអស់១កេះកន្លះ មាន Free ម្ហូប២មុខ គឺត្រីដុត និងមាន់ដុត និងមាននារី៤នាក់ អង្គុយកំដរកៀកកើយផឹកអស់ស្រា ហើយបានហៅគិតលុយអស់៥០ដុល្លារ ។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ជនបង្កខាងលើឧស្សាហ៍មកផឹកស៊ីច្រៀងខារ៉ាអូខេនៅហាងខាងលើនេះ ដោយសារពួកគេមានស្រីស្នេហ៍នៅក្នុងហាងនេះ ។ នៅយប់កើតហេតុ ពេលផឹកស៊ីចប់ហើយ បានគិតលុយរួចត្រឡប់ទៅផ្ទះវិញ ចៃដន្យជ្រុះបាត់សំបុត្រផ្ញើម៉ូតូ ត្រូវបានមេការមិនអនុញ្ញាតឲ្យយកម៉ូតូត្រឡប់ទៅផ្ទះវិញទេ ស្រាប់តែជនបង្កដែលកំពុងស្រវឹងផងនោះបានរករឿងវាយមេការ បណ្តាលឲ្យប៉ោងភ្នែកខាងឆ្វេង ហើយនាំគ្នារត់ចោលម៉ូតូមួយគ្រឿងនៅកន្លែងកើតហេតុ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចទៅដល់កន្លែងកើតហេតុ បានយកម៉ូតូមួយគ្រឿងរបស់ជន បង្កទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលកាកាប រង់ចាំជនបង្កចូលខ្លួនមកដោះស្រាយជាមួយជនរងគ្រោះជាមេការខារ៉ាអូខេ ៕