Wednesday, January 22, 2025
Homeព័ត៌មានជាតិម្នាក់អស់១១០០ដុល្លារ ម្នាក់ទៀតអស់៤០ដុល្លារ ព្រោះនារីផ្លូវភេទ

ម្នាក់អស់១១០០ដុល្លារ ម្នាក់ទៀតអស់៤០ដុល្លារ ព្រោះនារីផ្លូវភេទ

ភ្នំពេញ ៖ បុរសពីរនាក់ចេញពីខារ៉ាអូខេស្រវឹងស្រឿងៗ បែកគំនិតទៅរកសេវាបម្រើផ្លូវភេទ​ ត្រូវ​នារីបម្រើផ្លូវភេទឆ្លៀតឱកាសលួចយកលុយអស់ចំនួន១១០០ដុល្លារ ជាប្រាក់ទើបនឹងលក់ម៉ូតូ​បានថ្មីៗ បង្កឲ្យមានការណ៍ភ្ញាក់ផ្អើលដល់សមត្ថកិច្ច​ កាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្ រឈានចូលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចកន្លែងបម្រើផ្លូវភេទមួយកន្លែង ដែលស្ថិតនៅផ្ទះអត់លេខ ម្តុំត្រឡោកបែក ផ្លូវរថភ្លើង ភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

ជនរងគ្រោះទី១ មានឈ្មោះ សួស ពុយ ភេទប្រុស អាយុ៣៤ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅបឹងបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានបាត់លុយអស់ចំនួន១១០០ដុល្លារ  និងលុយខ្មែរចំនួន៣ម៉ឺនរៀល។ ជនរងគ្រោះទី២ មានឈ្មោះ ណា រុង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាជាងធ្វើតុទូ​ ស្នាក់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ​បាត់លុយអស់ចំនួន៤០ដុល្លារ​ ហើយអ្នកទាំងពីរមានស្រុកកំណើតនៅភូមិបឹងរ៉ៃ ឃុំក្រគោល ស្រុកស្វាយជ្រុំ​ ខេត្តស្វាយវៀង។

បើតាមសម្តី​សមត្ថកិច្ចបានរៀបរាប់ឲ្យដឹងថា នៅមុខពេលកើតហេតុជនរងគ្រោះទាំងពីរនាក់ ទើបតែចេញមកពីកន្លែងផឹកស៊ីច្រៀងខារ៉ាអូខេជាមួយមិត្តភក្តិបួនប្រាំនាក់ទៀត នៅម្តុំស្ពានព្រែកព្នៅ លុះពេលផឹកស៊ីស្រវឹងស្រាស្រឿងៗ ក៏បានជិះម៉ូតូ​ត្រលឡប់ទៅផ្ទះវិញ ស្រាប់តែ​ជនរងគ្រោះទាំងពីរនាក់បានបបួលគ្នាទៅរកសេវាមប្រើផ្លូវភេទ នៅម្តុំកន្លែងកើតហេតុខាងលើ ខណៈពេលមកដល់កន្លែងកើតហេតុ មាននារីមប្រើផ្លូវភេទចំនួន២នាក់ បានហៅជនរងគ្រោះទាំង២នាក់ ឲ្យចូលទៅកន្លែងរបស់ពួកគេ ​​​ម្នាក់ក្នុងតម្លៃ១៥០០០រៀល ។ ពេលនោះជនរងគ្រោះទាំងពីរក៏បានព្រមព្រៀងចូល លុះពេលជនរងគ្រោះទាំងពីរនាក់បានចូលបន្ទប់រៀងៗខ្លួន ។ ជនរងគ្រោះឈ្មោះ សួស ពុយ ត្រូវបាននារីបម្រើផ្លូវភេទម្នាក់អោយដោះខោអាវដាក់នៅលើតុ ហើយឲ្យដេកផ្កាប់មុខដើម្បីធ្វើការម៉ាស្សា ខណៈពេលដែលកំពុងម៉ាស្សា ស្រាប់តែលឺសំឡេងភូស! គាត់ក៏សង្ស័យបម្រុងនឹងងើបមើល​ ប៉ុន្តែត្រូវនារីរូបនោះសង្កត់មិនឲ្យងើប រួចគាត់ក៏បានច្រាននារីរូបនោះចេញ ហើយក៏ឃើញខោនិងទូរស័ព្ទដៃរបស់គាត់បានជ្រុះទៅដី ​ក៏ប្រញាប់ប្រញាល់លើកខោយកមកឆែកមើល ស្រាប់តែបាត់លុយអស់១១០០ដុល្លា និងលុយខ្មែរ៣ម៉ឺនរៀល ដែលជាលុយទើបតែលក់ម៉ូតូបានថ្មីៗ បង្កឲ្យមានការផ្អើលឆោឡោ​ដល់ជនរងគ្រោះឈ្មោះ ណា រុង ក៏បានលូកហោប៉ៅបើកកាបូបលុយមើល ទើបដឹងថា បាត់លុយអស់៤០ដុល្លាដែរ ។ ភ្លាមៗនោះ ជនរងគ្រោះទាំងពីរនាក់បានរត់មកប្តឹងសមត្ថកិច្ចមូលដ្ឋានឲ្យចុះទៅជួយអន្តរាគមន៍ ប៉ុន្តែខណៈពេលសមត្ថកិច្ចទៅដល់កន្លែងកើតហេតុ បានបិទទ្វារចាក់សោរបាត់ទៅហើយ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់បានត្រឡប់ទៅដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ ដើម្បីឲ្យសមត្ថកិច្ចចាត់វិធានការទៅតាមនីតិវិធី ៕

RELATED ARTICLES