Thursday, January 23, 2025
Homeព័ត៌មានជាតិឈ្មួញសម្រុកដឹកសត្វមាន់រស់ ចូលពីថៃ មកខ្មែរ តាមច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន នាពេលយប់

ឈ្មួញសម្រុកដឹកសត្វមាន់រស់ ចូលពីថៃ មកខ្មែរ តាមច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន នាពេលយប់

ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋនិងមហាជន ដែលរស់នៅជាប់ព្រំដែនប្រទេសកម្ពុជាថៃ ជាច្រើននាក់ ជាពិសេសនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ពីហានិភ័យចំណីអាហារដែលឈ្មួញកំពុងនាំចូល ដូចជា បន្លែ ផ្លែឈើ ត្រីសាច់ មឹក បង្គា ក្តាមសមុទ្រ ជាដើម ។ ម្យ៉ាងវិញទៀត កាលពីប៉ុន្មានថ្ងៃមុននេះ មានឈ្មួញម្នាក់ត្រូវគេស្គាល់ថា រស់នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានដឹកសត្វមាន់រស់រាប់សិបក្បាល តាមរថយន្តយីឌុប២គ្រឿង នាពេលយប់ ចូលតាមច្រកទ្វារខេត្តប៉ៃលិន ដើម្បីបន្តទៅលក់នៅខេត្តបាត់ដំបង និងខេត្តនានា និងរហូតដល់ភ្នំពេញ ផងដែរ ។ ប៉ុន្តែគេមិនឃើញមានមន្ត្រីជំនាញណាម្នាក់ ធ្វើការពិនិត្យនោះឡើយ ដែលកន្លងមក គេធ្លាប់ឃើញតែមន្រ្តីជំនាញកាំកុងត្រូល ដើរធ្វើតេស្តរកសារធាតុគីមីនៅលើម្ហូបអាហារ ដែលអាជីវករដាក់តាំងលក់ក្នុងទីផ្សារប៉ុណ្ណោះ ។

ប្រជាពលរដ្ឋបានឱ្យដឹងថា ពួកគាត់ពិតជាមានការព្រួយបារម្្ភយ៉ាងខ្លាំង ខណៈឃើញមានហានិភ័យកើតឡើងដោយសារការបរិភោគចំណីអាហារ ដែលមានផ្ទុកទៅដោយសារធាតុគីមី ពិសេសការចរាចរមុខទំនិញផ្សេងៗ ដែលឆ្លងចូលពីប្រទេសជិតខាង មកក្នុងទឹកដីប្រទេសកម្ពុជា ដោយគ្មានការពិនិត្យត្រឹមត្រូវពីសំណាក់មន្ត្រីជំនាញកាំកុងត្រូល និងពេទ្យសត្វ ។

ប្រភពបន្តថា ជាមួយនឹងការឃ្លាំមើលរបស់មន្រ្តីជំនាញពាក់ព័ន្ធនានា ស្ថិតនៅក្នុងតំបន់ដែលមានភារកិច្ចត្រួតពិនិត្យរាល់ការនាំចូលមុខទំនិញគ្រប់ប្រភេទ ដូចជា បន្លែ ត្រី សាច់ ជាដើម ហាក់ដូចជាមានកម្រិតទាបនៅឡើយ ព្រោះធ្វើដោយពេល មិនសូវទៀងទាត់នោះទេ ។

ដូច្នេះកក្តាខាងលើជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរចំពោះសុវត្ថិភាពចំណីអាហារ ដែលចាត់ទុកជារឿងសំខាន់សម្រាប់ទ្រទ្រង់សុខភាពមនុស្សផងដែរ ។

ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោកសាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលសាខាខេត្តប៉ៃលិន បានឱ្យ ដឹងថា ការនាំសត្វមាន់រស់ចូលមកក្នុងទឹកដីខ្មែរ តាមច្រកទ្វារអន្តរជាតិខេត្តប៉ៃលិន គឺគេមានច្បាប់ត្រឹមត្រូវ ពីខាងកាំកុងត្រូល និងមន្ត្រីជំនាញពេទ្យសត្វផងដែរ ។

លោកបន្តទៀតថា ការនាំចូលមកពេលយប់បែបនេះ ព្រោះពេលថ្ងៃក្តៅ អាចបណ្តាលឱ្យសត្វមាន់ងាប់ ធ្វើឱ្យខាតបង់អស់ច្រើន ដូច្នេះហើយទើបឈ្មួញនាំចូលមកនៅម៉ោង៧ទៅ៨យប់ ជាពេលដែលត្រជាក់ស្រួល អាចសម្រួលឱ្យមាន់រស់មានយូរ ។

ចំណែកលោកខៀវ សុធន់ ប្រធានពេទ្យសត្វប្រចាំខេត្តប៉ៃលិន បានឱ្យដឹងថា ការនាំចូលសត្វមាន់រស់មកខ្មែរ តាមច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន នាពេលយប់ គឺគេមានច្បាប់ត្រឹមត្រូវអស់ហើយ ខាងលោកក៏មានមន្រ្តីពេទ្យសត្វចាំពិនិត្យមើល ។

លោកបន្តទៀតថា ពេលរថយន្តដឹកចូលមកដល់ក្នុងទឹកដីខ្មែរ ទើបមានការត្រួតពិនិត្យ ព្រោះបច្ចុប្បន្នថ្នាក់លើមិនអនុញ្ញាតិឱ្យនាំចូលសត្វរស់លើសលប់នោះឡើយ ហើយចំណែកខាងឈ្មួញនាំសត្វមាន់ទាំងនោះមកខ្មែរ នាពេលយប់ ខាងលោកក៏មិនដឹងច្បាស់ដែរ ៕

RELATED ARTICLES