ភ្នំពេញ ៖ ស្រ្តីមានសតិមិនប្រក្រតីម្នាក់ត្រូវបានយកទៅដាក់នៅមណ្ឌលរបស់វិទ្យុ ABC ព្យាយាមរត់គេចបានឡើងលើបង្គោលអង់តែនវិទ្យុទាំងយប់ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៩យប់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងស្ថានីយវិទ្យុ ABC ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ ។
ស្រ្តីដែលមានសតិមិនប្រកតី ត្រូវបានគេស្គាល់ឈ្មោះថា ឈ្មោះគាំ ឡៃ ភេទស្រី អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពត ។
តាមសម្ដីបុគ្គលិកក្នុងវិទ្យុ ABC បានឲ្យដឹងថា នៅវេលាម៉ោង៥ល្ងាច ស្រ្តីខាងលើត្រូវលោក K01 ចាងហ្វាងសារព័ត៌មានកម្លាំងមនុស្សធម៌ បាននាំស្រ្តីរូបនេះមកប្រគល់ឲ្យខាងវិទ្យុ ABC ជាអ្នកមើលថែ លុះពេលយកមកដល់ស្ថានីយ ហើយចេះតែចង់រត់គេចទៅវិញ ទោះបីជាពួកគេខំនិយាយលួងលោមនៅតែមិនព្រមស្តាប់ ហើយព្យាយាមដើរគេចចេញពីពួកគាត់ បានព្យាយាមលូនឡើងលើបង្គោលអង់តែនដល់កំពូល ដែលមានកំពស់១២០ម៉ែត្រ ទោះបីជាពួកគាត់ខំនិយាយលួងលោមឲ្យចុះមកក្រោមវិញ ក៏នៅតែមិនព្រមចុះ រហូតផ្អើលដំណឹងនេះដល់សមត្ថកិច្ចមូលដ្ឋាន ព្រមទាំងលោកអធិការខណ្ឌដង្កោ បានចុះទៅកន្លែងកើតហេតុដែរ ។
ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីលោកអធិការខណ្ឌដង្កោ បានចុះទៅកន្លែងកើតហេតុ ក៏បានទំនាក់ទំនងទៅខាងរថយន្តពន្លត់អគ្គិភ័យដែរលមានជណ្តើររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ចំនួន២គ្រឿង ទៅជួយអន្តរាគមន៍ផងដែរ។ ប៉ុន្តែដោយសារតែជណ្តើរថយន្តពន្លត់អគ្គិភ័យ ឡើងមិនដល់ ពេលនោះក៍ស្រាប់តែមានបុគ្គលិក ABC ២នាក់ បានឡើងទៅតាមដើម្បីលួងលោមព្រមចុះមកដល់ក្រោមវិញ នៅវេលាម៉ោង២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ ។
បន្ទាប់ពីមានការភ្ញាក់ផ្អើលស្រ្តីខាងលើ ត្រូវបានក្រុមការងារវិទ្យុលួងលោមឲ្យចូលសម្រាកវិញ ៕