Thursday, January 23, 2025
Homeព័ត៌មានជាតិជាងផ្សារដែក ភ្លើងឆក់ធ្លាក់ពីរន្ទា សន្លប់ស្តូកស្តឹង

ជាងផ្សារដែក ភ្លើងឆក់ធ្លាក់ពីរន្ទា សន្លប់ស្តូកស្តឹង

ភ្នំពេញ : ​កម្មករផ្សារដែកម្នាក់កំពុងតែឡើងលើរន្ទាផ្សារដំបូលដែក នៅជាន់ទី២ បណ្តាលឲ្យឆក់ខ្សែភ្លើងសន្លប់ស្តូកស្តឹង ​កាលពីវេលាម៉ោង១១​ថ្ងៃត្រង់ ថ្ងៃទី១៥ ខែកក្ដដា ឆ្នាំ២០១៧ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលេខ១០ ក្រុម២១ ស្ថិតនៅភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។ ជនរងគ្រោះមានឈ្មោះ ហួន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅជាមួយ មេជាងនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ប្រភពព័ត៌មានពីមេជាង មានឈ្មោះ ហឿន វុធី ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានប្រាប់អ្នកយកព័ត៌មានថា ​មុនកើតហេតុគាត់បានម៉ៅការផ្សារ​ដំបូលផ្ទះជាន់ទី២ ខណៈពេលដែលជនរងគ្រោះកំពុងតែឡើងលើរន្ទាផ្សារដំបូល បានស្រែក​​ថា ឆក់ខ្សែភ្លើង ភ្លាមៗនោះ គាត់បានងាកទៅមើលឃើញកូនជាងជាជនរងគ្រោះបានធ្លាក់ពីលើរន្ទា ​គាត់បានស្ទុះទៅទ្របីជាប់ មិនបណ្តាលឲ្យដួលបោកក្បាលទេ ប៉ុន្តែគ្រាន់តែសន្លប់ស្តូកស្តឹង​។​ បន្ទាប់ពីកើតហេតុបាន​ទូរស័ព្ទហៅរថយន្តសង្រ្គោះបន្ទាន់របស់មណ្ឌលសុខភាពចាក់អង្រែ ដឹកយកទៅ​ព្យាបាលនៅ​មន្ទីរពេទ្យកាល់ម៉ែត្រ ។

ប្រភពព័ត៌មានពីលោកណេត លីណា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសាងសង់ផ្ទះល្វែងជាប់កន្លែងកើតហេតុ បានប្រាប់សមត្ថកិច្ចថា ​មុនកើតហេតុគាត់បានធ្វើការរៀបឥដ្ឋនៅការដ្ឋានសាងសង់ផ្ទះល្វែងនៅជាន់ទី១ ជាប់នឹងផ្ទះកើតហេតុ​ ស្រាប់តែឮសំឡេងថា មានខ្សែភ្លើងឆក់កម្មករផ្សារដែក គាត់ក៏ស្ទុះទៅមើលបានស្រែក
ឲ្យកម្មករនៅខាងក្រោយ ជួយដកឌុយខ្សែភ្លើងចេញផង។

​អាជ្ញាធរមូលដ្ឋានបានប្រាប់ថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ប្រាប់ថាមានជាងផ្សារដែកឆក់ខ្សែភ្លើងពេលកំពុងតែផ្សារដំបូលផ្ទះ​ ក៏ប្រញាប់នាំកម្លាំងចុះទៅត្រួតពិនិត្យដល់កន្លែងកើតហេតុ ជនរងគ្រោះបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យហើយ ។ តាមការពិនិត្យជាក់ស្តែងឃើញដោយសារតែការធ្វេសប្រហែសរបស់ជាងផ្សារដែក ដាក់​ដែករន្ទាសង្កត់លើខ្សែភ្លើង បណ្ដាលឲ្យដាច់រលាត់ខ្សែភ្លើងឆ្លងចរន្តទៅដែកជើងរន្ទា បណ្ដាលឲ្យឆក់ជនរងគ្រោះសន្លប់ស្តូកស្តឹង ។ បច្ចុប្បន្នជនរងគ្រោះកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ៕

RELATED ARTICLES