Saturday, May 4, 2024
Homeបរិយាយគ្មានវិចារណញ្ញាណអ្វី ដើម្បីប្រឆាំងមាតុភូមិ

គ្មានវិចារណញ្ញាណអ្វី ដើម្បីប្រឆាំងមាតុភូមិ

អ្នកនិពន្ធបារាំងម្នាក់ បានទុកឧត្តមគតិជាតិនិយមថា “គេមិនអាចនឹងសំអាងលើវិចារណញ្ញាណអ្វី ដើម្បីធ្វើការប្រឆាំង នឹងប្រទេសជាតិ មាតុភូមិរបស់ខ្លួនបានឡើយ” (On ne peut avoir raison contre son pays) មានខ្លឹមសារអប់រំល្អណាស់ សម្រាប់មនុស្សគ្រប់ជាតិសាសន៍ ជាពិសេស អ្នកនយោបាយ មានកាតព្វកិច្ចចំពោះជាតិមាតុភូមិ។ ខណៈដែលអ្នកនយោបាយនៅកម្ពុជា ចោទឆ្លើយគ្នាពីរឿង “ក្បត់ជាតិ” នោះ គ្រាន់តែជាការលាបពណ៌គ្នាតែប៉ុណ្ណោះ ព្រោះ “គ្មានវិចារណញ្ញាណអ្វី ដើម្បីប្រឆាំងមាតុភូមិ” ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

សារ និងពាក្យសម្តីឆ្លើយឆ្លងគ្នារវាងមេដឹកនាំបក្សកាន់អំណាច និងអតីតមេបក្សប្រឆាំង ចោទប្រកាន់គ្នាពីរឿង “កូនអាក្បត់ជាតិ” និង “ជនក្បត់ជាតិ” នោះ ធ្វើឱ្យអ្នកតាមដាននយោបាយមើលឃើញថា កំពុងដើរជាន់ដានប្រវត្តិសាស្ត្រទៀត ហើយ។ ពាក្យថា “ក្បត់ជាតិ” សំដៅដល់មនុស្សលក់ក្បាលឱ្យប្រទេសជិតខាង ដោយចូលបម្រើគេ ស្រេចតែគេប្រើឱ្យបំផ្លាញជាតិរបស់ខ្លួន ដូចជាលើកទ័ពមកច្បាំងកាប់សម្លាប់ជនជាតិឯងជាដើម។ កាលពីសម័យលង្វែក យើងដឹងថា មានពាក្យក្បត់ជាតិកើតឡើង ខណៈដែល “ពញាអុង” ដែលជារាជវង្សខ្មែរ ត្រូវស្តេចសៀម លើកបន្តុបជាចៅហ្វាយខេត្ត ភ្លេចជាតិមាតុភូមិកម្ពុជា ហ៊ានលើកទ័ពសៀម ចំនួន១០ម៉ឺននាក់ វាយលុកចូលទឹកដីកម្ពុជា ប៉ុន្តែ ព្រះអង្គត្រូវក្ស័យព្រះជន្ម ធ្លាក់ពីលើខ្នងដំរី ចុះចាញ់កងទ័ពព្រះចន្ទរាជា។ កាលនោះមានការចោទប្រកាន់ពញាអុង ជាស្តេចក្បត់ជាតិ ប៉ុន្តែ ក៏មានអ្នកប្រវត្តិសាស្ត្រមួយចំនួន លើកឡើងថា ពញាអុង ត្រូវស្តេចសៀមចិញ្ចឹមតាំងពីតូច ចូលសញ្ជាតិសៀមទៅហើយ ក៏ភ្លេចធាតុកំណើត មិនចាត់ទុកថាក្បត់ជាតិបានទេ គ្រាន់តែ “ភ្លេចជាតិ” តែប៉ុណ្ណោះ។ នៅសម័យសង្គមរាស្ត្រនិយម ក៏មានការចោទប្រកាន់លោកសឺង ង៉ុកថាញ់ លោកសម សារី ថា ក្បត់ជាតិដែរ ដោយសារឥស្សរជនទាំងពីរនេះ បង្កើត “ចលនាខ្មែរសេរី” ប្រឆាំងរាជរដ្ឋាភិបាល។ ក្រោយមក លោកសេនាប្រមុខលន់ នល់ បានអញ្ជើញលោកសឺង ង៉ុកថាញ់ ឱ្យមកធ្វើនាយករដ្ឋមន្ត្រីនៃរបបសាធារណរដ្ឋខ្មែរ ពោលគឺបើលោកសឺង ង៉ុកថាញ់ ក្បត់ជាតិ តើអ្នកណាហៅឱ្យធ្វើនាយករដ្ឋមន្ត្រី? ដែលតាមពិត គាត់គ្រាន់តែ “ក្បត់រដ្ឋាភិបាល” និងចង់អូសទាញសង្គមទៅរករបបប្រជាធិបតេយ្យ សេរីពហុបក្ស តែប៉ុណ្ណោះ។ សម័យនោះ គេបានបង្កើតបទចម្រៀងមួយ ថា “ឱ! ស្វាយចន្ទី អាសម សារី អាសឺង ង៉ុកថាញ់ កុំជេរសម្តេចឪអញ ប្រយ័ត្នអញបាញ់ដូចអាព្រាប អ៊ិន” ចម្រៀងនេះ សិស្សានុសិស្សគ្រប់សាលារៀនទូទាំងប្រទេស ចេះច្រៀងគ្រប់គ្នា សូម្បីអាចារ្យថាំ ក៏ចេះច្រៀងបទនេះដែរ តែមិនទាន់យល់ពីខ្លឹមសាររបស់ទំនុកច្រៀង មិនខុសពីសារិកាកែវវង គេបង្ហាត់ឱ្យនិយាយ ក៏ចេះនិយាយ ដោយមិនយល់ពីអត្ថន័យ។ សម័យនោះ ក៏មានពាក្យចចាមអារ៉ាមថា លោកសម សារី (ឪពុកលោកសម រង្ស៊ី) ជាភ្នាក់ងារសម្ងាត់របស់សម្តេចឪ ប្លមខ្លួនចូល ក្នុងចលនាខ្មែរសេរី ហើយត្រូវពួកសេអ៊ីអា ស៊ើបដឹង ក៏បញ្ឆោតនាំលោកទៅសម្លាប់នៅចំណុចព្រំដែនកម្ពុជា-លាវ ប៉ុន្តែ លោក សម សារី ត្រូវជាប់ឈ្មោះថា ក្បត់ជាតិរហូតមក។

ដូច្នេះយើងឃើញថា ទោះជាស្តេចពញាអុង បម្រើសៀម ក៏ដូចលោកសឺង ង៉ុកថាញ់ លោកសម សារី ដែលបម្រើចលនាខ្មែរសេរី មានអាមេរិកនៅពីក្រោយក៏ឥស្សរជនទាំងនោះ “គ្មានវិចារណញ្ញាណអ្វី ដើម្បីធ្វើការប្រឆាំងនឹងជាតិមាតុភូមិរបស់ខ្លួនបានឡើយ” ពោលគឺពាក្យ “ក្បត់ជាតិ” ត្រូវភាគីរដ្ឋាភិបាលដាក់ឱ្យតែប៉ុណ្ណោះ។ សាមីខ្លួននោះ មិនអាចអួតអាងប្រាប់គេថា ខ្លួនក្បត់ជាតិ លក់ក្បាលឱ្យបរទេសនោះឡើយ ប៉ុន្តែ “យុទ្ធសាស្ត្រនយោបាយប្រឆាំង” ចាំបាច់ត្រូវតែមានឈ្មោះថា “ក្បត់ជាតិ”

ក្រឡេកមើលស្ថានការណ៍បច្ចុប្បន្នវិញ យើងឃើញលោកសម រង្ស៊ី ត្រូវបានអ្នកមាននិន្នាការផ្ទុយហៅថា “កូនអាក្បត់ ជាតិ”“កូនជនក្បត់ជាតិ” និងរងការចោទប្រកាន់ពីបក្សកាន់អំណាចថា លោកសម រង្ស៊ី បំផ្លាញជាតិឯង តាមរយៈ “ការប្រឆាំងផ្កាប់មុខ” ញុះញង់អន្តរជាតិឱ្យផ្តាច់ជំនួយជាដើម។ ការដៀលពូជដល់ឪពុកបែបនេះ ធ្វើឱ្យអតីតមេបក្សប្រឆាំងរូបនេះ នៅមិនសុខ ក៏ចោទប្រកាន់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាវិញ ថា “ក្បត់ជាតិ” ដោយលើក៤ចំណុចសំខាន់ៗបង្ហោះតាមទំព័រហ្វេសប៊ុកមានជាអាទិ៍ បម្រើផលប្រយោជន៍បរទេស កាត់ទឹកដីប្រទេសខ្លួនឱ្យទៅប្រទេសជិតខាង សម្លាប់ប្រជារាស្ត្រខ្លួនឯង ដូចផែនការក៥ បំផ្លាញទ្រព្យសម្បត្តិជាតិ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។

ការចោទប្រកាន់គ្នាទៅវិញទៅមកថា “ក្បត់ជាតិ” នេះ បានត្រឹមដុតកំហឹងឱ្យឆាបឆេះសន្ធោសន្ធៅតែប៉ុណ្ណោះ។

តាមពិតទៅ អ្នកនយោបាយខ្មែរ “គ្មានជនក្បត់ជាតិទេ” ប៉ុន្តែ អ្វីៗទាំងអស់ កើតឡើងដោយការចោទប្រកាន់តែប៉ុណ្ណោះ ស្របនឹងសំណេរអ្នកនិពន្ធបារាំងខាងលើនេះឯង។ សូម្បីព្រាប អ៊ិន, ចៅ បូរី, មធុរ៉ា ដែលត្រូវតុលាការសឹកកាត់ទោសប្រហារជីវិត ដោយយកទៅបាញ់ចោលនៅភ្នំត្រពាំងក្រឡឹង ខេត្តកំពង់ស្ពឺ កាលពីទសវត្សឆ្នាំ១៩៦០នោះ ក៏ពួកគាត់មិនសារភាពថា ក្បត់ជាតិនោះដែរ តែតុលាការបានចោទប្រកាន់ ព្រោះតែពួកគាត់ចូលចលនាខ្មែរសេរី ប្រឆាំងរដ្ឋាភិបាលសង្គមរាស្ត្រនិយម។ ការប្រឆាំងរហូតទៅពឹងបរទេសនោះ គឺដើម្បី “ដណ្តើមអំណាច” មានន័យថា “ក្បត់រដ្ឋាភិបាល” មិនមែន “ក្បត់ជាតិ” នោះទេ។

យ៉ាងណាមិញ ករណីលោកសម រង្ស៊ី ចោទប្រកាន់សម្តេចហ៊ុន សែន ថាក្បត់ជាតិ ក្រោមលេស៤ចំណុចនោះ មិនត្រឹមត្រូវទេ ព្រោះសម្តេចបានដឹកនាំប្រទេសជាង៣០ឆ្នាំហើយ ដោយឈានពីបាតដៃទទេ រហូតមានអ្វីៗទាំងអស់។ ដូចគ្នានេះដែរ ករណីចោទប្រកាន់ដៀលលោកសម រង្ស៊ី ជាកូនជនក្បត់ជាតិនោះ ក៏មិនត្រឹមត្រូវដែរ ព្រោះបើពិចារណាទៅ ហេតុអ្វីបានជាសម្តេចចក្រីញឹក ជូឡុង ជាសហការីជំនិតរបស់សម្តេចឪ សុខចិត្តយកលោកសម រង្ស៊ី ជាកូនប្រសា? ហេតុអ្វីបានជាលោក សម រង្ស៊ី ជាកូនជនក្បត់ជាតិ បានឡើងជាមន្ត្រីជាន់ខ្ពស់ហ៊្វុនស៊ិនប៉ិច កាលចាប់ផ្តើមតស៊ូទៅក្រៅប្រទេស?

ដូច្នេះអ្វីៗទាំងអស់ គឺជាការចោទប្រកាន់របស់ភាគីម្ខាងតាម “យុទ្ធសាស្ត្រនយោបាយ” ឬដោយសារនិន្នាការនយោបាយ ផ្ទុយគ្នាតែប៉ុណ្ណោះ។

ការលើកឡើងខាងលើនេះ ស្តែងឱ្យឃើញថា “គ្មានវិចារណញ្ញាណអ្វី ដើម្បីប្រឆាំងជាតិមាតុភូមិរបស់ខ្លួនបានឡើយ” ពោលគឺទោះក្នុងកាលៈទេសៈណា ក៏ប្រជាជាតិខ្មែរ សុទ្ធតែស្នេហាជាតិមាតុភូមិដូចគ្នា។ សូម្បីអាណិកជនខ្មែររស់នៅអាមេរិក បារាំង អូស្ត្រាលី ក៏គ្មានជនណាម្នាក់ភ្លេចធាតុកំណើតនោះឡើយ សូម្បីកុមារកើតនៅស្រុកគេ មិនចេះភាសាខ្មែរ ក៏បានម៉ែឪ ប្រៀនប្រដៅមិនឱ្យភ្លេចមាតុភូមិកម្ពុជា។ ដូចគ្នានេះដែរ អាណិកជនចិន មករស់នៅកម្ពុជា មិនដែលភ្លេចប្រទេសចិននោះឡើយ តែក្នុងករណីខ្លះមានការចោទប្រកាន់ថា ក្បត់ជាតិ ក៏ដោយសារជនជាប់ចោទនោះ ធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាល តែប៉ុណ្ណោះ។ យ៉ាងណាមិញ “អ្នកនយោបាយណាក៏ស្នេហាជាតិដែរ” ឯរឿងចោទប្រកាន់ថា “ក្បត់ជាតិ” គ្រាន់តែជាការលាបពណ៌តាមយុទ្ធសាស្ត្រនយោបាយដណ្តើមសន្លឹកឆ្នោតតែប៉ុណ្ណោះ។

សរុបទៅ “គ្មានវិចារណញ្ញាណអ្វី ដើម្បីប្រឆាំងមាតុភូមិ” មានន័យយ៉ាងនេះឯង ពោលគឺអ្នកនយោបាយគ្រប់និន្នាការ គ្រប់គណបក្ស គ្មានអ្នកណាម្នាក់ទូលផែនដីទៅលក់ឱ្យបរទេសនោះឡើយ។ ហេតុនេះការចោទប្រកាន់គ្នាពីរឿងក្បត់ជាតិ នោះ កំពុងដើរជាន់ប្រវត្តិសាស្ត្រទៀតហើយ គួរទុកឱ្យប្រជាពលរដ្ឋពិចារណាវាយតម្លៃវិញ ព្រោះរាស្ត្រសម័យនេះចេះវិភាគ រឿងនយោបាយច្បាស់ណាស់៕

ដោយ អាចារ្យថាំ

RELATED ARTICLES