ប្រទេសថៃ ៖ កាំភ្លើងត្បាល់ធុនធ្ងន់ និងគ្រាប់រ៉ុក្កែតមួយចំនួន ដែលក្រុមតម្រួតថៃ
ចាប់បាននៅក្នុងខេត្តស្រះកែវ ត្រូវបានជនសង្ស័យឆ្លើយសារភាពថា បានយកពីខាងទឹកដីកម្ពុជា ដោយភាគីខ្មែរជាអ្នកផ្តល់ឲ្យ ខណៈដែលជនសង្ស័យចំនួន៥នាក់
បានធ្វើការដឹកជញ្ជូនអាវុធ និងគ្រាប់រំសេវទាំងនេះ ចេញពីខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ
ចូលទៅក្នុងប្រទេសថៃ ដោយបានឆ្លងកាត់ខេត្តស្រះកែវ ក៏ត្រូវកម្លាំងស្ទាក់ចាប់តែម្តង ។
យោងតាមរបាយការណ៍ដែលយើងទទួលបាន គឺនៅវេលាម៉ោង១២និង៣០នាទីយប់
រំលងអាធ្រាត្រ ឈានចូលយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងស្នងការដ្ឋាន
តម្រួតខេត្តស្រះកែវ បានចុះសហការជាមួយកំលាំងអធិការដ្ឋានស្រុកអារញ្ញប្រាថេត
និងកម្លាំងអធិការដ្ឋានស្រុកមឿងស្រះកែវ បានចេញប្រតិបត្តិការ បន្ទាប់ពីទទួលបាន
នូវសេចក្តីរាយការណ៍ស្តីពីករណីជួញដូរអាវុធខុសច្បាប់ ។
កិច្ចប្រតិបត្តិការនេះបានធ្វើឡើងនៅត្រង់ចំណុចស្ថានីយប្រេងឥន្ធនៈមួយកន្លែង នៅលើ
កំណាត់ផ្លូវលេខ៣៥៩ ក្នុងភូមិ៧ ឃុំស្រះខ្វាន់ ស្រុកមឿងស្រះកែវ ខេត្តស្រះកែវ ប្រទេសថៃ ខណៈដែលរថយន្តរបស់មុខសញ្ញាចំនួន៣គ្រឿង បានបង្ហាញខ្លួននៅកន្លែងស្ថានីយប្រេងឥន្ធនៈខាងលើនេះ ។ ក្រោយពេលធ្វើការឡោមព័ទ្ធពីកម្លាំងតម្រួតថៃ គឺជនសង្ស័យចំនួន៥នាក់ ត្រូវបានចាប់ខ្លួន ដែលពួកគេទាំងនោះមានឈ្មោះ ទី១. ផាណា ឆៃគង់ ភេទប្រុស អាយុ៣៨ឆ្នាំ ទី២. ប៊ុនថាំ ជ័យជំនះ ភេទប្រុស អាយុ៥២ឆ្នាំ ទី៣. ខុមសាន់ កិច្ចថាវ៉នអាជីព ភេទប្រុស អាយុ៣០ឆ្នាំ ទី៤. ឧទ័យ ជ័យជំនះ ភេទប្រុស អាយុ៤៨ឆ្នាំ និងទី៥. មានជ័យ កាន់ប្រៈសុំ ភេទប្រុស អាយុ៣២ឆ្នាំ ។
នៅក្នុងពេលចាប់ខ្លួននោះ សមត្ថកិច្ចបានឆែកឆេរ និងធ្វើការត្រួតពិនិត្យទៅលើរថយន្តទាំង៣គ្រឿង គឺបានរកឃើញវត្ថុតាងមួយចំនួន ដែលសុទ្ធសឹងតែជាអាវុធធុនធ្ងន់ទាំងអស់ ដែលក្នុងនោះរួមមាន កាំភ្លើងផ្លោងធុន៨២មីល្លីម៉ែត្រ ចំនួន២ដើម កាំភ្លើងផ្លោងធុន៨១មីល្លីម៉ែត្រ ចំនួន១ដើម គ្រាប់ផ្លោងធុន៨២មីល្លីម៉ែត្រ ចំនួន៣គ្រាប់គ្រាប់រ៉ុក្កែតដុតឆ្នួន ចំនួន៣ឈុត រថយន្តចំនួន៣គ្រឿង និងទូរស័ព្ទដៃ ចំនួន៦គ្រឿង ។
ជុំវិញការជួញដូរអាវុធខុសច្បាប់របស់ជនសង្ស័យទាំង៥នាក់ ដែលផ្ទុយពីមាត្រាដែលបានចែងថា ហាមនាំយកអាវុធគ្រាប់រំសេវ ទៅធ្វើចរាចរណ៍លើផ្លូវសាធារណៈ ដោយគ្មានការអនុញ្ញាតនោះ ត្រូវបានកម្លាំងតម្រួតចាត់បញ្ជូន រួមជាមួយនឹងវត្ថុតាងទៅកាន់ស្នងការខេត្តស្រះកែវ ក្នុងការសាកសួរបន្ថែមជុំវិញការនាំអាវុធដោយខុសច្បាប់នេះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ និងបន្តបើកការស្រាវជ្រាវថា តើអាវុធទាំងនេះយកមកពីប្រភពណា ហើយពួកគេនាំយកទៅណា ឲ្យបានច្បាស់ ៕