ប្រទេសណាក៏មានអំពើពុករលួយដែរ គ្រាន់តែមានអត្រាទាបខ្ពស់ខុសគ្នាប៉ុណ្ណោះ ប៉ុន្តែ សម្រាប់កម្ពុជា ត្រូវបានអង្គការអន្តរជាតិទម្លាក់ពិន្ទុជិតដល់បាតតារាង ពាក់ព័ន្ធដល់អំពើពុករលួយ។ ករណីបែកធ្លាយមូលហេតុ យួនចូលស្រុកខ្មែរ ដោយសារតែហុចលុយឱ្យសមត្ថកិច្ចច្រកព្រំដែននោះ គឺមកពីអំពើពុករលួយ “តូចស៊ីដោយតូច ធំស៊ីដោយធំ” នេះឯង ឬ “ឈើតូច លូតតាមឈើធំ” ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
កាលពីពេលថ្មីៗនេះ មានទំព័រហ្វេសប៊ុកមួយបានបង្ហោះវីដេអូ បង្ហាញរូបភាពជនជាតិវៀតណាម ឆ្លងដែនដោយខុសច្បាប់ចូលកម្ពុជា ដោយជិះម៉ូតូ និងបានហុចលុយឱ្យប៉ូលិសខ្មែរ នៅច្រកទ្វារអន្តរជាតិក្រុងបាវិត។ ទោះជាមន្ត្រីអាជ្ញាធរមូលដ្ឋានមានលេសថា ជារឿងមិនពិត ឬជាការបំផ្លើស ក្នុងន័យបង្កាច់បង្ខូចកិត្តិយសសមត្ថកិច្ចការពារព្រំដែន ក៏មនុស្សភាគច្រើនយល់ថា “ជាការពិត” ដោយហេតុថា “មនុស្សនិងប្រាក់ យក្សនិងសាច់ ឆ្កែនិងអាចម៍ អាចារ្យនិងតែ”។ មិនដឹងជាប្រកែក យ៉ាងម៉េចកើតទេ ព្រោះអំពើពុករលួយប្រទេសណាក៏មានដែរ គ្រាន់តែមានអត្រាទាបខ្ពស់ខុសគ្នាប៉ុណ្ណោះ។ បើកម្ពុជា គ្មានអំពើពុករលួយ ហេតុអ្វីរាជរដ្ឋាភិបាលបង្កើត “អង្គភាពប្រឆាំងអំពើពុករលួយ?” សំណួរនេះ មិនបាច់ឆ្លើយនាំវែងឆ្ងាយទេ តែយើងចង់លើកឡើងពីលក្ខណៈ “ឈើតូច លូតតាមឈើធំ” វិញ ព្រោះអ្វីៗកើតឡើងមកពី “វប្បធម៌ធ្វើតាមគ្នា”។
បើយើងដើរចូលព្រៃស្រោង នឹងឃើញព្រៃព្រឹក្សាគ្រប់ប្រភេទ លូតលាស់ស្រស់បំព្រងប្រដេញគ្នាដកកម្ពស់ ប៉ុន្តែ ដើម ឈើតូចៗ ដែលដុះនៅពីក្រោមដើមឈើធំ ប្រឹងដកកម្ពស់ពេកទៅ ក៏រៀវស្តួចត្រង់ធ្លូ គ្មានមែកគ្មានស្លឹកត្រឈឹងត្រឈៃដូចគេទេ។ នៅក្នុងវណ្ណកម្ម “គតិលោក” របស់អ្នកឧកញ៉ាសុត្តន្តប្រីជា ឥន្ទ រឿង “សត្វកណ្តូប និងដើមសង្កែ” បានតំណាលថា កាលនោះមានសត្វកណ្តូប១ ហើរទៅទំស៊ីស្លឹកនិងផ្លែផ្កានៃដើមសង្កែ ដុះនៅវាលស្រែ១។ លុះបរិភោគឆ្អែតស្កប់ស្កល់ ក៏ហើរទៅព្រៃភ្នំ ចុះទំលើមែកសង្កែភ្នំ១ ដុះនៅក្រោមដើមឈើធំទាំងឡាយ។ លុះដល់ឃ្លានអាហារកណ្តូបនោះក៏ហើរឆ្វៀលដើម សង្កែ ដើម្បីរកមើលស្លឹក ផ្លែផ្កា នឹងបរិភោគ លុះរកមិនឃើញផ្លែផ្កា ឃើញមានតែដើមខ្ពស់ស្តួចដូច្នោះ កណ្តូបនោះ ក៏សួរទៅដើមសង្កែថា “ដើមសង្កែ ដែលដុះនៅវាលស្រែឯណោះ គេមានស្លឹក ផ្លែផ្កា ជាទីប្រជុំនៃសត្វកន្លង់ កណ្តូប អណ្តើកមាសទាំងឡាយ អាស្រ័យបរិភោគបាន ចុះប្រស្តែងសង្កែភ្នំឯង ហេតុអ្វីក៏គ្មានស្លឹក ផ្លែផ្កាដូចគេ?” ដើមសង្កែនោះក៏ឆ្លើយថា “ឱ!អ្នកអើយ! ដើមខ្ញុំនេះដុះនៅក្រោមឈើធំ ក៏វិស័យឈើធំទាំងឡាយ មានដើមផ្ចឹក រាំង ឈើទាល ជាដើមនោះ គេជាតិឈើភ្នំ ប្រកបដោយ ខ្លឹមខាងក្នុង គេក៏លូតបែកមែកត្រសុំសាខា តែខ្ញុំឯនេះ ជាជាតិឈើឥតខ្លឹម ហើយមកដុះនៅខាងគេ តាំងលូតតាមគេទៅ ទាល់តែរកស្លឹកគ្មានយ៉ាងនេះ”។ ឯកណ្តូបនោះ ក៏តិះដៀលដើមសង្កែភ្នំ ហើយសរសើរដើមសង្កែស្រែ រួចក៏ហើរចេញទៅ។
លើកឧទាហរណ៍ក្នុងអក្សរសិល្ប៍នេះ គឺចង់បង្ហាញថា “ឈើតូចប្រឹងលូតតាមឈើធំ បានត្រឹមរៀវស្តួច គ្មានស្លឹកតែប៉ុណ្ណោះ” ដើមសង្កែភ្នំនោះ បើត្រូវខ្យល់បោកបក់ល្មមៗ ក៏បាក់ប្រាវ ព្រោះដើមវាស្រួយគ្មានខ្លឹម ពោលគឺវាដុះអមដើមឈើធំៗ សម្រាប់ តែការពារកុំឱ្យសត្វសាហាវផ្សេងៗទៅត្រដុសខ្លួន នាំឱ្យប្រេះសំបកតែប៉ុណ្ណោះ។
យ៉ាងណាមិញ សមត្ថកិច្ចល្អិតល្អោចដែលអង្គុយចាំយកលុយពីជនជាតិវៀតណាម ម្នាក់៥ម៉ឺនដុង រួចបើកផ្លូវឱ្យចូលដោយ សេរីនោះ គឺមកពី “ចង់មានចង់បានដូចមេៗ”។ លុយ៥ម៉ឺនដុង ស្មើជិត៩ពាន់រៀលនោះ ក៏មិនមែនស៊ីម្នាក់ឯងដែរ ត្រូវយក ទៅចែកគ្នា១ប៉ុស្តិ៍ឯណោះ បើទូទាត់ទៅ អាចថា បានត្រឹមរួចថ្លៃគុយទាវ កាហ្វេប៉ុណ្ណោះ គ្មានសេសសល់អ្វីជាដុំកំភួននោះទេ។ ផ្ទុយទៅវិញ មន្ត្រីជាន់ខ្ពស់ ឬមន្ត្រីថ្នាក់ខេត្ត-ក្រុង ដែលទទួលប្រាក់បៀវត្សរាជការនៅមានកម្រិត បែរជាមានភូមិគ្រឹះ ធំស្កឹម ស្កៃ រថយន្តទំនើបតម្លៃរាប់សែនដុល្លារ មានដីចម្ការ ឬដីត្រូវប៉ាន់រាប់ហិកតារនោះ ទោះជាគ្មានភ័ស្តុតាង ក៏គេអាចដឹងបាន ថា “ជាតិឈើធំមានខ្លឹម ត្រូវតែខ្ពស់យ៉ាងនេះ” ពោលគឺបើមិនចេះរកលុយក្រោមតុ ធ្វើម៉េចបានសម្ភារនិយម? ធម្មតាមន្ត្រី ធំៗ គេមិនស៊ីកាក់ល្អិត៥ម៉ឺនដុង ដូចមន្ត្រីល្អិតល្អោចនោះទេ ព្រោះស៊ីញ៉េ១ខ្វោក មានតម្លៃខ្លាំងណាស់។
ដូួច្នេះឈើធំមិនងាយដួលរលំទេ ព្រោះជាឈើមានខ្លឹម ផ្ទុយទៅវិញ ឈើតូចដូចដើមសង្កែភ្នំ បើត្រូវខ្យល់បោកបក់ ល្មមៗក៏បាក់ដែរ។ សព្វថ្ងៃ អង្គភាពប្រឆាំងអំពើពុករលួយ នៅតែបន្តការងារជានិច្ចក្នុងការបោសសម្អាត “ឆ្មាស៊ីត្រីអាំង” ប៉ុន្តែ “ខ្លាស៊ីគោ” ទុកម្តុំសិន ព្រោះមិនទាន់ដល់ដំណាក់កាល។ អ៊ីចឹងប៉ូលិសច្រកទ្វារអន្តរជាតិ ដែលកំពុងញៀនញ៉ាមក្នុងការទទួល លុយពីជនជាតិវៀតណាម ឬជនជាតិថៃ ចាត់ទុកជាជំពូក “ឆ្មាស៊ីត្រីអាំង” ដែលអង្គភាពប្រឆាំងអំពើពុករលួយកំពុងស្វែងរក។ បើស៊ីមិនប្រយ័ត្នគ្រោះថ្នាក់មួយរំពេច ឬថា “ប្រឹងលូតតាមអ្នកធំ” បានត្រឹមចូលរង្វង់ក្រចកសេះ ដូចឃើញកន្លងមក ខណៈដែលអធិការនគរបាលស្រុក និងមន្ត្រីកំប៉ិកកំប៉ុកមួយចំនួន ត្រូវតុលាការកាត់ទោសពីបទប្រព្រឹត្តអំពើពុករលួយ។
ករណី “ឈើតូច លូតតាមឈើធំ” ប្រទេសណាក៏មានដែរ ប៉ុន្តែ ប្រទេសគេៗបោសពីលើមកក្រោម ដូចករណីកាត់ទោស អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រីផាក គឿនហេ ជាដើម។ នៅចិន នៅវៀតណាម ក៏បោសពីលើមកក្រោមដែរ រហូតមានការកាត់ទោសមន្ត្រីជាន់ខ្ពស់ ដល់ប្រហារជីវិតទៀតផង ទើបសង្គមរបស់គេស្អាតស្អំ ដោយសារមន្ត្រីល្អិតល្អោច ខ្លបខ្លាច មិនហ៊ានប្រព្រឹត្តអំពើពុករលួយ។ សម្រាប់កម្ពុជា អាចថា បោសពីលើមកក្រោមមិនទាន់កើត ព្រោះខ្វះធនធានមនុស្ស ម៉្យាងទៀតឆាកនយោបាយដណ្តើមសន្លឹកឆ្នោត បើមានការកាត់ទោសមន្ត្រីជាន់ខ្ពស់ ពីបទប្រព្រឹត្តអំពើពុករលួយ នាំឱ្យប៉ះពាល់ ដល់កិត្យានុភាពរបស់បក្សកាន់អំណាច។ ម៉្លោះហើយ អ្នកធំពុករលួយ ទុកមួយឡែកសិន ត្រូវបោសថ្នាក់ក្រោមជាមុន ដែល មន្ត្រីល្អិតល្អោច “ស៊ីលុយដុង” ឬ “តូចស៊ីតាមតូច” នោះ ត្រូវមានការប្រុងប្រយ័ត្ន។ ប្រាក់ដុង សព្វថ្ងៃថោកជាងប្រាក់រៀល ទៅទៀត តែប៉ូលិសយាមព្រំដែន ប្រឹងលូតតាមមេៗ ក៏ទទួលក្រដាសប្រាក់នោះ ទប់ទល់ថ្លៃកាហ្វេ គុយទាវ។ បើសិនជា មានអ្នកប្តឹង ដោយថតបានភ័ស្តុតាងជាក់ស្តែង ច្បាស់ណាស់ថា “ឆ្មាស៊ីត្រីអាំង” ទាំងនេះនឹងត្រូវគេដេញវ៉ៃបាក់ខ្នង។
សព្វថ្ងៃ ប្រជាពលរដ្ឋនៅជាយដែន ឃ្លាំមើលឃើញថា ប៉ូលិសការពារព្រំដែន ជាអ្នកបើកផ្លូវឱ្យជនជាតិយួន ចូលស្រុក ខ្មែរ ដោយសេរី គ្រាន់តែហុចលុយម្នាក់៥ម៉ឺនដុង។ ចំណែកប៉ូលិសនៅរាជធានី-ខេត្ត ផ្នែកអន្តោប្រវេសន៍ ចាំតែចាប់ជនបរទេសខុសច្បាប់ បញ្ជូនចេញទៅវិញ។ បើម្ខាងបើកឱ្យចូល ម្ខាងចាប់ចេញយ៉ាងនេះ វាមិនឈ្នះអ្នកបើកឱ្យចូលនោះទេ គឺចូលច្រើនទៅៗ រហូតដល់ភ្នំពេញ ច្រករបៀងណាក៏មានយួន ចូលមកកាច់សម្បុកដែរ ដែលខ្លះបើកហាងកាហ្វេ ម៉ាស្សា កោសជប់ ខាត់ស្បែកជើង ជួសជុលម៉ូតូ បើកបនល្បែង ឬធ្វើចោរក៏មាន។ ពាក្យ “យួន” សរសេរក្នុងសិលាចារឹកថា “យវន” មានមកតាំងពីសម័យនគរភ្នំ ចេនឡាន ម៉្លេះ ឯពាក្យ “អណ្ណាម” ឬ “អណ្ណាមកុក” “ដៃវៀត” កើតនៅសម័យអង្គរលង្វែក។ ចំពោះពាក្យ “យៀកណាម ឬវៀតណាម” ទើបតែកើតនៅសម័យអាណានិគមបារាំង ដូច្នេះពលរដ្ឋខ្មែរចូលចិត្តប្រើពាក្យ “យួន” ព្រោះងាយយល់ ខណៈដែលមន្ត្រីរដ្ឋាភិបាលមិនសូវហ៊ានប្រើ។ ការហូរចូលជនអន្តោប្រវេសន៍ពីទិសខាងកើតនេះ មកពី “ឈើតូច លូតតាមឈើធំ” នេះឯង ដែលជារឿងពិបាកធ្វើណាស់ ព្រោះប៉ូលិសព្រំដែនក៏មានក្រពះដែរ ពួកគាត់ត្រូវ ការគុយទាវ កាហ្វេ ស្រាបៀរ ដូចតែមន្ត្រីអន្ទ្រើសៗអ៊ីចឹង បន្ទោសមិនកើតទេ បើមិនចេះលូតតាមគេ ឬមិនចេះ “តូចស៊ី តាមតូច” ខ្លះ រង់ចាំតែប្រាក់ខែសុទ្ធនោះ ច្បាស់ជាប្រពន្ធកូនស៊ីសៀង គ្មានឱកាសបានស៊ីស៊ុបទេ។
សរុបទៅ “ឈើតូច លូតតាមឈើធំ” មានន័យយ៉ាងនេះឯង។ ហេតុនេះបើចង់ទប់ស្កាត់អំពើពុករលួយតាមជាយដែន លុះត្រាតែ “បោសពីលើមកក្រោមខ្លះ” ព្រោះថ្នាក់ក្រោមធ្វើអ្វីៗតាមគំរូថ្នាក់លើ ស៊ីលុយដុងឱ្យគេថតបាន ខណៈដែលថ្នាក់លើ លេបដុល្លារទាំងខ្ទាស់ៗ តែគេចាប់ភ័ស្តុតាងមិនបាន ឬបើចាប់បាន ក៏គេមិនហ៊ានទម្លាយចេញ ដែលបញ្ហានេះ រាជរដ្ឋាភិបាល គួរពិនិត្យពិចារណាធ្វើកំណែទម្រង់ស៊ីជម្រៅឱ្យមានប្រសិទ្ធភាព ដើម្បីស្តារការគាំទ្រពីប្រជាពលរដ្ឋ…៕
ដោយ អាចារ្យថាំ