សុភាសិតសាកល ១ឃ្លាថា “ដំណឹងអាក្រក់ ផ្សព្វផ្សាយលឿន” (Bad news travels fast) មានអត្ថន័យផ្តោតជាសំខាន់ទៅលើព័ត៌មានណាដែលល្អរឿងពិត ផ្សាយមិនបានលឿនទេ តែបើរឿងមិនពិត ព័ត៌មានបំផ្លើស ផ្សាយបានលឿនណាស់។ ករណីបំប៉ោងព័ត៌មានតាមប្រព័ន្ធហ្វេសប៊ុកពាក់ព័ន្ធ “យួនចាប់ក្មេងវះពោះ” ត្រូវបានសមត្ថកិច្ចរាជរដ្ឋាភិបាលប្រកាសថា ជារឿងមិនពិតនោះ ទម្រាំតែប្រកាស ព័ត៌មាននោះបានផ្សព្វផ្សាយយ៉ាងទូលំទូលាយតាំងពីក្រុងដល់ស្រែ ធ្វើឱ្យប្រជាពលរដ្ឋខ្មែរ ជ្រួលច្របល់ខ្លាចរងគ្រោះដល់កូនចៅ ព្រោះតែ “ដំណឹងអាក្រក់ផ្សព្វផ្សាយលឿន” ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
ប៉ុន្មានខែចុងក្រោយនេះ ដំណឹងផ្សាយតាមប្រព័ន្ធហ្វេសប៊ុក ពាក់ព័ន្ធដល់ករណី “យួនចាប់ក្មេងវះពោះ យកក្រលៀន” ធ្វើឱ្យប្រជាពលរដ្ឋខ្មែរ ព្រួយបារម្ភស្ទើរគ្រប់គ្នា សូម្បីក្រសួងអប់រំ ក៏បានចេញសេចក្តីប្រកាសអំពាវនាវដល់បិតាមាតាអាណាព្យាបាលសិស្ស ឱ្យប្រុងប្រយ័ត្នករណីចាប់ក្មេងនេះដែរ។ ថ្មីៗនេះ មានគណនីហ្វេសប៊ុករបស់ឈ្មោះណៃ ស៊ីណេង (Nay Sineng) រស់នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ត្រូវបានដឹងថា គាត់រៀនដល់អនុបណ្ឌិត ជាសកម្មជនបក្សប្រឆាំង ដែលសមត្ថកិច្ចទើបនឹងចាប់ខ្លួននាពេលថ្មីៗនេះ បានសរសេរថា “ស្រុកបារាយណ៍ រសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ នៅរសៀលនេះ មានករណីជនជាតិយួន៣នាក់ ចាប់កូនក្មេងវះយកក្រលៀន និងភ្នែក ត្រូវបានប្រជាជនចាប់បានចំនួន២នាក់ និងរត់រួច១នាក់។ ករណីនេះ កើតឡើងនៅភូមិអណ្តូងពោធិ៍ ឃុំគ្រើល ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ សូមបងប្អូនមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះកូនរបស់ពួកយើង ពីព្រោះពួកនេះសាហាវណាស់”។ បន្ទាប់ពីសមត្ថកិច្ចធ្វើការស៊ើបអង្កេត ល្អិតល្អន់មក ក៏ដឹងថា ជាព័ត៌មានមិនពិត ធ្វើឱ្យម្ចាស់គណនីហ្វេសប៊ុកនោះ ត្រូវបានឃាត់ខ្លួន បញ្ជូនទៅតុលាការ ហើយត្រូវបានតុលាការសម្រេចឱ្យឃុំខ្លួននៅពន្ធនាគារ។ រឿងស្រដៀងគ្នានេះ បានកើតមានស្ទើរគ្រប់ខេត្តក្រុង រហូតដល់ប្រជាពលរដ្ឋខ្មែរភាគច្រើនមានការរើសអើងស្អប់ជនជាតិវៀតណាមយ៉ាងខ្លាំង ខណៈដែលបច្ចុប្បន្ន ជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់ បានចូល មករកស៊ីកវែកកឆ្នាំងលើទឹកដីកម្ពុជាច្រើនទៅៗ ចាប់យ៉ាងណាក៏មិនឈ្នះដែរ។
ទោះបីជាដំណឹងមិនពិត ក៏បានជ្រួតជ្រាបពេញប្រទេសទៅហើយ រហូតដល់តាៗញៀនកាហ្វេ យកករណីនេះមកជជែកគ្នាតាមទម្លាប់។ តាម្នាក់គាំទ្របក្សកាន់អំណាច លើកឡើងថា “ករណីយួនចាប់ក្មេងវះពោះយកក្រលៀននោះជារឿងមិនពិតទេ វាផ្តើមចេញពីអ្នកគាំទ្របក្សប្រឆាំង ដែលមានគំនិតរើសអើងជនជាតិវៀតណាម ក៏ផ្សព្វផ្សាយព័ត៌មានបំប៉ោង បំផ្លើស បង្កចលាចលក្នុងសង្គមអ៊ីចឹងទៅ ត្រូវតែទប់ស្កាត់ទើបបាន”។ តាម្នាក់ទៀត គាំទ្របក្សប្រឆាំង លើកឡើងថា “ទោះបីជាព័ត៌មានមិនពិត ក៏អាចធ្វើឱ្យជនជាតិយួនភ័យខ្លួនដែរ បើចង់សុខ ត្រូវវិលទៅស្រុកវិញ ក្រែងគេវ៉ៃច្រឡំ”…។
ការឆ្លងឆ្លើយនេះ យើងអាចដឹងថា តាគាំទ្របក្សកាន់អំណាច ចោទប្រកាន់អ្នកគាំទ្របក្សប្រឆាំង ពីរឿងរើសអើងប្រកាន់ពូជសាសន៍ ក៏ប្រឌិតរឿងយួនចាប់ក្មេងនេះឡើង។ ចំណែកតាគាំទ្របក្សប្រឆាំង ទទួលស្គាល់ថា ដំណឹងមិនពិតនេះ អាចធ្វើឱ្យជនជាតិវៀតណាមភ័យ នាំគ្នារត់ទៅស្រុកវិញ ដើម្បីបញ្ចៀសការវាយធ្វើបាប ក្នុងករណីមានការចោទប្រកាន់ ក៏វ៉ៃច្រឡំ។
ដោយសារយើងធ្លាប់ឆ្លងកាត់របបសង្គមជាច្រើនជំនាន់ អាចសន្និដ្ឋានបានថា នេះជាល្បិច “វាយស្មៅបង្អើលពស់” ដែលអ្នកស្អប់ជនជាតិវៀតណាម យកមកប្រើដូចរបបមុនៗ។ បើយើងមិនភ្លេចទេនោះ កាលពីឆ្នាំ១៩៧០ របបលន់ នល់ បានចោទប្រកាន់ជនជាតិវៀតណាម ដែលរស់នៅស្រុកខ្មែរថា ជារនុកក្នុងរបស់ពួកវៀតកុង វៀតណាមខាងជើង ឈ្លានពាន ទឹកដីខ្មែរ។ កាលនោះដោយដេញស្រួលៗមិនព្រមចេញ រដ្ឋការលន់ នល់ បានចាប់បង្ខំជនជាតិវៀតណាម រាប់ពាន់នាក់ ដាក់កប៉ាល់ ចុះតាមទន្លេមេគង្គ បញ្ជូនទៅស្រុកវិញគ្មានសល់ សម្រាប់អ្នកដែលរស់នៅក្នុងតំបន់រដ្ឋបាលនៃរបបសាធារណរដ្ឋខ្មែរ។ លុះចូលដល់ឆ្នាំ១៩៧៤ ជនជាតិវៀតណាម ដែលរស់នៅទឹកដីរំដោះ ក្រោមការគ្រប់គ្រងរបស់រណសិរ្សរួបរួមជាតិកម្ពុជា ក៏ត្រូវពួកខ្មែរក្រហម បណ្តេញចេញដែរ។ ជំនាន់នោះក៏មានទាហានវៀតកុង-វៀតណាមខាងជើង ចូលមកពួនសំងំតាមភូមិ ជាយដែន ឬតាមរូងភ្នំនានា ដើម្បីធ្វើសកម្មភាព ត្រូវបានអង្គការខ្មែរក្រហម បំផុសប្រជាជនតាមភូមិនីមួយៗ ស្ទាក់វាយប្រហារទាហានវៀតណាមទាំងនោះ ដោយបិតចម្រូង ធ្វើព្រួញស្នា គោះត្រដោក ចាំស្ទាក់គ្រប់ផ្លូវ។ ការបណ្តេញជាទ្រង់ទ្រាយធំនេះ វៀតណាម ទ្រាំមិនបាន ក៏ចេញពីប្រទេសកម្ពុជាអស់ សូម្បីអាណិកជនយួន ក៏មិនហ៊ាននៅដែរ។ នៅសម័យអ៊ុន តាក់ ក៏មានទាហានខ្មែរក្រហម បាញ់គ្រាប់ B៤០ ទៅលើទីប្រជុំជនចុងឃ្នៀស ជាប់បឹងទន្លេសាប ទឹកដីខេត្តសៀមរាប បណ្តាលឱ្យអាណិកជនយួន ប្រកបរបរនេសាទស្លាប់អស់ជាច្រើន។ ឯអ្នកនៅរស់ ភ័យស្លន់ស្លោ នាំគ្នាពកូនជញ្ជូនចៅរត់ទៅស្រុក ខ្លះក៏ចុះទូកទាំងខ្សែៗ ទៅដល់ច្រកក្អមសំណ ក៏ត្រូវសមត្ថកិច្ចវៀតណាម ខ្ទប់មិនឱ្យចូល ដោយសំអាងថា ជនជាតិវៀតណាមទាំងនោះ ចូលសញ្ជាតិកម្ពុជាហើយ…។
យើងមិនបាច់រំព្ញកវែងឆ្ងាយទេ គ្រាន់តែបញ្ជាក់ថា មកពីរបបលន់ នល់ និងខ្មែរក្រហម ស្អប់ជនជាតិវៀតណាម ក៏មានរបៀបដេញខុសៗគ្នា។ ឥឡូវករណីចេញព័ត៌មាន “យួនចាប់ក្មេងវះពោះយកក្រលៀន” អាចថាជាល្បិច “វាយស្មៅបង្អើលពស់” នេះឯង ព្រោះបើសង្ឃឹមប៉ូលិសយាមព្រំដែន នៅតែបើកផ្លូវឱ្យជនជាតិវៀតណាមឆ្លងដែនដោយសេរី ឱ្យតែមានលុយ ហុចឱ្យប៉ូលិសខ្មែរ ឬឱ្យតែមាន៥ម៉ឺនដុង ដូចអ្វីដែលធ្លាយចេញតាមបណ្តាញសង្គមហ្វេសប៊ុក។ ចំណែកប៉ូលិសអន្តោប្រវេសន៍ ឃើញចាប់បានជនជាតិវៀតណាម ស្ទើរតែរាល់ថ្ងៃ តែចាប់យ៉ាងណាក៏មិនចេះអស់ កាន់តែច្រើនទៅៗ។ ទំនងជាព្រួយបារម្ភ ដល់ជនជាតិវៀតណាម អាចមានសិទ្ធិបោះឆ្នោត ទើបបានជាមាន “ដំណឹងអាក្រក់ផ្សព្វផ្សាយលឿន” ដូចយើងឃើញកន្លងមក។
ដូច្នេះយើងឃើញថា មេរៀនប្រវត្តិសាស្ត្រ ត្រូវមនុស្សស្រករក្រោយយកមកអនុវត្ត មិនសូវខុសពីមុនទេ ព្រោះថា បើ មាន “អ្នកស្រលាញ់ជនជាតិវៀតណាម តែងតែមានអ្នកស្អប់ រើសអើងប្រកាន់ពូជសាសន៍ នៅទន្ទឹមគ្នា”។ គណបក្សប្រជាជនកម្ពុជា បានភ្ជាប់មិត្តភាពម៉ឺនឆ្នាំជាមួយវៀតណាម មិនអាចធ្វើឱ្យមិត្តភាពនេះ ប្រេះស្រាំបានឡើយ។ ជាក់ស្តែង ការប្តូរទស្សនកិច្ចជារឿយៗរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ បង្ហាញពីចំណងមិត្តភាពកម្ពុជា-វៀតណាម មិនប្រែក្រឡាស់។ ផ្ទុយទៅវិញ គណបក្សសង្គ្រោះជាតិ ក៏ដូចគណបក្សតូចៗមួយចំនួនទៀត រួមទាំងអង្គការសង្គមស៊ីវិលនានា ប្រហែលជាមិនចូលចិត្តវៀតណាម នោះទេ។ មេដឹកនាំបក្សប្រឆាំង មិនហ៊ានបញ្ចោញឥរិយាបថ ឬពាក្យសម្តីធ្ងន់បញ្ជាក់ថា ខ្លួនស្អប់វៀតណាមនោះទេ ប៉ុន្តែអ្នកបម្រើ និងអ្នកគាំទ្របក្សប្រឆាំងខ្លះ ហ៊ានជេរវៀតណាម ឬសរសេរផ្សព្វផ្សាយតាមទំព័រហ្វេសប៊ុកបង្ហាញពីចរិតស្អប់វៀតណាម។
ឥឡូវអ្នកសរសេរបង្ហោះព័ត៌មានបំផ្លើស ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបណ្តើរៗហើយ ដែលបង្ហាញថា រវាងអ្នកស្អប់ និង អ្នកស្រលាញ់វៀតណាម មានរបៀបធ្វើការខុសគ្នា ឬថា “ម្ខាងជេរ ម្ខាងចាប់”។ ការបំប៉ោងព័ត៌មានក្នុងន័យបំភិតបំភ័យជន- ជាតិវៀតណាម ពាក់ព័ន្ធនឹង “យួនចាប់ក្មេងវះពោះយកក្រលៀន” នោះ មិនបានលទ្ធផលអ្វីទេ ផ្ទុយទៅវិញ បានត្រឹមនាំទុក្ខ ទោសដល់ខ្លួនឯង ព្រោះជាព័ត៌មានមិនពិត ធ្វើឱ្យចលាចលក្នុងសង្គម ដែលរាជរដ្ឋាភិបាលត្រូវតែមានវិធានការទប់ស្កាត់។
សរុបទៅ “ដំណឹងអាក្រក់ផ្សព្វផ្សាយលឿន” អាចពាក់ព័ន្ធដល់ការរើសអើង សម្អប់ ប្រកាន់ពូជសាសន៍តែម្តង។ ខណៈ ដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ កាន់តែកៀកនោះ អ្វីដែលបក្សប្រឆាំងព្រួយបារម្ភ គឺខ្លាចជនជាតិវៀត- ណាម កាន់អត្តសញ្ញាណប័ណ្ណខ្មែរ មានសិទ្ធិបោះឆ្នោត។ ទោះយ៉ាងណា សម្រាប់ជនជាតិវៀតណាម ដែលឆ្លងដែនខុសច្បាប់ នោះ ក៏គួរចេះពិចារណាដែរ បើដឹងថា នៅស្រុកខ្មែរ មានអ្នកស្រលាញ់ និងមានអ្នកស្អប់ខ្លួនយ៉ាងនេះ ត្រូវគោរពច្បាប់អន្តោ- ប្រវេសន៍ផង ព្រោះថ្ងៃណាក៏ឃើញនគរបាលអន្តោប្រវេសន៍ចាប់បានជនជាតិវៀតណាម បញ្ជូនទៅស្រុកវិញដដែលៗ ជាហេតុ នាំឱ្យអ្នកស្អប់ ច្នៃប្រឌិតព័ត៌មានបំភិតបំភ័យយ៉ាងនេះឯង៕
ដោយ អាចារ្យថាំ