គួរគប្បីយល់ថា ប្រទេសណា គណបក្សណា ក្រុមឧទ្ទាមណា ឬអង្គភាពយោធាសំខាន់ៗ សុទ្ធតែមានបណ្តាញចារកម្ម ដូចៗគ្នា ប៉ុន្តែ បើចារកម្មខ្សោយ មិនឈ្នះគេទេ។ ករណីបែកធ្លាយរឿងសម្ងាត់ “ស្នេហានយោបាយ” រវាងកូនស្រីលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ជាមួយជនបរទេស ពាក់ព័ន្ធនឹងចារកម្ម ដូចអ្វីដែលហ្វេសប៊ុក “កូនខ្មែរ” ទម្លាយឱ្យដឹង ជាសាធារណៈនោះ ពុំដឹងជាពិតឬពុំពិតនោះទេ ប៉ុន្តែ បើសិនជារឿងពិតនោះ អាចបង្ហាញពី “ចារកម្មខ្សោយ នយោបាយ ខ្សោយ” ឬ “ចារកម្មខ្លាំង នយោបាយខ្លាំង” ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
ករណីទំព័រហ្វេសប៊ុកមួយ ឈ្មោះ “កូនខ្មែរ” បានទម្លាយឯកសារសំខាន់ៗ ពាក់ព័ន្ធផែនការធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំ រដ្ឋាភិបាលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយដាក់ចំណងជើងថា “ស្នេហានយោបាយ ដើម្បីសម្រេចផែនការធ្វើបដិវត្តន៍ ពណ៌ ផ្តួលរំលំរដ្ឋាភិបាលលោកហ៊ុន សែន?” ពាក់ព័ន្ធនឹងចារបុរសបរទេស ជាមួយកូនស្រីលោកកឹម សុខា មេបក្សប្រឆាំងធំ ជាងគេនោះ “នគរធំ” មិនបានដឹងថា ជាការពិត ឬមួលបង្កាច់គ្នានោះទេ ព្រោះអ្វីៗជាអាថ៌កំបាំង ប៉ុន្តែ យើងមានសុទិដ្ឋិនិយមថា នៅលើពិភពលោកនេះ ប្រទេសណា គណបក្សណា ក្រុមឧទ្ទាមណា អង្គភាពយោធាណា ឬស្ថាប័នយានអវកាស របស់មហាអំណាច សុទ្ធតែមានខ្សែបណ្តាញចារកម្ម បញ្ជូនទៅស៊ើបការណ៍ដូចគ្នាទាំងអស់។ បើចារបុរស ចារនារីណាខ្សោយ ឆាកនយោបាយរបស់អ្នកដឹកនាំប្រទេស ឬមេដឹកនាំគណបក្សនោះខ្សោយ តែបើចារបុរស ចារនារីណាខ្លាំង អ្នកដឹកនាំប្រទេស ឬដឹកនាំបក្សនោះ ក៏ខ្លាំងដែរ។ ភាពខ្សោយរបស់ចារកម្ម គឺនៅត្រង់ “លាក់ការសម្ងាត់មិនជិត” ចំណែកភាពខ្លាំងរបស់ភាគី ម្ខាងទៀត នៅត្រង់ “ស៊ើបដឹងការសម្ងាត់ដែលគូប្រជែងព្យាយាមលាក់”។
យោងតាមគម្ពីរ “មិលិន្ទប្បញ្ហា” បុគ្គល៩ពួក មិនអាចប្រគល់ការងារចារកម្មឱ្យធ្វើបានឡើយ ព្រោះលាក់ការសម្ងាត់មិនជិត ជារួម មាន១-មនុស្សរាគចរិត (ចូលចិត្តលេងខ្លួនហ៊ឺហា), ២-មនុស្សទោសចរិត (ឆាប់ខឹងក្រេវក្រោធ), ៣-មនុស្ស មោ- ហចរិត (ងងឹតងងុលមិនចេះពិចារណា), ៤-មនុស្សភ័យខ្លាច, ៥-មនុស្សលោភលន់, ៦-ស្ត្រីភេទប្រាជ្ញាអន់, ៧-អ្នកប្រមឹក, ៨-មនុស្សខ្ទើយ, ៩-កូនក្មេង។ អ្នកដឹកនាំដែលចាត់តាំងបុគ្គល៩ប្រភេទនេះចេញទៅស៊ើបការណ៍ ច្បាស់ជាធ្លាយការសម្ងាត់មិនខាន។
ទោះយ៉ាងណា អ្នកដឹកនាំចាំបាច់ត្រូវតែមានបណ្តាញចារកម្ម មិនអាចអត់បានឡើយ សូម្បី “នារាយណបណ្ឌិត” អ្នកប្រាជ្ញ ជាតិឥណ្ឌា ក៏បានសរសេរនៅក្នុងសៀវភៅ “ស្រីហិតោបទេស” បកប្រែពីភាសាសំស្ក្រឹត ដោយព្រះវីរិយបណ្ឌិតោ ប៉ាង ខាត់ មានសេចក្តីជាអាទិ៍ថា “គួរប្រើចារបុរសក្នុងការស៊ើបអង្កេតឱ្យបានដឹងសេចក្តីថា ការគួរធ្វើនិងមិនគួរធ្វើក្នុងប្រទេសខ្លួន ឬក្នុង បរទេស ព្រោះចារបុរស ជាព្រះនេត្រនៃព្រះរាជា, ព្រះរាជាអង្គណាមិនមាន (ចារបុរស) សូម្បីតែម្នាក់ ព្រះរាជាអង្គនោះ ទុក ដូចជាមនុស្សខ្វាក់ពិតៗ”។ គម្ពីរដដែលបានសរសេរបន្ថែមទៀតថា “ការសម្ងាត់នេះបើដឹងដល់ត្រចៀក ៦ហើយ តែងបែក ធ្លាយ ហើយខ្ចរខ្ចាយចេញទៅដោយការនិយាយតៗគ្នា ហេតុនេះព្រះរាជា គប្បីរក្សាការសម្ងាត់បានចំពោះតែរូបព្រះអង្គ និង មនុស្សជាគម្រប់ពីរប៉ុណ្ណោះ”។
បើបកស្រាយខ្លឹមសារកថាខណ្ឌខាងលើនេះ ការសម្ងាត់ឱ្យដឹងតែមនុស្ស២នាក់ ឬ ត្រចៀក៤ ប៉ុន្តែ បើដឹងដល់មនុស្ស ៣នាក់ ឬត្រចៀក៦ ការសម្ងាត់នោះ នឹងធ្លាយចេញដឹងឮជាសាធារណៈ ឈានដល់បរាជ័យមិនខានឡើយ។ “ព្រះមហោសថ” តួអង្គព្រះពោធិសត្វ ក៏បានបញ្ជូន “សេកសោមបណ្ឌិត” ឱ្យហើរទៅយកការណ៍ពី “នាងសារិកា” ដែល “ព្រះបាទចូឡានី ព្រហ្មទត្ត” ចិញ្ចឹមក្នុងប្រាសាទ ទីបំផុតកិច្ចការអ្វីនៅក្នុង “ដែនបញ្ចាល” ត្រូវព្រះមហោសថ ដឹងទាំងអស់។ ចំណែកតេជោ មាស កំពូលវីរបុរសខ្មែរ ក៏បានបញ្ជូននាងចែម ជាស្រីស្អាត ឱ្យចូលទៅប្រលោមស្នេហ៍ពីមេឧទ្ទាមឈ្មោះ “ព្រះរាមទ្រាំង” រហូតវាយបែកទីតាំងពួកឧទ្ទាមដូចបំណង។
ជួនកាល មនោសញ្ចោតនាបងប្អូន ក៏មានអ្នកចេញមុខធ្វើចារកម្មដែរ ដោយពុំចាំបាច់ចាត់តាំងដូចករណី “អ្នកម្នាងកេសរបុប្ផា” លបស្តាប់ព្រះស្វាមី គឺ “ព្រះបាទស្រីសុគន្ធបទ” ជំនុំគ្នាជាមួយមន្ត្រីជំនិត រកល្បិចសម្លាប់ស្តេចកន ជាប្អូន ទើបអ្នកម្នាងអាណិត ប្អូនពេក ក៏លួចសរសេរសំបុត្រប្រើភីលៀងជំនិតឱ្យយកទៅជូនស្តេចកន។ ដោយបានដឹងសេចក្តីក្នុងសំបុត្រនោះ “ឃុនហ្លួងព្រះ ស្តេចកន” ក៏គេចរួចពីការធ្វើឃាត ចេញទៅកទ័ព ប្រឆាំងនឹងព្រះបាទស្រីសុគន្ធបទ ជាបងថ្លៃ។ ដោយឡែក ព្រះបាទស្រី សុគន្ធបទ មិនចេះប្រើចារកម្មដូចគេទេ ក៏ត្រូវចាញ់ល្បិចស្តេចកន ដែលចេះប្រើភ្នាក់ងារសម្ងាត់ តាមរយៈការបញ្ជូន “ឧកម៉ឺន សុរិន្ទកែវ” ឱ្យឈ្លបចូលទៅធ្វើការបម្រើព្រះបាទស្រីសុគន្ធបទ រហូតធ្វើគុតព្រះអង្គបាន និងដណ្តើមបានរាជសម្បត្តិថ្វាយស្តេចកន…។
ដូច្នេះយើងឃើញថា បើកាលណា “ចារកម្មខ្លាំង នយោបាយខ្លាំង” ប៉ុន្តែ បើ “ចារកម្មខ្សោយ ឬមិនចេះប្រើចារកម្ម” ច្បាស់ជាចាញ់គូប្រជែងមិនខាន។ នៅក្នុងសង្គ្រាមលោកលើកទី២ កម្លាំងចារកម្ម មានតួនាទីសំខាន់ណាស់ ជាពិសេស ភ្នាក់ងារ CIA របស់អាមេរិក ដើរពេញដី រហូតឈ្នះសង្គ្រាមលើប្រទេសជប៉ុន តាមរយៈការទម្លាក់គ្រាប់បែកបរមាណូ លើទីក្រុងហ៊ីរ៉ូស៊ីម៉ា និង ណាហ្គាសាគី ស្របពេលដែលកងទ័ពអាល្លឺម៉ង់ របស់ហ៊ីត្លែរ និងកងទ័ពអ៊ីតាលី របស់មូសូលីនី ចុះចាញ់សម្ព័ន្ធមិត្ររបស់អាមេរិក។
ក្រឡេកមើលឆាកនយោបាយកម្ពុជាវិញ យើងឃើញថា កិច្ចការអ្វីដែលបក្សប្រឆាំងលាក់លៀម ស្រាប់តែធ្លាយចេញ ដូចករណីលោកកឹម សុខា ប្រធានគណបក្សប្រឆាំង និងលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង ចុះហត្ថលេខាជាមួយយួនសេរី ជាដើម។ ឥឡូវស្រាប់តែមានហ្វេសប៊ុក “កូនខ្មែរ” ទម្លាយរឿង “ស្នេហានយោបាយរវាងកូនស្រីលោកកឹម សុខា និងភ្នាក់ងារ ចារកម្មអាមេរិក” បើសិនអ្វីៗជាការពិត ច្បាស់ជាមានបញ្ហាឡើងដល់តុលាការ ដូចករណីលោកកឹម សុខា ជាឪពុកពាក់ព័ន្ធ រឿង “ស្នេហាជាមួយស្រីមុំ”។ “នគរធំ” មិនហ៊ានចោទប្រកាន់ទេ ព្រោះគ្មានភ័ស្តុតាងច្បាស់លាស់ ប៉ុន្តែទោះយ៉ាងណាបើសិន អ្វីៗជាការពិតនោះ គឺមកពីបក្សប្រឆាំងមានបណ្តាញចារកម្មខ្សោយ ទើបអ្វីៗត្រូវបែកការ រីឯបក្សកាន់អំណាច មានបណ្តាញ ចារកម្មខ្លាំង ទើបដឹងពីកិច្ចការផ្ទៃក្នុងរបស់គេ។
ដូចយើងលើកឡើងរួចមកហើយថា អ្នកដឹកនាំប្រទេស មេដឹកនាំបក្ស មេឧទ្ទាម មេទ័ព សុទ្ធតែមានបណ្តាញចារកម្ម ចេញ ស៊ើបការណ៍ប្រទាក់គ្នាដូចក្រឡាចត្រង្គ។ ការសម្ងាត់នោះគេដឹងតែគ្នាពីរនាក់ ឬត្រចៀក៤ បើសិនជាធ្លាយចេញដល់ត្រចៀក៦ ឬមនុស្ស៣នាក់ និងចៀសមិនផុតពី “ក្អែក១ ជាក្អែក១០”។ គួរកុំភ្លេចថា សហរដ្ឋអាមេរិក ដែលក្លាយជាមហាអំណាចទី១ លើពិភពលោក ដោយសារអាមេរិក មានបណ្តាញចារកម្ម CIA ឬ FBI ខ្លាំងជាងគេ ទើបកិច្ចការអ្វីជាសម្ងាត់នៅតាមបណ្តាប្រទេសនានាត្រូវប្រធានាធិបតីអាមេរិក ដឹងទាំងអស់។ ចំណែកប្រទេសរុស្ស៊ី ចិន វៀតណាម បើគ្មានចារកម្ម គឺមិន អាចឱបក្តាប់ស្ថានការណ៍នយោបាយឬយោធា លើពិភពលោកបានឡើយ។ ព្រោះតែហេតុនេះហើយ បានជាប៉ុល ពត បោស សម្អាតខ្មែរគ្នាឯង ដោយចោទប្រកាន់ថា “សេអ៊ីអា របស់អាមេរិក” ឬចោទថា “គិញយួន” រហូតមានការកាប់សម្លាប់យ៉ាង រង្គាល។ ដូច្នេះចារកម្មខ្លាំង នាំមកនូវជ័យជម្នះ ប៉ុន្តែ បើចារកម្មខ្សោយ នឹងបរាជ័យមិនខានឡើយ។
សរុបទៅ “ចារកម្មខ្លាំង នយោបាយខ្លាំង” មានន័យយ៉ាងនេះឯង។ ករណីបក្សប្រឆាំងនៅកម្ពុជា ធ្វើស្អីបន្តិចក៏បក្សកាន់ អំណាចដឹងនោះ អាចថា មកពីបណ្តាញចារកម្មរបស់បក្សកាន់អំណាចខ្លាំងជាង ជាពិសេស “នាយកដ្ឋានប្រឆាំងចារកម្ម” មាន ភាពខ្លាំងរឹងមាំ ស្មោះត្រង់ ហ៊ានលះបង់អ្វីៗទាំងអស់ ឬមានភក្តីភាពនឹងនាយករដ្ឋមន្ត្រីក្នុងអាណត្តិ ទើបបានជារឿងសម្ងាត់ ចេញពីគណបក្សសង្គ្រោះជាតិ ឬគណបក្សតូចៗឯទៀតត្រូវបែកធ្លាយ៕
ដោយ អាចារ្យថាំ