Wednesday, December 4, 2024
Homeបច្ចេកវិទ្យាBlackBerry Neon/Hamburg មាន​តម្លៃ​ប្រមាណ​២៧០ដុល្លារ​

BlackBerry Neon/Hamburg មាន​តម្លៃ​ប្រមាណ​២៧០ដុល្លារ​

ទូរស័ព្ទ BlackBerry Neon/Hamburg ទើបលេចធ្លាយតម្លៃលក់ សម្រាប់កំណែថ្មីគ្មានសោបណ្តាញប្រមាណ ២៧០ដុល្លារ ។

តាមរបាយការណ៍មួយថ្មីៗនេះមកពីប្រទេសកាណាដា (ទីផ្សារស្រុកកំណើតរបស់ BlackBerry) ទូរស័ព្ទខ្នាតមធ្យមជិតចេញលក់នៅចុងឆ្នាំនេះ របស់ BlackBerry (អាចត្រូវបានហៅថា BlackBerry Neon ឬ BlackBerry Hamburg) នឹងមានតម្លៃប្រមាណ ២៧០ដុល្លារ សម្រាប់កំណែថ្មីគ្មានសោបណ្តាញ ។

គេហទំព័រ PhoneArena បានឱ្យដឹងថា រឿងគួរឲ្យចាប់អារម្មណ៍ គឺពាក្យចចាមអារ៉ាមថ្មីៗនេះ លេចឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពេលគេឃើញ BlackBerry Neon/Hamburg លេចមុខនៅលើមូលដ្ឋានទិន្នន័យរបស់ FCC ។ ក៏ជាមួយការទម្លាយការលម្អិតមួយចំនួនអំពីផ្នែករឹង ព័ត៌មានពី FCC ក៏បង្ហាញថា BlackBerry Hamburg នឹងត្រូវបានផលិតដោយ TCL ជាក្រុមហ៊ុនដែលសព្វថ្ងៃនេះជាម្ចាស់កម្មសិទ្ធិម៉ាកយីហោ Sony Ericsson ។

តាមការលេចធ្លាយមួយពី GFXBench កាលពីមុននេះ BlackBerry Hamburg/Neon នឹងដូចគ្នាបេះបិទជាមួយទូរស័ព្ទ Alcatel Idol 4 អំពីផ្នែករឹង ។ ជាក់ស្តែង ទូរស័ព្ទនេះនឹងប្រើប្រាស់ឈីប Qualcomm Snapdragon 615 ចំនួន៨បន្ទះ 1.5 Ghz រ៉េម 3 GB អង្គចងចាំខាងក្នុង 16 GB និង មានអេក្រង់ ៥,២អ៊ីញ Resolution 1080p ។

ទូរស័ព្ទគ្រោងនឹងត្រូវបានបំពាក់កាមេរ៉ាសំខាន់មួយមាន Resolution 13 MP និងម៉ាស៊ីនថតបន្ទាប់បន្សំ 8 MP ជាមួយមុំមើលទូលាយ ។ BlackBerry Hamburg នឹងដើរដោយប្រព័ន្ធប្រតិបត្តិការ Android 6.0.1 ជាមួយដំណោះស្រាយសន្តិសុខបណ្តាញម៉ាក BlackBerry ។

តាមប្រភពព័ត៌មានពីប្រទេសកាណាដានោះ ទូរស័ព្ទថ្មីរបស់ BlackBerry នឹងត្រូវបានដាក់តាំងបង្ហាញនៅខែសីហាខាងមុខ ។ ជាមួយប៉ារ៉ាម៉ែត្របច្ចេកទេសខ្នាតមធ្យម និងការប្រកួតប្រជែងយ៉ាងខ្លាំងក្លានៅក្នុងផ្នែកនេះ នោះតម្លៃលក់របស់ BlackBerry Hamburg នៅពុំទាន់អាចចាត់ទុកថាគួរឲ្យទាក់ទាញខ្លាំងនោះទេ ។

ពាក្យចចាមអារ៉ាមមុននេះបង្ហាញថា BlackBerry នឹងរចនាបន្តទូរស័ព្ទ Android ថ្មីចំនួន៣ បន្ទាប់ពី BlackBerry Priv ។ ក្នុងនោះ BlackBerry Neon អាចជាឧបករណ៍ដំបូង ត្រូវបានបញ្ចេញលក់នៅលើទីផ្សារ បន្តមកគឺ BlackBerry Argon បញ្ចេញនៅក្នុងខែតុលា និង BlackBerry Mercury ជាទូរស័ព្ទមួយមានក្តារចុចមានរូបរាង នឹងចេញលក់នៅក្នុងឆ្នាំក្រោយ ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានថ្មីៗនេះ នាយកប្រតិបត្តិក្រុមហ៊ុន BlackBerry លោក John Chen និយាយថា ក្រុមហ៊ុនលោកបានឡើងផែនការ ដើម្បីពិភាក្សាអំពីទូរស័ព្ទឆ្លាតវៃ ក្នុងសប្តាហ៍ខាងមុខ និងមានលទ្ធភាពជាច្រើនដែល BlackBerry Neon នឹងត្រូវបានទម្លាយឲ្យដឹងនៅក្នុងឱកាសនោះ ៕

ដោយ៖ តូច រំលឹក

 

RELATED ARTICLES