Wednesday, November 27, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា ចង់ដើរតាមលោកព្រាប សុវត្ថិ

ឱក សុគន្ធកញ្ញា ចង់ដើរតាមលោកព្រាប សុវត្ថិ

ឱក សុគន្ធកញ្ញា ជាតារាចម្រៀងសម័យថ្មី ដែលល្បីនាំមុខគេបានយូរជាងគេនៅហង្សមាស រយៈពេលចុងក្រោយនេះ រហូតដណ្តើមលេខ១ ជិត៧ឆ្នាំ (២០១០-២០១៧) ដោយមិនទាន់មានតារាស្រីនៅហង្សមាស រូបណាប្រជែងនាងឡើយ បើទោះជាពេជ្រ សោភា កំពុងខ្លាំងឡើងវិញក្តី។

ភាពខ្លាំងក្លារបស់សុគន្ធកញ្ញា នៅពេលនេះ ត្រូវបានប្រដូចថា នាងចង់ដើរតាមផ្លូវព្រាប សុវត្ថិ ដែលឈរជើងល្បីល្បាញជាងគេនៅហង្សមាស រហូតដល់ទៅ២០ឆ្នាំ (១៩៩៧-២០១៧) ព្រោះថៅកែហង្សមាស ពេញចិត្តនូវសមត្ថភាពរបស់នាងជាខ្លាំង…។

ឱក សុគន្ធកញ្ញា ដែលដើរចេញពីផលិតកម្មសាន់ដេ កាលពីឆ្នាំ២០១០ ទៅចូលជ្រកនៅទ្រនំធំហង្សមាស នោះ ចង់អស់សង្ឃឹម ដោយសារតែឆ្នាំដំបូង នាងមិនទទួលបានជោគជ័យល្បីខ្លាំងឡើយ ដែលធ្វើឱ្យតារារូបនេះ មានការព្រួយបារម្ភខ្លាចដើរខុសផ្លូវ។ ប៉ុន្តែ ចាប់តាំងពីចុងឆ្នាំ២០១០ មក ហង្សមាស បានជឿជាក់លើសមត្ថភាពរបស់ឱក សុគន្ធកញ្ញា ហើយថៅកែធំផលិតកម្មនេះ បានពេញចិត្តនាង ព្រោះថា ដាក់បទអីក៏បានដែរ ទើបធ្វើឱ្យសុគន្ធកញ្ញា មានបទល្បីជាបន្តបន្ទាប់ ហើយចាប់តាំងពីពេលនោះមក សុគន្ធកញ្ញា ចាប់ផ្តើមឡើងក្រឺតៗដែលតារាស្រីផ្សេងៗទៀត របស់ទ្រនំនេះមិនអាចឈរលើសុគន្ធកញ្ញា បានឡើយ ដោយសារតែបទចម្រៀងល្អៗដែលចេញទៅផ្ទុះនោះ ត្រូវបានហង្សមាស ទម្លាក់ឱ្យសុគន្ធកញ្ញា ច្រៀងជាបន្តបន្ទាប់ ទើបមកដល់ឆ្នាំ២០១៧នេះ តារារូបនេះបានឈរនៅតំណែងជាតារាស្រីលេខ១ នៅហង្សមាស បានជិត៧ឆ្នាំទៅហើយ ដែលគ្មានតារាស្រីណាផ្សេងទៀតរបស់ទ្រនំនេះ ដណ្តើមតំណែងនាងបានឡើយ។ ភាពល្បីនិងឈរជើងនៅលើគេក្នុងចំណោមតារាស្រីនៅហង្សមាស ដែលមានរហូតដល់ទៅ១៧នាក់នោះ ត្រូវបានប្រៀបធៀបតារាចម្រៀងឱក សុគន្ធកញ្ញា ថា អាចដើរតាមផ្លូវកំពូលតារាចម្រៀងព្រាប សុវត្ថិ ដែលឈរជើងបានយូរជាងគេ ដោយល្បីល្បាញរហូតមកដល់ឆ្នាំ២០១៧នេះ មានរយៈពេល២០ឆ្នាំទៅហើយ ។

អ្នកជំនាញតន្ត្រីម្នាក់ នៅផលិតកម្មរស្មីហង្សមាស បានឱ្យដឹងថា សុគន្ធកញ្ញា ត្រូវហង្សមាស លើកគ្រប់ជ្រុងតែម្តង នៅឆ្នាំ២០១៧នេះ ហើយនាងអាចល្បីបានជាច្រើនឆ្នាំទៀត តែរឿងថា ល្បីបានយូរដូចព្រាប សុវត្ថិ ឬយ៉ាងណានោះ លោកមិនហ៊ានសន្និដ្ឋានឡើយ។ បុរសដែលតារាចម្រៀងថ្មីៗរបស់ហង្សមាស បានហៅថា លោកគ្រូៗនោះ និយាយដោយសុំមិនបញ្ចោញឈ្មោះថា “បើតាមមើលសភាពជាក់ស្តែងវិញ នៅឆ្នាំ២០១៧នេះ ឱក សុគន្ធកញ្ញា ជាឆ្នាំដ៏ល្អមួយសម្រាប់នាង ព្រោះត្រូវហង្សមាស ផ្តល់ការទុកចិត្តគ្រប់ផ្នែកទាំងអស់ សម្រាប់នាងតែម្តង ដើម្បីឱ្យនាងនៅតែខ្លាំង និងរក្សាតំណែងនេះបានតទៅទៀត ដោយមិនធ្លាក់ចុះ ដូចជាមានអ្នកនិពន្ធល្អៗ សម្រាប់ធ្វើបទចម្រៀងឱ្យឱក សុគន្ធកញ្ញា ច្រៀងជាបន្តបន្ទាប់ ដែលគេដឹងថា បទនោះចេញទៅនឹងផ្ទុះល្បី អីចឹងត្រូវទម្លាក់ទៅភ្លាម នៅពេលដែលបទរបស់សុគន្ធកញ្ញា ចាស់ចាប់ផ្តើមសាបបន្តិចនោះ អីចឹងបទថ្មី នឹងចាប់ផ្តើមល្បីតទៀត ដែលចំណុចនេះហើយ គឺសុគន្ធកញ្ញា នៅតែល្បី គឺអាស្រ័យលើផលិតកម្មហ្នឹងឯង! ចំណុចមួយទៀត គឺហង្សមាស បានប្រគល់តំណែងធំទាំង៣ ជូនសុគន្ធកញ្ញា គឺធ្វើជាគ្រូបង្វឹក (Coach) ក្នុង កម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក “The Voice Cambodia” , “The Voice Kids Cambodia” និងជាគណៈកម្មការ “Cambodian Idol” ទៀត អីចឹងខ្ញុំយល់ថា ការចេញមុខរបស់សុគន្ធកញ្ញា ទាំង៣កម្មវិធីនេះ ជួយនាងច្រើន បើទោះជាបទចម្រៀងចេញមកមិនសូវល្បី ក៏អាចទប់លំនឹងមិនឱ្យនាងធ្លាក់ចុះបានដែរ។ ចំណុចផ្សេងមួយទៀត គឺពេលនេះហង្សមាស ថែមទាំងផ្តល់តំណែងជាតួឯកក្នុងរឿងភាគរបស់ទូរទស្សន៍ហង្សមាស ទៀត អីចឹងបើសិនជារឿងនោះល្អ ក៏កាន់តែជួយសុគន្ធកញ្ញា ឱ្យកាន់តែល្បីដែរ តែមិនមែនជួយច្រើនដូចការចេញបទចម្រៀងមកផ្ទុះ ឬតំណែងធំទាំង៣ខាងលើនោះទេ ព្រោះថា តារាចម្រៀង បើគាត់ទៅសម្តែងហើយខ្លាំង ទាល់តែលែងច្រៀងទៅចាប់អាជីពជាតារាសម្តែងវិញ ទើបខ្លាំង បើថានៅតែច្រៀង គឺការសម្តែងនោះ គ្រាន់តែជាការសាកល្បងប៉ុណ្ណោះ…”។

ឱក សុគន្ធកញ្ញា ធ្លាប់ចាប់ដៃច្រៀងជាមួយលោកព្រាប សុវត្ថិ ល្បីបទ “លះបង់ឱ្យអ្នកទី3” ដោយទទួលបានការគាំទ្រខ្លាំង តែក្រោយមកស្រាប់តែលេចឮថា អ្នកទាំង២ មិនសូវត្រូវគ្នាឡើយ ទើបខានច្រៀងជាមួយគ្នាជាច្រើនឆ្នាំ។ ទើបតែនៅឆ្នាំ២០១៧នេះទេ ដែលផលិតកម្មរស្មីហង្សមាស បានបន្សាបរឿងឱក សុគន្ធកញ្ញា ដែលគេល្បីថា អត់ត្រូវគ្នាជាមួយព្រាប សុវត្ថិ នោះ តាមរយៈការធ្វើបទចម្រៀងឱ្យចាប់ដៃគូគ្នាច្រៀងសាជាថ្មី គឺបទ “រាំអីចេះ” ដែលល្បីល្បាញ សូម្បីតែសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏យកបទនេះទៅរាំនៅអង្គរសង្ក្រាន្ត ចូលឆ្នាំខ្មែរ ២០១៧នោះដែរ៕

RELATED ARTICLES