Friday, September 20, 2024
Homeតារាខ្មែរសុគន្ធ និសា នឹងរៀបការចុងឆ្នាំ២០១៧នេះ មិនឲ្យចាញ់អតីតសង្សារ?

សុគន្ធ និសា នឹងរៀបការចុងឆ្នាំ២០១៧នេះ មិនឲ្យចាញ់អតីតសង្សារ?

តួឯកស្រីក្នុងរឿង “សិសិររដូវក្នុងបេះដូង” និងរឿង “រាជិនីភូមិគ្រឹះ” សុគន្ធ និសា ដែលមិនសូវចាប់អារម្មណ៍រឿងសង្សារចាស់ លោកសុខ ជំនោរ បានភ្ជាប់ពាក្យចោល កាលពីថ្ងៃ០៦ ខែសីហា ហើយត្រៀមដឹកដៃបណ្តូលចិត្តក្រាបផ្ទឹមនៅខែវិច្ឆិកា ឆ្នាំ២០១៧នោះ ស្រាប់តែពេលនេះ និសា មិនបណ្តោយឱ្យអតីតសង្សារបន្លឺភ្លេងការតែម្នាក់ឯងនោះឡើយ ទើបនាងចង់ដឹកដៃសង្សារថ្មី លោកសាំបា រៀបការជាចំហ នៅអំឡុងខែវិច្ឆិកា នោះដែរ…។

ប្រសិនបើគ្មានអ្វីប្រែប្រួលទេ សុគន្ធ និសា នឹងដឹកដៃសង្សារថ្មី អាណិកជនខ្មែរ នៅអាមេរិក លោកសាំបា ចូលរោងការនៅអំឡុងខែវិច្ឆិកា ឬខែធ្នូ ឆ្នាំ២០១៧នេះហើយ នេះបើតាមការបង្ហើបពីតារាចម្រៀងដែលជិតដិតបំផុត ជាមួយនិសា ដែលបានបង្ហើបប្រាប់កាលពីពេលថ្មីៗនេះ។

តាមព័ត៌មានបានឱ្យដឹងថា ការដែលសុគន្ធ និសា លែងស្ទាក់ស្ទើរក្នុងចិត្តពីការចូលរោងការនៅពេលនេះ គឺបន្ទាប់ពីនាងត្រូវបានម្តាយនាងពេញចិត្តសង្សារថ្មីជាខ្លាំង ចំណែកក្រុមគ្រួសារលោកសាំបា សុទ្ធតែមានការស្រលាញ់ចូលចិត្តនិសា ទាំងអស់ដូចគ្នា ហេតុនេះហើយបានជាទាំងសងខាងបានជំរុញឱ្យនិសា គួរតែចូលរោងការនៅចុងឆ្នាំ២០១៧នេះ ដើម្បីកុំឱ្យមានពាក្យចចាមអារ៉ាមច្រើនពេក នាំតែចំណងស្នេហ៍មានការប្រែប្រួល ព្រោះថ្វីត្បិតតែពេលនេះ និសា ត្រូវបានគេដឹងថា នាងមានសង្សារថ្មីជាអាណិកជនខ្មែរ នៅអាមេរិក មែន តែមន្ត្រីធំៗជាច្រើននៅតែចិញ្ចឹមចិត្តតាមស្នេហ៍និសា ដដែល។ ដូច្នេះហើយបានជាមុននេះ លោកសាំបា បានរំអុកនិសា ចង់ចូលរោងការ តែតារាល្បីរូបនេះហាក់ស្ទាក់ស្ទើរក្នុងចិត្ត ព្រោះខ្លាចប៉ះពាល់ដល់អាជីពចម្រៀង តែពេលនេះ នាងលែងប្រកែកទៀតហើយ គឺបើគ្មានអ្វីផ្លាស់ប្តូរទេ និសា នឹងគ្រងឈុតកូនក្រមុំមែនទែន រៀបការជាចំហនៅអំឡុងចុងឆ្នាំ២០១៧ នេះតែម្តង។

គួរបញ្ជាក់ថា សុគន្ធ និសា បានភ្ជាប់ស្នេហ៍ជាមួយលោកសាំបា កាលពីចុងឆ្នាំ២០១១ បន្ទាប់ពីនាងទៅច្រៀងសម្តែងនៅអាមេរិក ហើយកំណើតស្នេហ៍ក៏បានឆាបឆេះឡើង ក្រោយពេលដែលនាងបានផ្តាច់ស្នេហ៍ពីលោកសុខ ជំនោរ ថ្មីៗនោះ។ លោកសាំបា ដែលជាអ្នកជំនួញនោះ បានរើបង្វេចពីអាមេរិក មករស់នៅស្រុកខ្មែរ ជាអចិន្ត្រៃយ៍ ជាមួយនិសា ដោយទិញផ្ទះល្វែង១ នៅបុរីមួយ ក្បែរទូរទស្សន៍ CTN តែនិសា បានព្យាយាមលាក់សង្សារថ្មីនេះ ៦ឆ្នាំមកហើយ ដែលមិនដែលហ៊ានបណ្តើរគ្នាជាចំហឡើយ។ ទើបតែនៅថ្ងៃខួបកំណើតរ៉ាប៊ី នៅដើមឆ្នាំ២០១៧ប៉ុណ្ណោះ ដែលនិសា ព្រមបណ្តើរលោកសាំបា ជាចំហ ហើយនៅពេលនោះហើយ ដែលនៅចំពោះមុខអ្នកយកព័ត៌មានយើង និសា គ្មានអ្វីត្រូវប្រកែកទៀតឡើយ។ ប៉ុន្តែ យ៉ាងណា អំឡុងសុគន្ធ និសា កាន់តែល្បីសុសសាយរឿងស្នេហាជាមួយអាណិកជនខ្មែរនៅអាមេរិក នោះ ស្រាប់តែមានលោកធំផ្កាយ២ម្នាក់ បានចេញមុខតតាំងស្នេហ៍លោកសាំបា ដោយចង់ដណ្តើមបេះដូងស្រីស្អាតរូបនេះ ហាក់មិនខ្វល់ពីអាណិកជនខ្មែរ-អាមេរិក នោះឡើយ ដែលរឿងនេះធ្វើឱ្យសាំបា បុកពោះមិនតិចទេ ព្រោះតែខ្លាចបាត់បង់បណ្តូលចិត្ត។

ពេលនេះសុគន្ធ និសា ហាក់មិនប្រកែកសំណើពីសង្សារថ្មីចូលរោងការ នៅចុងឆ្នាំ២០១៧នេះឡើយ ដែលនេះរឹតតែបញ្ជាក់ថា សម្រាប់មន្ត្រីធំៗទាំងឡាយ ដែលចិញ្ចឹមចិត្តចង់តាមស្នេហ៍និសា នោះ អាចនឹងអស់ឱកាសទាំងស្រុងនៅពេលណាដែលតារារូបនេះចូលរោងការ ក្លាយទៅជាប្រពន្ធប្រុសខ្មែរ-អាមេរិក ពេញច្បាប់ហើយនោះ។

សុគន្ធ និសា បិទទូរស័ព្ទទាំង២ប្រព័ន្ធ ទើបមិនអាចសុំការបញ្ជាក់បានឡើយ ពីរឿងចង់រៀបការ ប្រជែងសង្សារចាស់នេះ។ តែដំណឹងនេះបានធ្វើឱ្យអ្នកសិល្បៈជាច្រើន បានសម្តែងការអបអរសាទរថា តារាចម្រៀងល្បីល្បាញរបស់ផលិតកម្មរស្មីហង្សមាស រូបនេះ ពិតជាបោះបង់តំណែងជំទាវចោល ហើយ នាងសម្រេចចិត្តផ្ញើប្រាណជាមួយប្រុសខ្មែរអាមេរិក ដោយជួញឆ្ងាយប្រសើរជាងជួញជិត។

ការលេចឮថា សុគន្ធ និសា នឹងបញ្ចប់ភាពនៅ លីវនៅពេលនេះ ធ្វើឱ្យមន្ត្រីធំៗ លោកឧកញ៉ាមិនតិចទេ ដែលជ្រួលច្របល់ស្តាយស្នេហ៍តារាដែលមានរូប-សម្រស់ស្អាតជាងគេនៅហង្សមាស រូបនេះ ព្រោះតែ និសា បិទបេះដូងត្រឹមប្រុសខ្មែរអាមេរិកតែម្តង។

ដោយឡែកទស្សនិកជនជាច្រើន បានរង់ចាំ មើលថា តើក្រោយពេលនិសា រៀបការមានប្តីជាចំហ នៅពេលនេះ នាងនឹងនៅតែល្បីរក្សាតំណែងជាតារា ស្រីល្បីនៅហង្សមាស ទៀតបានដែរឬទេ? ខណៈដែល កន្លងមក តារាកំពុងតែល្បី ស្រាប់តែធ្លាក់កូដទៅវិញ ភ្លាម ក្រោយពេលការប្តី មានដូចជា យក់ ថិតរដ្ឋា, សុខ ស្រីនាង និងសារ៉ាយ សក្ខណា ជាដើម៕

លោកសុខ ជំនោរ និងអនាគតភរិយា (ក្នុងថ្ងៃភ្ជាប់ពាក្យ)

RELATED ARTICLES