ខណៈដែលតារាសម្ដែងវ័យជ្រេអ្នកនាងប៉ែន សុផានី ខកខានធ្វើខួបកំណើតរយៈពេល១៥ឆ្នាំ មកហើយនោះកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅនេះអ្នកនាង បានធ្វើខួបគម្រប់អាយុ៤៥ឆ្នាំ គួរឲ្យភ្ញាក់ផ្អើលនៅហាងមួយនៅខាងក្រោយផ្សារទំនើបផ្សារសុវណ្ណា ។ប៉ុន្តែកូនប្រុសរបស់អ្នកនាងដែលរស់នៅខេត្តព្រះវិហារបែរជាពុំបានមកចូលរួមនោះទេ។
អ្នកនាងប៉ែន សុផានី បានថ្លែងឲ្យដឹងថា អ្នកនាងខកខានធ្វើខួបជាលក្ខណៈបែបនេះរយៈពេល១៥ឆ្នាំ មកហើយដោយសារគិតថា មិនចង់ធ្វើព្រោះខ្មាស់ក្មេងៗ។យ៉ាងណាអ្នកនាងធ្វើខួបគម្រប់វ័យ៤៥ឆ្នាំនេះគឺដើម្បីជួបជុំមិត្តភក្តិដែលទើបមកពីអាមេរិកនិងជាពិសេសនោះគឺចង់លើករាសីឲ្យកាន់តែខ្ពស់ត្រដែតជាងនេះផង។អ្នកនាងថា ខួបនេះអ្នកនាងធ្វើចំនួនតែ៧តុ ប៉ុណ្ណោះដែលបានអញ្ជើញអ្នកសិល្បៈតិចតួចដោយមិនហ៊ានរំខានមិត្តភក្ដិក្នុងសិល្បៈច្រើនទេ។
កន្លងមកត្រូវបានគេដឹងថា អ្នកនាងប៉ែន សុផានី មានកូនប្រុសម្នាក់ប៉ុន្តែក្នុងថ្ងៃខួបនោះមិនឃើញវត្តមានកូនប្រុសអ្នកនាងទេ។អ្នកនាងអះអាងថា កូនប្រុសអ្នកនាងដែលមានវ័យ២៤ឆ្នាំ ឈ្មោះឮ ច័ន្ទបរមី មានប្រពន្ធនិងកូនម្នាក់កំពុងរស់នៅខេត្តព្រះវិហារនោះពុំបានមកចូលរួមទេដោយសារតែនៅឆ្ងាយពេក។អ្នកនាងបន្ថែមថា”កូនប្រុសខ្ញុំអត់បានមកចូលរួមទេប៉ុន្តែ យប់មិញគាត់បានទូរស័ព្ទមកជូនពរខ្ញុំរួចហើយគឺខ្ញុំសប្បាយចិត្ត”។
អ្នកនាងប៉ែន សុផានី បញ្ជាក់ថា ថ្ងៃខាងមុខអ្នកនាងមានគម្រោងទៅរស់នៅជួបជុំកូននិងចៅនៅឯខេត្តព្រះវិហារ។ប៉ុន្តែក្នុងដំណាក់កាលនេះអ្នកនាងនៅប្រឡូកសិល្បៈសិន។
តារាជើងចាស់នៅតែត្រូវប៉ាន់ក្នុងអាជីពសិល្បៈរូបនេះ បានឲ្យដឹងដែរថា សម្រាប់ឆ្នាំ២០១៧ នេះអ្នកនាងបានកុងត្រាភាពយន្តរហូតដែល១០រឿង ប៉ុន្តែទើបតែចេញថតបានចំនួន៥រឿងប៉ុណ្ណោះដោយនឹងត្រៀមចេញថតជាបន្តបន្ទាប់ទៀត។អ្នកនាងមិននឹកស្មានថា ខ្លួននៅតែរក្សាប្រជាប្រិយភាពនិងមានទីផ្សារសិល្បៈជោគជាំយ៉ាងនេះទេ ខណៈដែលអ្នកនាងមិនប្រកាន់ចរិតតួឯក។ពោលគឺបើក្រុមផលិតករតម្រូវឲ្យអ្នកនាងសម្ដែងជាតួអ្វីក៏អ្នកនាងពេញចិត្តនឹងទទួលដែរហើយអ្នកនាងនឹងប្រឹងប្រែងបន្តទៀត។
នៅក្នុងពិធីខួបកំណើតគម្រប់វ័យ៤៥ឆ្នាំ របស់អ្នកនាងប៉ែន សុផានី គេឃើញមានតារាសិល្បៈមួយចំនួនបានចូលរួមដូចជា អ្នកនាងកែវ កល្យាណ អ្នកស្រីថុង ស៊ីវទៀង ម្ចាស់ផលិតកម្មចក្រវាលពេជ្រភាពយន្ត អ្នកនាងចាន់ តារាទី លោកអ៊ឹម ជីវ៉ា លោកលាង ឧត្តម អ្នកនាងប៊ីរីយ៉ា នាយឃ្លោក លោកពេជ្រ ច័ន្ទកែវមុន្នី អភិបាលខណ្ឌមានជ័យ និងតារាសិល្បៈមួយចំនួនទៀត៕