Tuesday, April 23, 2024
Homeតារាខ្មែរបុទុម បូផល លះបង់សិល្បៈហោះទៅបារាំងមើលថែស្វាមីទើបវះកាត់បេះដូង

បុទុម បូផល លះបង់សិល្បៈហោះទៅបារាំងមើលថែស្វាមីទើបវះកាត់បេះដូង

កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅនេះអ្នកនាងបុទុម បូផល បានបាយៗទឹកដីកំណើតនឹងបោះបង់អាជីពសិល្បៈហោះហើរចេញទៅរស់នៅប្រទេសបារាំងហើយដើម្បីមើលថែកូនៗនិងស្វាមីវ័យចំណាស់ដែលទើបវះកាត់ជំងឺបេះដូង។

តារាកំប្លែងមានកេរ្តិ៍ឈ្មោះលេចធ្លោគួរសមអ្នកនាងបុទុម បូផល បានថ្លែងឲ្យដឹងមុនពេលឡើងយន្តហោះនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថា អ្នកនាងបានសម្រេចបោះបង់អាជីពសិល្បៈនិងចាកចេញពីកម្ពុជានៅពេលនេះមិនដឹងថា ពេលណានិងបានត្រឡប់មកជួបជុំក្រុមគ្រួសារវិញទេ។អ្នកនាងអះអាងថា ការចាកចេញទៅប្រទេសបារាំងនៅពេលនេះគឺទៅរស់នៅជាអចិន្ត្រៃយ៍ជាពលរដ្ឋពេញសិទ្ធិ នៅទីក្រុងប៉ារីស ជាមួយស្វាមីលោកអៀង ធី តែម្ដងរួមជាមួយកូនប្រុស២នាក់ ផងហើយក៏ពុំមានគម្រោងមករស់នៅស្រុកខ្មែរវិញដែរ។អ្នកនាងបានឲ្យដឹងដែរថា កន្លងមកអ្នកនាងធ្លាប់ទៅរស់នៅប្រទេសបារាំងបានរយៈពេលកន្លះឆ្នាំដែរប៉ុន្តែដោយសារតែមិនអាចទ្រាំនឹងអាកាសធាតុបានទើបត្រឡប់មករស់នៅស្រុកខ្មែរវិញតែការចាកចេញទៅលើកនេះបើទោះបីត្រូវប្រឈមនឹងអាកាសធាតុយ៉ាងណាក៏អ្នកនាងត្រូវស៊ូទ្រាំដែរព្រោះត្រូវមើលថែកូននិងស្វាមីដែលទើបវះកាត់បេះដូងខណៈដែលវិជ្ជបណ្ឌិតតម្រូវឲ្យអ្នកនាងត្រូវមើលថែស្វាមីឲ្យបានដិតដល់។

អ្នកនាងបុទុម បូផល ក៏បានឲ្យដឹងដែរថា អ្នកនាងពិតជាមានការសោកស្ដាយជាខ្លាំងដែលត្រូវបោះបង់អាជីពសិល្បៈប៉ុន្តែអ្នកនាងត្រូវតែបង្ខំចិត្តលះបង់ដើម្បីកាសិក្សារបស់កូនៗនិងស្វាមី។អ្នកនាងក៏បានផ្ដាំផ្ញើរនឹងនឹករលឹកចំពោះមិត្តភក្ដិនៅក្នុងសិល្បៈជាពិសេសអ្នកនាងបានថ្លែងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះនាយវីតមីនសេ និងអ្នកនាងប៉េងបោង ដែលតែងតែជួយជ្រោមជ្រែងនិងផ្ដល់ដំបូន្មានល្អៗរហូតឲ្យអ្នកនាងបានជោគជ័យលើវិថីសិល្បៈនិងបានជួបស្វាមីជាអាណិកជនបារាំងដូចពេលនេះ។អ្នកនាងអះអាងថា បើទោះបីជីវិតអ្នកនាងក្លាយជាអ្នកមានស្ដុកស្តម្ភនៅលើទឹកដីបារាំងយ៉ាងណាក៏អ្នកនាងមិនបំភ្លេចគុណតារាសិល្បៈដែលជារៀមច្បងធ្លាប់ជួយជ្រោមជ្រែងអ្នកនាងដែរហើយអ្នកនាងអះអាងថាអ្នកនាងនៅតែស្រលាញ់វិស័យសិល្បៈដែលពិបាកនឹងបំភ្លេច៕

RELATED ARTICLES