Saturday, April 20, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា ចំណេញពីខេមរៈ សិរីមន្ត

ឱក សុគន្ធកញ្ញា ចំណេញពីខេមរៈ សិរីមន្ត

ការទៅដល់ហង្សមាស​ របស់តារាចម្រៀងខេមរៈ សិរីមន្ត បានធ្វើឱ្យតារាចម្រៀងប្រុសទ្រនំធំនេះជាច្រើនច្របូកច្របល់ ហើយតារាដែលប្រឈមធ្លាក់កូដ ព្រោះមិនអាចតតាំងជាមួយសិរីមន្ត បាន គឺមានដូចជា លោកឆន សុវណ្ណរាជ, ហ្សូណូ, ណុប បាយ៉ារិទ្ធិ និងថែល ថៃ ជាដើម។ ប៉ុន្តែក្រុមអ្នកវិភាគសិល្បៈ បានឱ្យដឹងថា តារាចម្រៀងដែលចំណេញខ្លាំងជាងគេ ពីការចូលទៅហង្សមាស​ របស់សិរីមន្ត នៅពេលនេះ គឺសុគន្ធកញ្ញា ដែលធ្វើឱ្យតារារូបនេះ នឹងកាន់តែឡើងកូដថែមទៀតជាមិនខាន…។

ឱក សុគន្ធកញ្ញា នឹងរឹតតែធ្វើឱ្យតារាចម្រៀងស្រីនៅហង្សមាស ផ្សេងទៀត មិនអាចតាមនាងទាន់ឡើយ ក្រៅតែពីពេជ្រ សោភា ម្នាក់នោះ ព្រោះពេលនេះនឹងមានយីអ៊ុនឡើងថែមទៀត នៅពេលដែលការមកដល់របស់ខេមរៈ សិរីមន្ត នៅពេលនេះ ព្រោះអតីតតារាចម្រៀងល្បីរបស់ផលិតកម្មសាន់ដេ រូបនេះ គ្មានគម្រោងចាប់ដៃគូជាមួយតារាចម្រៀងស្រីរូបណានៅហង្សមាស ក្រៅតែពីសុគន្ធកញ្ញា ម្នាក់នោះឡើយ។

បទ “ស្ទឹងត្រែងបងអើយ” ដែលជាការចេញបើកឆាកបទទី១ នៅថាសចម្រៀងហង្សមាស របស់សិរីមន្ត ដែលមានការសម្តែងជាមួយឱក សុគន្ធកញ្ញា នោះ ទទួលបានការចាប់អារម្មណ៍ច្រើនពីទស្សនិកជន ហេតុនេះហើយ តាមសភាពជាក់ស្តែង គឺសុគន្ធកញ្ញា ចំណេញមួយផ្នែកពីសិរីមន្ត ខណៈដែលទីផ្សារ និងតម្លៃខ្លួនតារាចម្រៀងសុគន្ធកញ្ញា កន្លងមក បើទោះជានាងល្បីយ៉ាងណា ក៏មិនលើសសិរីមន្ត ឡើយ ហេតុដូចនេះហើយទោះចង់ឬមិនចង់ នៅពេលនេះ សុគន្ធកញ្ញា ជាអ្នកចំណេញជាងគេទាំងអស់ ក្នុងចំណោមតារាចម្រៀងហង្សមាស នៅពេលដែលមានការមកចូលរួមរបស់អ្នកចម្រៀងល្បី ខេមរៈ សិរីមន​្ត ព្រោះមានតែសុគន្ធកញ្ញា ម្នាក់ទេ ដែលមានសមត្ថភាព និងស័ក្តិសមជាងគេក្នុងការចាប់ដៃគូជាមួយនឹងតារាចម្រៀងប្រុសល្បី២នាក់ របស់ហង្សមាស នៅពេលនេះ គឺព្រាប សុវត្ថិ និងខេមរៈ សីរីមន្ត។

ចំណែកអ្នកខ្លះទៀតបានលើកឡើងដែរថា ឱក សុគន្ធកញ្ញា តែម្នាក់ ត្រូវបានតារាចម្រៀងប្រុសល្បីជួរមុខគេ ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ត ប្រទាញប្រទង់គ្នាក្នុងការចាប់ដៃគូ ហេតុនេះហើយបានជាលេចឮថា មានតារាចម្រៀងស្រីល្បីៗរបស់ហង្សមាស មួយចំនួនទៀត បានស្ពាយបង្វេច និងខ្លះទៀត កំពុងត្រៀមដើរចេញពីទ្រនំហង្សមាស ជាបន្តទៅទៀត ព្រោះតែមិនអាចប្រជែងតទល់ជាមួយសុគន្ធកញ្ញា។

អ្នកដឹកនាំកម្មវិធីប្រគំតន្ត្រីល្បីឈ្មោះម្នាក់ ដែលមានបទពិសោធន៍ជាង១០ឆ្នាំ ក្នុងការធ្វើការជាមួយតារាចម្រៀងល្បីឈ្មោះទាំង២ បាននិយាយដោយសុំមិនបញ្ចោញឈ្មោះថា “បើសិនជាហង្សមាស ឱ្យសុគន្ធកញ្ញា និងសីរីមន្ត បន្តចាប់ដៃគូច្រៀងជាមួយគ្នាទៀតនោះ គឺនៅពេលខាងមុខ តារាប្រុសស្រីទាំង២ នឹងល្បីជាងគេនៅហង្សមាស ព្រោះពេលនេះប្រជាប្រិយភាពរបស់សុគន្ធកញ្ញា និងសិរីមន្ត ខ្លាំងដូចគ្នា។ ចំណែកតារាចម្រៀងផ្សេងដែលចង់ចាប់ដៃគូបែបនេះដែរ គឺមិនអាចយកឈ្នះតារាទាំង២នេះបានទេ ហើយតាមកម្មវិធីធំៗមួយចំនួន គេនឹងជ្រើសយកសិរីមន្ត និងសុគន្ធកញ្ញា ជាមិនខាន”។

បើតាមក្រុមអ្នកផលិតរឿងភាគរបស់ប៉ុស្តិ៍ហង្សមាស បានឱ្យដឹងថា ឱក សុគន្ធកញ្ញា មិនត្រឹមតែត្រូវបានផលិតកម្មធំនេះឱ្យចាប់ដៃគូច្រៀងសម្តែងជាមួយគ្នានោះទេ តែសម្រាប់ការសម្តែងរឿងភាគថ្មី របស់ហង្សមាស នាពេលខាងមុខនេះ ហង្សមាស ក៏នឹងប្រគល់តំណែងតួឯកប្រុសស្រីឱ្យតារាចម្រៀងល្បីទាំង២ដួងនេះ ចាប់ដៃគ្នាសម្តែងទៀតដែរ។

ប្រភពបានឱ្យដឹងថា នាពេលនេះ ថៅកែផលិតកម្មរស្មីហង្សមាស កំពុងតែសម្លឹងមើលហើយថា ក្នុងចំណោមក្រុមផលិតភាពយន្តខ្មែរ ទាំង៣ក្រុមរបស់លោកនោះ ក្រុមមួយណាខ្លាំងជាងគេ លោកនឹងជ្រើសឱ្យមកដឹកនាំសម្តែងរឿងភាគថ្មី សម្រាប់តួឯកស្រីឱក សុគន្ធកញ្ញា និងតួឯកប្រុសខេមរៈ សិរីមន្ត នាពេលនេះតែម្តង៕

RELATED ARTICLES