ក្មេងស្រីអាយុ១២ឆ្នាំ ជនជាតិបង់ក្លាដែស កើតជំងឺតំណពូជដ៏កម្រជួប មានឈ្មោះថា «ជំងឺមនុស្សចចក» ធ្វើឲ្យរាងកាយគ្របដណ្តប់ដោយរោមពណ៌ខ្មៅពីក្បាលដល់ជើង ។
តាម Mirror, Bithi Akhtar រស់នៅស្រុក Tangail ភាគកណ្តាលបង់ក្លាដែស កើតជំងឺនេះភ្លាមៗតាំងពីពេលទើបកើត ។ ក៏ប៉ុន្តែ ពេលមកដល់វ័យគ្រប់ការ សុដន់របស់ Bithi រីកចម្រើនយ៉ាងឆាប់រហ័ស ។ ចុងឆ្នាំមុន សុដន់នាងធំ និងធ្ងន់រហូតធ្វើឲ្យនាងមិនអាចដើរចុះឡើង ឬអង្គុយត្រង់បាន និងផ្នែកសុដន់ របស់នាងរីកចម្រើនខុសប្រក្រតី ធ្វើឲ្យនាងឈឺចាប់យ៉ាងខ្លាំង ។ អាស្រ័យហេតុនេះ ម្តាយរបស់ Bithi អ្នកស្រី Beauty បង្ខំចិត្តឲ្យកូនស្រីឈប់រៀន ។
ក្រុមគ្រួសារ Bithi មានកូនបីនាក់ ប៉ុន្តែមានតែនាងម្នាក់ទេដែលកើតជំងឺនេះ ។ ឪពុកម្តាយ Bithi បារម្ភបំផុតអំពីស្ថានភាពរបស់កូនស្រី ។ ពួកគេនាំកូនទៅជួបវេជ្ជបណ្ឌិតមួយចំនួន ប៉ុន្តែការព្យាបាលគ្រាន់តែទប់ស្កាត់រោមកុំឲ្យដុះវែងតទៅទៀតប៉ុណ្ណោះ។
លោក Abdur Razzak ឪពុករបស់ក្មេងស្រីបាននិយាយថា «ខ្ញុំខ្លោចចិត្តយ៉ាងខ្លាំង ពេលឃើញកូនស្រីឈឺចាប់ និងរស់នៅក្នុងជីវិតមិនអាចសេពគប់ជាមួយអ្នកណាសោះ ។ ខ្ញុំចង់ឲ្យកូនមានជីវិតធម្មតា និងកំពុងស្វែងរកការជួយពីអ្នកជំនាញ» ។
គ្រូពេទ្យនៅសាលាវេជ្ជសាស្ត្រ Bangabandhu Sheikh Mujb នៅទីក្រុងដាកា ប្រទេសបង់ក្លាដែសកំពុងស្វែងរកវិធីព្យាបាលឲ្យ Bithi ។ លោកបណ្ឌិត Farid Uddin ប្រធានផ្នែកអន្តោមញ្ច័ន បានឲ្យដឹងថា «នេះជាករណីកើនអ័រម៉ូនខុសប្រក្រតីមានឈ្មោះហៅថា Haramonajanita ។ ឱសថនឹងដោះស្រាយបញ្ហាមួយចំនួន ប៉ុន្តែខ្ញុំពុំកំណត់បានប្រវត្តិ និងមូលហេតុកើតជំងឺរបស់ក្មេងស្រី ដើម្បីចាប់ផ្តើមព្យាបាលឲ្យនាងបានឡើយ» ៕
ដោយ៖ តូច រំលឹក