Friday, September 20, 2024
Homeតារាខ្មែរសារី ហូរ វិលវិញចេញបទហ្ស៊ីនកន្ទ្រាក់ការគាំទ្រ

សារី ហូរ វិលវិញចេញបទហ្ស៊ីនកន្ទ្រាក់ការគាំទ្រ

តារាចម្រៀងលោកសារី ហូរ បានវិលត្រឡប់មករកនាវាសិល្បៈវិញហើយក្រោយពេលបាត់មុខរយៈពេលកន្លះទសវត្ស ខណៈដែលលោកទើបចេញបទហ្ស៊ីន(Original song)២បទកំពុងកន្ទ្រាក់ការគាំទ្រនៅតាមបណ្ដាញសង្គមYoutube និងFacebook។

លោកសារី ហូ ត្រូវបានគេស្គាល់កាលពីអំឡុងឆ្នាំ២០១២ តាមរយៈបទចម្រៀងមួយចំនួននៅផលិតកម្ម”ព្រះច័ន្ទ”ដូចជាបទ”មិនអាចបកក្រោយ””កំទិចចិត្ត”និងបទ”អារម្មណ៍អ្នកស្មោះ”។ប៉ុន្តែក្រោយមកស្រាប់តែបាត់ដំណឹងលោកឈឹងតែម្ដងគឺទើបតែលេចមុខជាថ្មីតាមរយៈបទចម្រៀងស្នាដៃថ្មីចំនួន២បទ ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅលើបណ្ដាញសង្គមយូធូប និងហ្វេសប៊ុកដូចជាបទ”ដឹងថាអូនឈឺ”និងបទ”ការលះបង់អូនលើសលប់ពេកហើយ”ជាដើម។

ក្នុងជំនួបផ្ទាល់ជាមួយលោកសារី ហូរ នៅថ្ងៃទី៨ ខែកញ្ញា នេះលោកបានថ្លែងឲ្យដឹងថា លោកពិតជាបានវិលមកចាប់អាជីពលក់សំឡេងជាថ្មីមែន ថែមទាំងបានសម្រិតសម្រាំងចេញបទOriginal song ជាបន្តបន្ទាប់ទៀតផង។ជាក់ស្ដែងបទចម្រៀងរបស់លោកចំនួន២បទ ដែលទើបចេញក្ដៅៗកំពុងឆក់បានការគាំទ្រដូចជាបទ”ដឹងថាអូនឈឺ”និងបទ”ការលះបង់អូនលើសលប់ពេកហើយ”។លោកថា ការបញ្ចេញបទថ្មី២បទ បើកទំព័រសិល្បៈជាថ្មីនេះគឺលោកសម្រិតសម្រាំងផលិតដោយខ្លួនឯងខណៈដែលអត្ថន័យបទចម្រៀងទាំង២បទនេះលោកបានបញ្ចូលពីជីវិតស្នេហាពិតរបស់លោកផងដែរ។លោកបន្តថា ក្រៅពីពង្រឹងជំហប្រឡូកលើវិថីចម្រៀងជាថ្មីលោកក៏ចង់រំលឹកពីអនុស្សាវរីយ៍ស្នេហ៍របស់ខ្លួនខ្លះដែរទើបលោករំលេចរឿងពិតរបស់ខ្លួនតាមរយៈអត្ថន័យបទចម្រៀងដែលទើបចេញក្ដៅៗ។

តារាចម្រៀងដែលមានដើមកំនើតនៅខេត្តសៀមរាប រូបនេះបានថ្លែងឲ្យដឹងថា ការបាត់មុខពីវិថីចម្រៀងរយៈពេលជាង៥ឆ្នាំ កន្លងមកនេះគឺលោកបានដកថយទៅបង្កើតមុខជំនួញផ្ទាល់ខ្លួនដោយបានបើករោងចក្រផលិតទឹកកកនៅខេត្តសៀមរាប និងធ្វើកាយ នាំភ្ញៀវទេសចរណ៍ជនជាតិជប៉ុន នៅសៀមរាបអង្គរផង។លោកថារោងចក្រផលិតទឹកកករបស់លោកនៅខេត្តសៀមរាបកំពុងដំណើរការយ៉ាងរលូនដែលទាញបានចំណូលគួរសមផងដែរស្របពេលដែលលោក ក៏គ្រោងបើកហាងគុយទាវមួយទៀតនៅខេត្តសៀមរាប ។ លោកបន្ថែមថា បច្ចុប្បន្ននេះលោកមានបុគ្គលិកដែលអាចមើលការខុសត្រូវលើមុខជំនួញជំនួសលោកបានទើបលោកអាចដកឃ្លាមកប្រឡូកអាជីពចម្រៀងជាថ្មីដើម្បីបំពេញក្ដីស្រម៉ៃរបស់ខ្លួន។

តារាចម្រៀងនិងជាអ្នកបកប្រែភាសាជប៉ុនយ៉ាងស្ទាត់ជំនាញរូបនេះអះអាងថាលោកនិងមិនរត់ចោលអាជីពលក់សំឡេងទៀតទេហើយលោកនឹងប្រឹងប្រែងផលិតបទស្នាដៃថ្មីបន្ថែមទៀតដើម្បីបំបែកទីផ្សារចម្រៀងស្របពេលដែលបទចម្រៀងរបស់លោក២បទ កំពុងទាញបានការគាំទ្រគួរឲ្យកត់សម្គាល់៕

បទ ៖​ ការលះបង់អូន លើសលប់ពេកហើយ…!!!???By : Sary Hor

Posted by Sary Hor on Monday, 17 July 2017

RELATED ARTICLES