Wednesday, November 27, 2024
Homeតារាខ្មែរសុខ ស្រីនាង-ណុប បាយ៉ារិទ្ធ តួឯកប្រុសស្រីក្នុងរឿង "រាជិនីភូមិគ្រឹះ" ឆ្លុះបញ្ចាំងពីសម័យអាណានិគមបារាំង

សុខ ស្រីនាង-ណុប បាយ៉ារិទ្ធ តួឯកប្រុសស្រីក្នុងរឿង “រាជិនីភូមិគ្រឹះ” ឆ្លុះបញ្ចាំងពីសម័យអាណានិគមបារាំង

ក្រោយពេលចោលទ្រនំសាន់ដេ ហក់មកជ្រកនៅផលិកម្មរស្មីហង្សមាស អ្នកមេម៉ាយសាច់ចាំ សុខ ស្រីនាង ត្រូវបានក្រុមហ៊ុនជួយលើកស្ទួយជាខ្លាំង ដែលក្រៅពីសម្រិតសម្រាំងធ្វើបទស្នាដៃថ្មីឱ្យនាងច្រៀងហើយនោះ ថែមទាំងឱ្យនាងចាប់ដៃគូច្រៀងជាមួយលោកព្រាប សុវត្ថិ បំបែកទីផ្សារទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ បានលើកស្ទួយឱ្យស្រីនាង គ្រងតំណែងជាតួឯកនៅក្នុងខ្សែភាពយន្តភាគរឿង “រាជិនីភូមិគ្រឹះ” សម្តែងប៉ះជាមួយតួឯកប្រុស លោកណុប បាយ៉ារិទ្ធ ទៀតផង ដែលនឹងជួយឱ្យកេរ្តិ៍ឈ្មោះនាងស្ទុះឡើងមួយកម្រិតទៀត…។

សុខ ស្រីនាង

បន្ទាប់ពីតស៊ូជាច្រើនឆ្នាំ ជាមួយផលិតកម្មសាន់ដេ តែពុំទទួលបានផ្លែផ្កាអ្វីលេចធ្លោនោះ សុខ ស្រីនាង ក៏សម្រេចចិត្តចាកចេញទៅចូលរស្មីហង្សមាស ជាមួយនឹងក្តីរំពឹងខ្ពស់ថា នឹងមិនធ្វើឱ្យនាងខកចិត្តដូចនៅសាន់ដេ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ ក្រោយពេលស្រីនាង ចុះកុងត្រាជាមួយរស្មីហង្សមាស ភ្លាម ត្រូវបានក្រុមហ៊ុនយកចិត្តទុកដាក់ ជួយលើកស្ទួយនាងជាខ្លាំង ដែលក្រៅពីសម្រិតសម្រាំងធ្វើបទស្នាដៃថ្មី (Original song) ឱ្យនាងជាបន្តបន្ទាប់ ថែមទាំងឱ្យនាងចាប់ដៃគូច្រៀងជាមួយលោកហ្សូណូ និងលោកព្រាប សុវត្ថិ ទៀតផង ដែលជួយឱ្យនាងឆក់បានសំឡេងគាំទ្រគួរឱ្យកត់សម្គាល់នាពេលចុងក្រោយនេះ។

យ៉ាងណា អ្វីដែលគួរឱ្យភ្ញាក់ផ្អើលទៀតនោះ ថ្មីៗនេះ ហង្សមាស ក៏បានជួយជ្រោមជ្រែងនាងបន្ថែមទៀតដែរ ដោយឱ្យនាងគ្រងតំណែងជាតួឯក នៅក្នុងខ្សែភាពយន្តភាគរឿង “រាជិនីភូមិគ្រឹះ” ត្រូវសម្តែងប៉ះជាមួយតួឯកប្រុស លោកណុប បាយ៉ារិទ្ធ។

តាមដំណឹងថា រឿង “រាជិនីភូមិគ្រឹះ” ដែលឆ្លុះបញ្ចាំងពីសម័យអាណានិគមបារាំង បានដំណើរការថតនៅតាមបណ្តាខេត្តជាបណ្តើរៗហើយ ហើយក្រៅពីសុខ ស្រីនាង និងណុប បាយ៉ារិទ្ធ ក៏មានតារាចម្រៀង និងតារាសម្តែងល្បីៗជាច្រើនទៀត ចូលរួមសម្តែងផងដែរ ដូចជា កញ្ញាសុគន្ធ និសា, លោកហ្សូណូ អ្នកនាងចន ច័ន្ទលក្ខិណា, អ្នកនាង លី ម៉ារីណា, អ្នកនាងសូ ដានីតា និងតារាសម្តែងល្បីៗជាច្រើនរូបទៀត។

ឱកាសគ្រងតំណែងតួឯកនៅក្នុងខ្សែភាពយន្តភាគនេះ មជ្ឈដ្ឋានជាច្រើនកំពុងទន្ទឹងរង់ចាំទស្សនាស្នាដៃសម្តែងរបស់សុខ ស្រីនាង ដែលមានការរំពឹងថា នាងនឹងដណ្តើមបានភាពលេចធ្លោមួយកម្រិតទៀត ខណៈដែលកន្លងមក​​ នាងក៏ធ្លាប់ទាញបានការគាំទ្រកក្រើកម្តងរួចមកហើយ តាមរយៈការសម្តែងនៅក្នុងភាពយន្តខ្នាតធំរឿង “វិញ្ញាណបិសាចជញ្ជក់ឈាម” ដែលបានសម្តែងរួមគ្នាជាមួយលោកខេមរៈ សិរីមន្ត និងលោកឆាយ វីរៈយុទ្ធ ជាដើម។

លោកណុប បាយ៉ារិទ្ធ

មានការលើកឡើងថា ការសម្រេចចិត្តចាកចេញពីសាន់ដេ ចូលរស្មីហង្សមាស របស់សុខ ស្រីនាង គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ ត្បិតអីបើនាងនៅត្រាំត្រែងជាមួយសាន់ដេ បន្តទៀត ក៏នៅតែពិបាកទាញសំឡេងគាំទ្រដែរ ដែលសូម្បីតែប្រជែងជាមួយសុខ ពិសី ក៏ពិបាកដែរ ត្បិតអីសាន់ដេ បានចាត់ទុកពិសី ជាតួឯកទៅហើយ ខណៈដែលមានដំណឹងថា ពិសី កំពុងមានទំនាក់ទំនងស្នេហាក្រៅឆាកជាមួយថៅកែក្មេងនៃផលិតកម្មសាន់ដេ ផងនោះ។

ក្រោយចូលរស្មីហង្សមាសភ្លាម ស្រីនាង ចាប់ផ្តើមមានទឹកមាត់លេបជាបណ្តើរៗវិញ និងកំពុងទាញបានការចាប់អារម្មណ៍ខ្លាំង ទាំងផ្នែកចម្រៀង និងថតភាពយន្ត ខណៈដែលអ្នកខ្លះលើកឡើងថា ស្រីនាង នឹងអាចទាញបានភាពលេចធ្លោជាងកាលនៅក្រមុំទៅទៀត៕

RELATED ARTICLES