Friday, September 20, 2024
Homeតារាខ្មែរសាពូន មីដាដា ឃាំងផ្លូវមន្ត្រីធំមិនឲ្យឆក់ប្រពន្ធ

សាពូន មីដាដា ឃាំងផ្លូវមន្ត្រីធំមិនឲ្យឆក់ប្រពន្ធ

សឿ សុធារ៉ា ដែលត្រូវមន្ត្រីធំៗជ្រួលជ្រើមប្រជែងគ្នាស្នេហ៍ ហើយស្រាប់តែនាងជិះរថយន្តទំនើប Lexus LX570 ស៊េរីឆ្នាំ០១៧ តម្លៃជិត២០ម៉ឺនដុល្លារនោះ បានធ្វើឱ្យមានការសង្ស័យថា មានមន្ត្រីធំជួយក្រោយខ្នង ជាថ្នូរការលែងលះប្តីនោះ ស្រាប់តែពេលនេះ សាពូន មីដាដា លេងមួយក្បាច់ដាច់ផ្ងារលោកធំៗនោះតែម្តង ដោយឃាំងផ្លូវប្រុសៗសម្បូរទ្រព្យ ដែលចង់ឆក់ប្រពន្ធទៅនោះ តាមរយៈការឱ្យសុធារ៉ា ពពោះកូនទី២ យ៉ាងតក់ក្រហល់ ធ្វើឱ្យប្រុសៗដែលក្នាញ់នឹងសម្រស់ភរិយាមីដាដា នោះ ស្រឡាំងកាំងគ្រប់គ្នា…។

នេះមិនមែនជារឿងចៃដន្យឡើយ ដែលស្ងាត់ៗ សឿ សុធារ៉ា បានពពោះកូនទីពីរ ៥ខែ ជាកូនប្រុស ស្របពេលដែលកូនស្រីនាង សាពូន ដារ៉ាពិមាន បានអាយុជាង៧ឆ្នាំនោះ តែនេះគឺជាការយកកូនដោយតក់ក្រហល់របស់អតីតតារាល្បីរូបនេះ តាមសំណូមពររបស់ស្វាមីនាង សាពូន មីដាដា ដើម្បីកាត់បន្ថយឥទ្ធិពលស្នេហ៍របស់សុធារ៉ា ដែលកាន់តែមានមន្ត្រីធំៗឆ្វែលស្នេហ៍ ច្រើនរកតែរើខ្លួនមិនចង់រួចនេះ។ ក្រុមអ្នកសិល្បៈជាច្រើនថា សាពូន មីដាដា ហាក់ធូរទ្រូងដែលអាចកាត់បន្ថយសម្ពាធផ្លូវចិត្តបានមួយផ្នែកតូច ព្រោះកន្លងមក លេចឮរន្ទឺពេញចង្កោម អ្នកសិល្បៈថា មានមន្ត្រីធំៗចង់ឱ្យសុធារ៉ា លែងលះប្តីជាថ្នូរកាដូទ្រព្យគាប់ចិន្តា ដែលធ្វើឱ្យមីដាដា ខ្វល់ឱរាដេកមិនលក់ឡើយ ព្រោះខ្លាចប្រពន្ធសាច់សដូចសំឡីរូបនេះ ត្រូវគេឆក់យកទៅបាត់។ ប៉ុន្តែ ពេលនេះសុធារ៉ា ដែលលោកមីដាដា ធ្លាប់អរតាំងពីឆ្នាំ២០១៥ ដោយសង្ស័យថា ប្រពន្ធលោកមានកូនទី២ ព្រោះឃ្លានតែម្ជូរនោះ នៅឆ្នាំ២០១៧នេះ អតីតតារាល្បីរូបនេះមានកូនម្នាក់ទៀតមែន ដែលនេះជាកាដូដ៏ធំបំផុត សម្រាប់លោកមីដាដា ដើម្បីការពារប្រពន្ធរូបស្អាតកុំឱ្យមន្ត្រីធំតាមចែចង់ទៀត ព្រោះពេលនេះសុធារ៉ា កំពុងតែមានកូនទី២ ជាមួយប្តីមីដាដា ម្នាក់ទៀតហើយ ដែលអាចបង្ហាញឱ្យគេឃើញថា ចំណងស្នេហ៍នេះនៅតែមានភាពល្អប្រសើរជាមួយគ្នា ទោះបីជាមានអ្នកទី៣ ចង់ចូលជ្រៀតជ្រែកក្តី។

ទោះជាពេលនេះសឿ សុធារ៉ា កំពុងត្រៀមសម្រាលកូនប្រុស នៅចុងឆ្នាំ២០១៧ ដែលជាតំណក់ឈាមរបស់ប្តីនាង មីដាដា មែន តែរឿងដែលតារារូបនេះកាន់តែមានទ្រព្យច្រើន នៅពេលដែលអាជីពសិល្បៈរបស់នាងកាន់តែធ្លាក់ចុះនេះ គឺនៅតែធ្វើឱ្យមានការសង្ស័យកាន់តែច្រើនពីមហាជនថា តើនាងបានចំណូលមកពីណា ព្រោះបាត់បង់ការងារសិល្បៈទាំងស្រុងទៅហើយ បែរជាមានលុយទិញរថយន្តទំនើប Lexus LX570 ស៊េរីឆ្នាំ២០១៧ តម្លៃជាង១៨ម៉ឺនដុល្លារ នៅពេលនេះ ព្រោះលោកមីដាដា ដែលកំពុងតែប្រឡូកយ៉ាងជោកជាំក្នុងឆាកនយោបាយនោះ ក៏ត្រូវបញ្ចប់អាជីពចម្រៀងនាពេលនេះដែរ។

សឿ សុធារ៉ា មុនពេលពពោះកូនទី២នេះ ត្រូវបានគេកត់សម្គាល់ថា នាងមានការតែងខ្លួនដូចជាជំទាវអីចឹង គឺជិះរថយន្តទំនើប ដោយមានអង្គរក្សបើកជូនគ្រប់កម្មវិធីទៀតផង ខណៈដែលលោកមីដាដា វិញកម្រនឹងឃើញបណ្តើរភរិយាជាចំហណាស់ តាំងពីសុធារ៉ា ឡើងកូដក្រឺតៗដូចឡើងកាំជណ្តើរនេះ។

ប្រភពបានឱ្យដឹងថា ទោះជាពេលខ្លះគូស្នេហ៍អ្នកសិល្បៈនេះ តែងតែសោះកក្រោះជាមួយគ្នាច្រើនជាងផ្អែមល្ហែមមែន តែលោកមីដាដា ច្រើនតែសម្របខ្លួនតាមសុធារ៉ា ហើយគ្រប់ពេលឱ្យតែលេចឮថា មានមន្ត្រីធំៗចង់ឆក់ស្នេហ៍សុធារ៉ា នោះ លោកមីដាដា ច្រើនតែចេញមុខទប់ស្កាត់ តាមរយៈការបង្ហាញរូបភាពល្អូកល្អិនជាមួយសុធារ៉ា ហើយស្រាប់តែពេលចុងក្រោយនេះ មីដាដា លេងមួយក្បាច់ថែមទៀត សម្រុកយកកូនទី២ សុធារ៉ា ពពោះទាល់តែបានដូចបំណង ដែលពេលនេះ មីដាដា ដូចជាយកអាវុធទៅឃាំងផ្លូវមន្ត្រីធំៗ ដែលស្នេហ៍ភរិយាលោកនោះ កុំឱ្យចូលទៅជិតនាងទៀតអីចឹង។

យ៉ាងណា គេនៅតែមិនច្បាស់ទេថា តើគូស្នេហ៍តារាដែលធ្លាប់ល្បីល្បាញខ្លាំង តែពេលរៀបការហើយបែរជាស្ងាត់ដូចចោរលួចសេះ នាពេលនេះ អាចរក្សាចំណងស្នេហ៍បានជារៀងរហូតដែរ ឬយ៉ាងណានោះទេ ក្រោយរក្សាស្នេហ៍បាន៨ឆ្នាំនេះ ព្រោះតែពេលនេះគ្មានគូស្នេហ៍តារាសិល្បៈគំរូទៀតទេ តាំងពីអ្នកនាងចន ច័ន្ទលក្ខិណា លែងប្តីយុត្ថារ៉ា ឆានី កាលពីឆ្នាំ២០១៣ ក្រោយពេលដែលពួកគេបានរួមរស់ជាមួយគ្នាបានជាង១៧ឆ្នាំ ហើយធ្លាប់រៀបការដល់ទៅ២លើកទៀតផងនោះ។ ប្រភពបានឱ្យដឹងថា ការដែលសឿ សុធារ៉ា ពពោះកូនទី២នេះ គឺថ្វីត្បិតតែអាចរក្សាចំណងស្នេហ៍ជាមួយប្តីមីដាដា បានតទៅទៀត និងអាចបន្សាបព័ត៌មានចចាមអារ៉ាមបានមួយកម្រិតមែន តែពេលនេះ អតីតតារាសម្តែងល្បីរូបនេះ អាចនឹងប្រឈមការបញ្ចប់អាជីពសិល្បៈទាំងស្រុងទៅហើយ ព្រោះតែកេរ្តិ៍ឈ្មោះនាងបានធ្លាក់ដល់ចំណុចសូន្យ ដោយសារគ្មានសកម្មភាពសិល្បៈដែលគួរឱ្យកត់សម្គាល់ឡើយ តាំងពីរៀបការរួច ហេតុនេះហើយការមានកូនទី២ នឹងធ្វើឱ្យទីផ្សារសុធារ៉ា កាន់តែប្រឈមការធ្លាក់ចុះថែមទៀតជាមិនខាន។

ប៉ុន្តែ ក្រុមតារាសិល្បៈដែលជិតស្និទ្ធសុធារ៉ា បាននាំគ្នាខ្សឹបខ្សៀវគ្នាថា សុធារ៉ា ស្ងាត់ពីអាជីពសិល្បៈដូចចោរលួចសេះ អីចឹងនៅតែធ្វើឱ្យគេភ្ញាក់ផ្អើលបាន តាមរយៈការទិញឡាន Lexus LX570 ថ្លៃជិត២០ម៉ឺនដុល្លារ ដែលតារាល្បីផ្សេងៗទៀត មិនអាចធ្វើបានឡើយ៕

RELATED ARTICLES