Tuesday, April 30, 2024
Homeតារាខ្មែរវ៉ាន់ ផល្លី ឡើងផ្ទះថ្មី ផ្គួបសម្ពោធហាងខារ៉ាអូខេ

វ៉ាន់ ផល្លី ឡើងផ្ទះថ្មី ផ្គួបសម្ពោធហាងខារ៉ាអូខេ

តារាចម្រៀង We Production លោកវ៉ាន់ ផល្លី បានធ្វើពិធីឡើងផ្ទះថ្មី បូកសម្ពោធហាងខារ៉ាអូខេគ្រួសារនៅផ្ទះរបស់ខ្លួន ផ្ទះលេខ០៣ ០៤ បុរីលឹម ឈាងហាក់​ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ កាលពីល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ ដោយមានតារាសិល្បៈរួមអាជីពមួយចំនួនបានចូលរួមអបអរសាទរផងដែរ។

ក្នុងសម្លៀកបំពាក់អាវខ្មៅ ខោខ្មៅ លេងម៉ូដសក់ហាយឡាយថ៍ពណ៌មាស ដែលគេតែងតែច្រឡំតារាចម្រៀងរូបនេះទៅនឹងតារាកូរ៉េនោះវ៉ាន់  ផល្លី មានទឹកមុខសប្បាយរីករាយដើរស្វាគមន៍ភ្ញៀវគ្រប់តុ តែគេមិនឃើញមានតារាក្រោមដំបូលផលិតកម្មជាមួយគ្នាមកច្រើនឡើយ សូម្បីស្រីស្អាតសុន ច័ន្ទធីតា ដែលជាអ្នកស្និទ្ធស្នាលជាមួយផល្លី នោះ ក៏មិនបង្ហាញខ្លួនក្នុងកម្មវិធីជប់លៀងនោះដែរ។

ក្នុងជំនួបជាមួយតារាចម្រៀងនិយមលេងម៉ូដសក់កូរ៉េ រូបនេះ បានឲ្យដឹងថា លោកហៅតែអ្នកចម្រៀងជិតដិត១០នាក់ប៉ុណ្ណោះ ព្រោះមិត្តភក្ដិសុទ្ធតែរវល់ ទើបមិនហ៊ានហៅច្រើនឡើយ។

វ៉ាន់ ផល្លី ប្រាប់ថា ”ផ្ទះខ្ញុំនេះ គឺ២ជុងជាប់គ្នា ដែលខ្ញុំទិញចូលគ្នាជាមួយបងប្រុសរបស់ខ្ញុំ គឹម ស្រ៊ុន ហើយទិញបង់រំលស់រយៈពេល៥ឆ្នាំមកហើយ តែកាលនោះ ផ្ទះនេះតម្លៃជាង៥ម៉ឺនដុល្លារ តែឥឡូវឡើងថ្លៃខ្ពស់អស់ហើយ។ ដោយឡែកពេលនេះផ្ទះនេះបានបង់រំលស់ដាច់អស់ហើយដែរទើបខ្ញុំធ្វើពិធីសម្ពោធនៅថ្ងៃនេះ ដោយបូកជាមួយការបើកហាងខារ៉ាអូខេ៤បន្ទប់ជាមួយគ្នាផងដែរ ដែលចំណាយថវិកាជាង១ម៉ឺនដុល្លារថែមទៀត។ ខ្ញុំគិតថា បងប្អូនដែលរស់នៅបុរីនេះ គាត់ខ្ជិលចេញទៅក្រៅ អីចឹងអាចមកខារ៉ាអូខេជាលក្ខណៈគ្រួសារខ្ញុំបាន គឺយើងមានការរៀបចំយ៉ាងស្អាត ដែលមានបងប្រុសខ្ញុំផ្ទាល់ជាអ្នកគ្រប់គ្រងផ្ទាល់តែម្ដង ចំណែកខ្ញុំគឺនៅតែបន្ដអាជីពសិល្បៈជាធម្មតា។ ចំណែកការឡើងផ្ទះថ្ងៃនេះ ខ្ញុំធ្វើ១៣តុ ចំណាយលុយអស់ខ្ទង់២០០០ដុល្លារ ហើយហៅអ្នកសិល្បៈតែ១០នាក់ទេ ព្រោះអីមិត្តភក្ដិគេសុទ្ធតែរវល់រៀងៗខ្លួន មិនចង់រំខានគេច្រើនទេ”។

ផ្ទះរបស់តារាចម្រៀងវ៉ាន់ ផល្លី គឺនៅចំកែងតែម្ដង ហើយតាមអ្នករស់នៅបុរីនោះ បានឲ្យដឹងថា តម្លៃផ្ទះនេះនាពេលបច្ចុប្បន្ន គឺជាង១០ម៉ឺនដុល្លារឯណោះ ហើយការមានខារ៉ាអូខេគ្រួសារត្រឹម៤បន្ទប់នេះ មិនទាន់គ្រប់គ្រាន់ឡើយ សម្រាប់តារាចម្រៀងវ៉ាន់ ផល្លី គឺរូបគេចង់បើកហាងការហ្វេលក់បាយនៅពេលព្រឹក និងតម្លើងសម្ភារហាត់ប្រាណនៅលើដំបូលផ្ទះទៀតផងដែរ។

តារាចម្រៀង We Production រូបនេះ បន្ថែមថា ”ខ្ញុំចង់ដាក់សម្ភារៈហាត់ប្រាណនៅលើផ្ទះតែម្ដង តែការចំណាយថវិកាទិញ គឺដល់ទៅជាង១០ម៉ឺនដុល្លារឯណោះអីចឹង គឺយើងធ្វើតិចៗតាមដំណាក់កាលសិន។ ដោយឡែកនៅផ្នែកខាងផ្ទះនៅសល់ដីដែរ ទើបខ្ញុំត្រៀមបើកលក់ការហ្វេ បាយ នៅពេលព្រឹកផងដែរ”។

តារាចម្រៀងវ៉ាន់ ផល្លី អះអាងថា រូបគេគ្មានការជួយជ្រោមជ្រែងពីអ្នកណាឡើយ ចំពោះការទិញផ្ទះ និងបើកហាងខារ៉ាអូខេគ្រួសារនៅពេលនេះ គឺជាថវិការបស់គេផ្ទាល់ជាមួយបងប្រុសរបស់ខ្លួនតែម្ដង។

អតីតបេក្ខភាព The Voice Cambodia ដែលបរាជ័យក្នុងការលើកពានដោយសារមិនអាចយកឈ្នះតារាចម្រៀង ប៊ុត សីហា រូបនេះ ក៏បានឲ្យដឹងថា រូបគេនៅតែមានសេចក្ដីសុខជាមួយផលិតកម្មរស្មីហង្សមាស ដដែល ដោយគ្មានគម្រោងហើរចោលទ្រនំធំនេះឡើយ ថ្វីត្បិតតែគេមើលឃើញថា ផល្លី ហាក់មិនសូវមានបទចម្រៀងដិតដល់លើទីផ្សារក្ដី។

វ៉ាន់ ផល្លី ថែមទាំងមានគម្រោងថតភាពយន្ដថ្មីឲ្យហង្សមាស ថែមទៀតផង ប្រសិនបើផលិតកម្មនេះត្រូវការរូបគេ បើទោះជាឲ្យដើរជាតួអ្វី ក៏បានដែរ។

តារាចម្រៀងអាយុ២៦ឆ្នាំ ដែលមកពីខេត្តបាត់ដំបង រូបនេះ បញ្ជាក់ថា ”ខ្ញុំនៅតែធ្វើការជាមួយហង្សមាស ដដែល បទចម្រៀងខ្ញុំនៅតែមានចេញដូចគេដែរ ខ្ញុំគ្មានគម្រោងទៅផលិតកម្មណាផ្សេងទេ។ បើសិនជាហង្សមាស គាត់ហៅខ្ញុំថតរឿងថ្មី ខ្ញុំនឹងថត ទោះជាតួអ្វីក៏បានដែរ តែពេលនេះគាត់មិនទាន់បានជួនដំណឹងទេ”៕

RELATED ARTICLES