ភ្នំពេញ ៖ ស្របពេលដែលប្រជាពលរដ្ឋ ពុទ្ធសាសនិក កំពុងរីករាយធ្វើបុណ្យដាក់បិណ្ឌ ភ្ជុំបិណ្ឌ ឈានដល់បិណ្ឌ១០ នៅថ្ងៃនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជូនពរជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អធ្វើដំណើរជិតឆ្ងាយសុខសប្បាយ មានសុវត្ថិភាពតាមផ្លូវ។ ជាមួយនេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានរំលឹកថា ទន្ទឹមនឹងការ សប្បាយរីករាយជួបជុំគ្រួសារទៅវត្តធ្វើបុណ្យ ដាក់បាត្រ ប្រគេនចង្ហាន់ព្រះសង្ឃ សូមកុំភ្លេច ព្រះរស់ (មាតាបិតា ជីដូនជីតា អ្នកមានគុណ) នៅផ្ទះ ដែលតែងតែផ្តល់នូវក្តីស្រឡាញ់ និងសេចក្តីសុខដល់កូនចៅគ្រប់ៗគ្នា។
សម្តេចហ៊ុន សែន បានសរសេរក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច នៅព្រឹកថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៧ ថា “ថ្ងៃនេះគឺបិណ្ឌទី៩ ហើយសង្ឃឹមថា បងប្អូនជនរួមជាតិបានសប្បាយរីករាយទៅវត្តធ្វើបុណ្យដាក់បាត្រគ្រប់ៗគ្នា។ តែសូមកុំភ្លេចព្រះរស់ នៅផ្ទះដែលតែងតែផ្តល់នូវក្តីស្រឡាញ់ និងសេចក្តីសុខដល់កូនចៅគ្រប់ៗគ្នា។
អរគុណជនរួមជាតិដែលបានចូលរួមថែរក្សាសុខសន្តិភាពសម្រាប់ប្រទេសជាតិយើង។
សូមជូនពរជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អ។ សូមធ្វើដំណើរជិតឆ្ងាយសុខសប្បាយតាមផ្លូវ ហើយបើកបរគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពទាំងអស់គ្នា”។
ដោយឡែក នៅថ្ងៃដដែលនោះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងក្រុមគ្រួសារ ព្រមទាំងសមាជិកសមាជិកាកាកបាទក្រហមកម្ពុជា បាននាំយកនូវគ្រឿងឧបភោគ-បរិភោគ និងចង្ហាន់បិណ្ឌបាតជាច្រើនមុខ ចូលរួមពិធីកាន់បិណ្ឌនៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក ស្ថិតនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចំថ្ងៃវេនកាន់បិណ្ឌទី៩ ស្របពេលដែលប្រជាពលរដ្ឋជាពុទ្ធសាសនិកទូទាំងប្រទេសកម្ពុជា កំពុងចូលរួមសប្បាយរីករាយប្រកបដោយសទ្ធា ជ្រះថ្លា ក្នុងការនាំយកនូវចង្ហាន់ ទេយ្យទាន និងគ្រឿងឧបភោគ-បរិភោគទៅវេរប្រគេនព្រះសង្ឃនៅគ្រប់ទីអារាមទូទាំងប្រទេស ដើម្បីឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធ ជីដូនជីតា ញាតិកាទាំង៧សន្តាន ដែលបានចែក ឋានទៅកាន់បរលោក។
គួរបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏សំខាន់ ដែលពុទ្ធសាសនិកជនខ្មែរតែងប្រារឰធ្វើជារៀងរាល់ ឆ្នាំនៅអំឡុងរនោច ខែភទ្របទ។ ដោយឡែក សម្រាប់ឆ្នាំនេះ ពិធីបុណ្យកាន់បិណ្ឌ បានចាប់ ផ្តើមពីថ្ងៃទី០៦ ខែកញ្ញា ត្រូវនឹងថ្ងៃ១រោច ខែ ភទ្របទ (បិណ្ឌ១) ដល់ថ្ងៃទី១៩ ខែកញ្ញា (បិណ្ឌ១៤) ហើយនៅថ្ងៃទី២០ ខែកញ្ញា ត្រូវ នឹងថ្ងៃ១៥រោច ខែភទ្របទ ជាថ្ងៃភ្ជុំបិណ្ឌ៕
ខៀវទុំ