ខេត្តតាកែវ ៖ សពលោកបណ្ឌិតកែម ឡី អ្នកវិភាគសង្គមដ៏ល្បី ដែលត្រូវខ្មាន់កាំភ្លើង បាញ់សម្លាប់ ត្រូវបានដង្ហែទៅដល់ទឹកដីកំណើត ឯខេត្តតាកែវ កាលពីល្ងាច ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ បន្ទាប់មកនៅវេលាម៉ោង១១និង ៣០នាទីព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ សពលោកបណ្ឌិតកែម ឡី ត្រូវបានក្រុមគ្រួសារ រៀបចំពិធីបញ្ចុះរួចរាល់ហើយ ក្នុងបរិវេណ លំនៅដ្ឋានរបស់លោកស្ថិត ក្នុងភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
តាមប្រភពព័ត៌មានពីក្រុមគ្រួសារសព លោកបណ្ឌិតកែម ឡី បានបញ្ជាក់ថា កាលពីល្ងាច ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ បន្ទាប់ពី ដង្ហែសពលោកកែម ឡី ទៅដល់ស្រុកកំណើត រួចមក ប្រជាពលរដ្ឋ រួមនឹងក្រុមគ្រួសារ ក៏បាន ពិគ្រោះយោបល់គ្នាផងដែរ ជុំវិញការចង់បន្ត តម្កល់សពនៅលើទឹកដីកំណើតនោះបន្តសិន ប៉ុន្តែក្រោយពីពិនិត្យឃើញស្ថានភាពសពដែល ដង្ហែកាត់កំដៅថ្ងៃប្រមាណជាង១០ម៉ោង ធ្វើឱ្យមានជះក្លិនមិនល្អផង ទើបលោកស្រីប៊ូ រចនា ជាភរិយា ព្រមទាំងក្រុមគ្រួសារសម្រេចចិត្ត បញ្ចុះសពតាមគម្រោងតែម្តង។
នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ពោលគឺក្រោយពីការតម្កល់ទុកធ្វើ បុណ្យតាមប្រពៃណីអស់រយៈពេល១៥ថ្ងៃ រួច មកសពលោកបណ្ឌិតកែម ឡី ត្រូវបានគេលើក ចេញពីមឈូសទូកញ្ចក់ (គ្រែទឹកកក) ដាក់ បញ្ចូលទៅក្នុងមឈូសឈើប្រណិតមួយ ដើម្បី ត្រៀមបញ្ចុះ។ លុះក្រោយពីបញ្ចប់ពិធីតាម បែបសាសនារួចរាល់ជាស្ថាពរមឈូសដាក់សព លោកបណ្ឌិតកែម ឡី ត្រូវបានគេសែងដាក់ បញ្ចូលទៅក្នុងឡត ដែលមានរៀបឥដ្ឋព័ទ្ធជុំវិញ ដើម្បីបញ្ចុះនៅវេលាម៉ោង១១និង៣០នាទី ព្រឹក ក្រោមសម្រែកទ្រហោយំ គួរឱ្យសង្វេគ ពីសំណាក់ប្រពន្ធ កូន ក្រុមគ្រួសារសាច់ញាតិ លោកបណ្ឌិតកែម ឡី ព្រមទាំងប្រជាពលរដ្ឋ ប្រមាណរាប់ពាន់នាក់ ដែលបានចូលរួមក្នុងពិធី បញ្ចុះសពនាពេលនោះ។
គួរបញ្ជាក់ថា ក្បួនដង្ហែសពលោកបណ្ឌិត កែម ឡី ត្រូវបានដង្ហែចេញពីទីតម្កល់នាវត្ត- ពោធិយារាម ហៅវត្តចាស់ ស្ថិតក្នុងសង្កាត់ ជ្រោយចង្វា ត្រើយខាងកើតរាជធានីភ្នំពេញ ឆ្ពោះទៅស្រុកកំណើតរបស់សព ស្ថិតក្នុងភូមិ អង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្ត តាកែវ នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី២៤ ខែ កក្កដា ឆ្នាំ២០១៦ ដូចដែលក្រុមគ្រួសារសព និងគណៈកម្មការរៀបចំបុណ្យសពបានគ្រោង ទុក។ តាមការប៉ាន់ប្រមាណពីគណៈកម្មការ រៀបចំបុណ្យសពលោកបណ្ឌិតកែម ឡី មហាជន ដែលចូលរួមក្នុងក្បួនដង្ហែ សុរបមានប្រមាណ ២លាននាក់ និងប្រើពេលវេលាអស់ ប្រមាណ ជាង១០ម៉ោង ខណៈដែលមានការកកស្ទះ- ចរាចរណ៍ជាអន្លើៗ។ ក្បួនហែសពបានចេញ ដំណើរយឺតៗចាកចេញពីទីតម្កល់សព តាមផ្លូវ ជាតិលេខ៦ ឆ្លងកាត់ស្ពានជ្រោយចង្វាថ្មី (ស្ពាន មិត្តភាពកម្ពុជា-ចិន) ធ្វើដំណើរតាមមហាវិថី ព្រះមុនីវង្ស រួចបត់ស្តាំតាមមហាវិថីសហព័ន្ធ- រុស្ស៊ី ឆ្ពោះទៅរង្វង់មូលចោមចៅ និងបន្តដំណើរ តាមផ្លូវជាតិលេខ៣ ទៅដល់ផ្សារអង្គតាសោម ខេត្តតាកែវ ទើបបត់ឆ្វេងចម្ងាយប្រមាណ ៨៥០០ម៉ែត្រទៀត ទើបទៅដល់លំនៅឋាន ដែលជាទឹកដីកំណើតរបស់សពលោកបណ្ឌិតកែម ឡី ស្ថិតក្នុងភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ ទីបំផុតក្បួនដង្ហែ សពលោកបណ្ឌិតកែម ឡី បានចូលទៅដល់ គោលដៅ នៅវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦៕