ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា នេះ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ មានរៀបចំពិធីចុះហត្ថលេខាលើកិច្ចសន្យាកែលម្អផ្លូវជនបទ ២២ខ្សែ នៃខេត្ដចំនួន៣ ស្មើ៩៨ គម លើគម្រោងកែលម្អផ្លូវជនបទ ជំហាន ២ (RRIP II) ។
ពិធីនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម សួស គង់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានសម្របសម្រួលគម្រោង ជាមួយតំណាងក្រុមហ៊ុនទទួលការ Hanshin Engineering and Construction Co. LTD នៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ។
គួរបញ្ជាក់ផងដែរថា ការចុះហត្ថលេខា លើគម្រោងកែលម្អផ្លូវជនបទជំហាន ២ (RRIP II) នេះ ផ្ដោតសំខាន់លើកែលម្អផ្លូវជនបទ ពីក្រាលក្រួសក្រហម ទៅក្រាសកៅស៊ូពីរជាន់(DBST) ចំនួន ២២ ខ្សែ ប្រវែងសរុប ៣១១ គម ក្រោមហិរញ្ញប្បទានរបស់កូរ៉េខាងត្បូង ក្នុងនោះនៅខេត្តពោធិសាត់មានចំនួន ១០ខ្សែ ស្មើនឹង ១២៥,៥ គម ខេត្តបាត់ដំបង ៧ ខ្សែស្មើ ៩៥ គម និងនៅខេត្តបន្ទាយមានជ័យ ៥ ខ្សែ ស្មើ ៩៨ គម ។
តំណាងខាងក្រុមហ៊ុន Hanshin Engineering and Construction Co. LTD ក៏បានលើឡើងថា ក្រុមហ៊ុននឹងចាប់ផ្តើមអនុវត្តកិច្ចសន្យានេះ ចាប់ពីពេលចុះហត្ថលេខានេះតទៅ ៕