Monday, December 23, 2024
Homeព័ត៌មានជាតិបក្ស​ប្រឆាំង ប្រជុំ​ដាក់​ផែន​ការ​ត្រៀម​ខ្លួន​បោះ​ឆ្នោត

បក្ស​ប្រឆាំង ប្រជុំ​ដាក់​ផែន​ការ​ត្រៀម​ខ្លួន​បោះ​ឆ្នោត

ភ្នំពេញ ៖ គណបក្សសង្គ្រោះជាតិ ដែល ជាគណបក្សប្រឆាំង បានប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍ អំពីផែនការសកម្មភាពក្នុងការត្រៀម ខ្លួនបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ ខាងមុខនេះ បន្ទាប់ពីគណបក្សនេះបានបើកវគ្គ បណ្តុះបណ្តាលគ្រូបង្គោលជាបន្តបន្ទាប់។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ស្តីអំពីការវិវត្តនៃស្ថានភាពនយោបាយ “កាលពី ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ អនុប្រធាន គណៈកម្មាធិការនាយកនៃគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល លោកអេង ឆៃអ៊ាង បានលើកឡើង២ចំណុច រួមមាន ៖

១-លោកសម រង្ស៊ី និងលោកកឹម សុខា ប្រធាននិងអនុប្រធានគណបក្សសង្គ្រោះជាតិ បានកោតសរសើរទឹកចិត្តប្រជាពលរដ្ឋខ្មែរ ដែល បានចូលរួមដង្ហែសពលោកបណ្ឌិតកែម ឡី  យ៉ាង ច្រើនកុះករនិងបានអរគុណដល់សកម្មជនគណ- បក្សសង្គ្រោះជាតិ ដែលបានចូលរួមក្នុងក្បួនដង្ហែ សពនេះផងដែរ។

២-គណបក្សសង្គ្រោះជាតិ ប្រជុំគណៈ- កម្មាធិការអចិន្ត្រៃយ៍ “អំពីផែនការសកម្មភាព គណបក្ស ត្រៀមខ្លួនក្នុងការបោះឆ្នាតក្រុមប្រឹក្សា ឃុំ-សង្កាត់ ឆ្នាំ២០១៧”។

ក្នុងនោះ ពាក់ព័ន្ធដល់ចំណុចទី២ លោក អេង ឆៃអ៊ាង បានបញ្ជាក់ថា ការប្រជុំរបស់ គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិ ពិតជាបានផ្តោតសំខាន់ទៅលើការដាក់ ផែនការត្រៀមខ្លួនចូលរួមការបោះឆ្នោត នា ពេលខាងមុខ ។

fdssgshsd
លោក កឹម សុខា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងបក្ស CNRP

លោកអេង ឆៃអ៊ាង មានប្រសាសន៍ថា “កិច្ចប្រជុំថ្ងៃនោះ គឺយើងផ្តោតសំខាន់ទៅលើ ការត្រៀមខ្លួនសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ។ បើយើងគិតពីរយៈពេលនៃការបោះឆ្នោតឃុំនេះ គឺនៅសល់តែ១១ខែទៀតទេ ដែលមកដល់។ អ៊ីចឹងហើយ គណបក្សសង្គ្រោះជាតិ បានផ្តោត រឿងនេះយ៉ាងសំខាន់ជាទីបំផុត។ អ៊ីចឹងហើយ បានថ្ងៃនេះគណៈកម្មាធិការអចិន្ត្រៃយ៍ ធ្វើសេចក្តី សម្រេចអំពីផែនការសកម្មភាពរបស់ខ្លួនមួយ- ចំនួន ដូចជាផែនការសម្រាប់ការចុះឈ្មោះអ្នក- បោះឆ្នោត។ យើងនៅសល់ពេលតែ៤៥ថ្ងៃទៀត ទេ គឺដំណើរការចុះឈ្មោះអ្នកបោះឆ្នោត នឹង ចាប់ដំណើរការ។ អ៊ីចឹងហើយ គណបក្សនឹង ដាក់ផែនការសម្រាប់យុទ្ធនាការក្នុងការចុះឈ្មោះ អ្នកបោះឆ្នោត នាពេលខាងមុខនេះ ហើយ ជាមួយគ្នានេះ ក៏គណបក្សនឹងត្រៀមរៀបចំ បេក្ខជនសម្រាប់ឈរឈ្មោះក្នុងការបោះឆ្នោត ឃុំ-សង្កាត់ ខាងមុខនេះដែរ។ អ៊ីចឹងហើយបាន ថា កិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ ថ្ងៃនេះផ្តោតសំខាន់ទៅលើផែនការសកម្មភាព សម្រាប់ត្រៀមខ្លួនក្នុងការបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់”។

នៅថ្ងៃដដែលនោះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រួចមក គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីប្រកាស ព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស ដែលមានខ្លឹមសារ ថា “នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ នេះ គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះ- ជាតិ បានបើកកិច្ចប្រជុំក្រោមអធិបតីភាព លោក កឹម សុខា ប្រធានស្តីទីគណបក្ស ដើម្បីពិភាក្សា វាយតម្លៃពីការវិវត្តន៍នៃស្ថានភាពនយោបាយ បច្ចុប្បន្ន និងកំណត់ផែនការយុទ្ធសាស្ត្រ សកម្មភាពក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ។

ក្រោយពីបានធ្វើការពិនិត្យ គណៈកម្មា- ធិការអចិន្ត្រៃយ៍គណបក្ស បានសម្រេច ៖

១-គណបក្សសង្គ្រោះជាតិ នឹងប្រកាស ជាសាធារណៈឱ្យមានការដាក់ពាក្យស្នើសុំឈរ ឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើស- រើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខ ឱ្យបានទូលំទូលាយ។

២-លោកកឹម សុខា ប្រធានស្តីទីគណបក្ស សង្គ្រោះជាតិ នឹងចុះហត្ថលេខាផ្ទេរសិទ្ធិដល់ ថ្នាក់ដឹកនាំ គណៈកម្មាធិការប្រតិបត្តិក្រុង-ស្រុក-ខណ្ឌ ឱ្យធ្វើជាតំណាងក្នុងការចុះហត្ថ- លេខាលើពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្ស នយោបាយ។

៣-ក្រុមការងាររាជធានី-ខេត្ត គណៈ- កម្មាធិការប្រតិបត្តិថ្នាក់ក្រោមជាតិ ត្រូវ ៖

-ពង្រឹងសមត្ថភាព គណៈកម្មការចំពោះ កិច្ចឃុំ-សង្កាត់ នីមួយ

-រៀបចំភ្នាក់ងារគណបក្ស និងបណ្តុះ- បណ្តាល សម្រាប់កិច្ចការបោះឆ្នោត

-ជំរុញលើកទឹកចិត្តប្រជាពលរដ្ឋ ទៅធ្វើ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

-ជំរុញលើកទឹកចិត្តប្រជាពលរដ្ឋ ទៅ ចុះឈ្មោះបោះឆ្នោត

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សាធារណមតិជាតិ-អន្តរជាតិ ជ្រាបជាព័ត៌មាន”។

គួរបញ្ជាក់ដែរថា កិច្ចប្រជុំគណៈកម្មា- ធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិ អំពី ការដាក់ផែនការសកម្មភាពត្រៀមខ្លួនចូលរួម ការបោះឆ្នោតឃុំ-សង្កាត់ បានធ្វើឡើងក្រោយ ២ថ្ងៃ ដែលលោកកឹម សុខា ប្រធានស្តីទីគណបក្ស បានថ្លែងបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោល យុវជន ១៨រាជធានី-ខេត្ត។

លោកកឹម សុខា បានបញ្ជាក់នៅពេល នោះថា ការដឹកនាំល្អ គឺ “ការដឹកនាំតាមប្រព័ន្ធ” មិនមែនជា “ការដឹកនាំតាមអារម្មណ៍បុគ្គល” នោះទេ ពីព្រោះទាំងការនិយាយស្តី ទាំងការ អនុវត្ត និងការសម្រេចចិត្ត ដោយការដឹកនាំ តាមប្រព័ន្ធ អាចចៀសវាងនូវកំហុសឆ្គងបាន ច្រើនជាងការដឹកនាំដោយអារម្មណ៍បុគ្គល។ បានន័យថា ការដឹកនាំតាមប្រព័ន្ធ អាចផ្តល់ឱកាស ឱ្យយុវជនបន្តវេន នឹងក្លាយជាអ្នកដឹកនាំ ដោយ មិនចាំបាច់តាមខ្សែរយៈបក្សពួកឡើយ។ ក៏ប៉ុន្តែ ទោះបីជាការដឹកនាំតាមប្រព័ន្ធក៏ដោយ ចាំបាច់ ត្រូវមានការកែទម្រង់ជាប្រចាំ ដែលលោក យល់ឃើញថា យុវជនត្រូវតែជាកម្លាំងចលករ ឈានមុខគេក្នុងការកែទម្រង់ ឬការផ្លាស់ប្តូរ ក្នុងគណបក្សនយោបាយ ក្នុងសង្គម ក៏ដូចជា ក្នុងប្រទេសជាតិនីមួយៗដែរ។

ជាការកត់សម្គាល់ជុំវិញការត្រៀមខ្លួន បោះឆ្នោតនោះដែរ ទាំងមេបក្សកាន់អំណាច និងមេបក្សប្រឆាំង សុទ្ធតែបានផ្ញើសារឱ្យបង- ប្អូនប្រជាពលរដ្ឋខ្មែរ ដែលមានអាយុចាប់ពី   ១៨ឆ្នាំឡើងទៅ ត្រៀមខ្លួនទៅចុះឈ្មោះបោះឆ្នោត ឱ្យបានគ្រប់គ្នាតាមកំណត់ និងលក្ខខណ្ឌដូច មានចែងក្នុងសេចក្តីជូនដំណឹងរបស់គណៈកម្មា- ធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

bhfghgddf
កិច្ចប្រជុំរបស់ CNRP កាលពីម្សិលមិញ

យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ស្តីពីការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជី បោះឆ្នោតថ្មីឆ្នាំ២០១៦ បានបញ្ជាក់ថា ៖

១-ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំ បញ្ជីបោះឆ្នោតថ្មីឆ្នាំ២០១៦ ចាប់ផ្តើមពីថ្ងៃទី ០១ ខែកញ្ញា ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមសាលាឃុំ-សង្កាត់ និងនៅតាមភូមិ មួយចំនួនក្នុងឃុំ-សង្កាត់ ដែលបើកធ្វើការ ជារៀងរាល់ថ្ងៃ (ក្នុងម៉ោងធ្វើការ) គិតទាំង ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

២-ប្រជាពលរដ្ឋខ្មែរ ដែលមានលំនៅឋាន ឬ/និងទីសំណាក់ច្រើនជាងមួយកន្លែងក្នុងព្រះ- រាជាណាចក្រកម្ពុជា ត្រូវជ្រើសរើសយកកន្លែង តែមួយគត់ ដែលជាទីតាំងនៃជីវភាពរស់នៅ របស់ខ្លួន ដើម្បីចុះឈ្មោះបោះឆ្នោត។

៣-ប្រជាពលរដ្ឋ ព្រះសង្ឃ ឬបព្វជិត សាសនា កម្មករ និយោជិត សិស្ស និស្សិត មន្ត្រី រាជការស៊ីវិល នាយឬពលនៃកងយោធពល- ខេមរភូមិន្ទ និងកងនគរបាលជាតិ ដែលកំពុង ស្នាក់នៅក្នុងឃុំ-សង្កាត់ណាមួយ សុទ្ធតែអាច សុំចុះឈ្មោះបោះឆ្នោតនៅក្នុងឃុំ-សង្កាត់នោះ បាន។

៤-ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំ បញ្ជីបោះឆ្នោតថ្មីឆ្នាំ២០១៦ មានសារសំខាន់ ណាស់ គឺសម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើស- រើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នៅ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧៕

ដោយ ៖ កុលបុត្រ

 

 

RELATED ARTICLES