Monday, November 25, 2024
Homeព័ត៌មានជាតិនាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ថា ឆ្នាំ២០២២ មានអគ្គិសនីប្រើប្រាស់គ្រប់ភូមិទូទាំងប្រទេស

នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ថា ឆ្នាំ២០២២ មានអគ្គិសនីប្រើប្រាស់គ្រប់ភូមិទូទាំងប្រទេស

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចហ៊ុន សែន បានបញ្ជាក់ថា នៅឆ្នាំ២០២២ ខាងមុខនេះ ប្រជាពលរដ្ឋ ខ្មែរគ្រប់ភូមិទាំងអស់នៅទូទាំងប្រទេស នឹងមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ដោយតម្លៃ សមរម្យ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងបែបនេះនៅក្នុងឱកាសអញ្ជើញជា អធិបតីក្នុងពីធីបិទទ្វារទឹកទំនប់វារីអគ្គិសនី សេសានក្រោម២ ស្ថិតក្នុងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧។

នៅក្នុងឱកាសនោះ ក្រៅពីអបអរសាទរ ចំពោះសមិទ្ឋផលប្រវត្តិសាស្ត្រដ៏ធំធេងនៅខេត្តស្ទឹងត្រែង ដែលសម្រេចបានដោយមានការ ខិតខំប្រឹងប្រែងរៀបចំតាំងពី១០ឆ្នាំមុនមកម៉្លេះ និងបានអរគុណដល់ក្រសួងពាក់ព័ន្ឋ និងក្រុមហ៊ុនដៃគូទាំងអស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ដំណាក់កាលដុតចន្លុះ ដុតខ្លាញ់ត្រី ដុតប្រេងកាត ដុតទៀន… គឺបានរសាត់ផុតពីកម្ពុជាហើយ ដោយកម្ពុជាសព្វថ្ងៃ កំពុងប្រើប្រាស់អគ្គិសនីជាង ២ ០០០ មេហ្គាវ៉ាត់ រួចហើយ ខណៈដែលតម្រូវការអគ្គិសនី នឹងកើនខ្ពស់ទៀត។ បានន័យថា ពីមុនការផ្គត់ផ្គង់អគ្គិសនី មានលក្ខណៈបណ្តោះអាសន្នប៉ុណ្ណោះ ព្រោះត្រូវទិញពីប្រទេសជិតខាង ប៉ុន្តែចាប់ពីពេលដំណើរការវារីអគ្គិសនីពីទីនេះទៅ កម្ពុជាមានបណ្តាញផ្គត់ផ្គង់ខ្លូនឯង ប្រកបដោយស្ថិរភាព និងឯករាជ្យភាព ដែលមិនត្រឹមតែផ្គត់ផ្គង់សម្រាប់ខេត្តស្ទឹងត្រែងទេ គឺនឹងឆ្លងទៅ ផ្គត់ផ្គង់នៅខេត្តផ្សេងៗទៀត។ ក្នុងនោះ ស្ទើរតែ គ្រប់វិស័យ ត្រូវការវិស័យថាមពលអគ្គិសនីឱ្យ ដើរទៅមុខមុនគេ ដូចជាវិស័យទេសចរណ៍ សព្វថ្ងៃ ត្រូវការអគ្គិសនីចាំបាច់បំផុត។ សម្តេចហ៊ុន សែន ថ្លែងថា ច្បាស់ណាស់ នូវរាល់ការអភិវឌ្ឍតែង តែប៉ះពាល់ដល់បរិស្ថាន និងបងប្អូនអ្នកភូមិ ទោះបីតិច ឬច្រើនក្តី ដូចជានៅភូមិស្រែស្រណុក និងឃុំក្បាលរមាស គឺរាជរដ្ឋាភិបាល និងក្រុមហ៊ុន បានរួមគ្នាដោះស្រាយជូនបងប្អូន ដោយ បានរៀបចំកសាងផ្ទះជូនបងប្អូន ហើយបានកាត់បន្ថយផលប៉ះពាល់បរិស្ថាន ឱ្យមានកម្រិតទាបបំផុត។

គួររំលឹកដែរថា ទំនប់វារីអគ្គិសនីសេសាន ក្រោម២ នៅខេត្តស្ទឹងត្រែង គឺជាទំនប់ដែលធំ ជាងគេក្នុងប្រទេសកម្ពុជា ដែលសម្តេចនាយក រដ្ឋមន្ត្រីហ៊ុន សែន ធ្លាប់បានអញ្ជើញមកពិនិត្យ ការដ្ឋានម្តងរួចមកហើយ កាលពីថ្ងៃទី២៦ ខែ កក្កដា ឆ្នាំ២០១៦ កន្លងទៅ។ មានក្រុមហ៊ុន ៣ ដែលរួមគ្នាវិនិយោគ ដូចជា ក្រុមហ៊ុន Hydrolancang International Energy មានភាគហ៊ុន ៥១% ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ាគិត ម៉េង មានភាគហ៊ុន ៣៩% និងក្រុមហ៊ុន EVN មកពីប្រទេសវៀតណាម  មានភាគហ៊ុន ១០% លើទឹកប្រាក់ចំនួន ៧៨១៥២លានដុល្លារអាមេរិក។ គម្រោងវិនិយោគ នេះក៏បានឆ្លងកាត់ការអនុម័តពីរដ្ឋសភាផងដែរ ដែលបានធានាដល់ទុនវិនិយោគរបស់ក្រុមហ៊ុន។ ទន្ទឹមនឹងការផលិតអគ្គិសនីនៅទីនេះ គឺទាមទារការតបណ្តាញពីស្ទឹងត្រែង ទៅក្រចេះ ពីក្រចេះ ទៅកំពង់ចាម និងពីកំពង់ចាម ទៅភ្នំពេញ គឺត្រូវតភ្ជាប់បណ្តាញមេទាំងអស់ ដែលនឹងធ្វើ ឱ្យតម្លៃអគ្គិសនីធ្លាក់ចុះថោកជាបន្តបន្ទាប់។ ចំពោះបងប្អូនក្រីក្រដែលប្រើភ្លើងក្រោម១០ គីឡូវ៉ាត់ម៉ោង គឺបង់តែ ៤៨០រៀល ប្រសិនបើ ប្រើចាប់ពី ១១គវម-៥០គវម គឺបង់តែ៦១០៛ រដ្ឋនឹងជួយបង់ជំនួសនូវតម្លៃលើសពីនេះ។ ចំពោះ ខេត្តរតនគិរី គឺបង់តែ៦៧០៛ ព្រោះខេត្តនេះ គឺ មានវារីអគ្គិសនីប្រើរួចហើយ។ សព្វថ្ងៃ មានប្រជាពលរដ្ឋជាង ៣លានខ្នងផ្ទះ ដែលទទួល បានអគ្គិសនីប្រើប្រាស់។ ពោលគឺត្រូវរៀបចំ ឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសជាពិសេស នៅតាមជនបទ មានអគ្គិសនីប្រើប្រាស់គ្រប់ៗគ្នា។

វារីអគ្គិសនីសេសានក្រោម២ គឺមានកម្លាំង ថាមពល ៤០០មេហ្គាវ៉ាត់ ដែលនឹងដាក់ឱ្យដំណើរការជាលើកដំបូង នៅដើមឆ្នាំ២០១៨ ដែលមានកម្លាំងផលិតបាន ១ ៩១២ លានគីឡូវ៉ាត់ម៉ោង។ ចំពោះតម្លៃដែលលក់ឱ្យអគ្គិសនី កម្ពុជា គឺ ៦,៩៥ សេនអាមេរិក ក្នុង១គីឡូវ៉ាត់ ម៉ោង ក្នុងរយៈពេល ៤០ឆ្នាំ (BOT) បន្ទាប់មក នឹងត្រូវប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជា គ្រប់គ្រងទាំងស្រុង។ ក្រោយពីចប់៤០ឆ្នាំ គឺរដ្ឋយក មកគ្រប់គ្រងទាំងស្រុង ឬជួលបន្តឱ្យក្រុមហ៊ុន។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន បញ្ជាក់ថា នៅឆ្នាំ២០២២ ខាងមុខ នៅគ្រប់ភូមិទាំងអស់ទូទាំងប្រទេស នឹងមានអគ្គិសនី ប្រើប្រាស់ និងផ្គត់ផ្គង់ ដោយតម្លៃសមរម្យ ខណៈដែលបច្ចុប្បន្ន ប្រជាជននៅក្នុងភូមិទទួល បានអគ្គិសនីប្រើប្រាស់សម្រេចបាន៧៩% ហើយ តាមផែនការភូមិសរុបចំនួន១៤ ១៦៨ នឹងបាន ភ្ជាប់បណ្តាញអគ្គិសនីបាន ១១ ១៩៤ភូមិ។ ក្នុង នោះដែរ តម្លៃអគ្គិសនី បច្ចុប្បន្ន បានធ្លាក់ចុះ មក៧៧០រៀល ក្នុង១ គីឡូវ៉ាត់ម៉ោង ក្នុងតំបន់ វារីអគ្គិសនី និង៧៩០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង នៅក្នុងតំបន់តភ្ជាប់បន្ត។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន មានប្រសាសន៍ថា “ឥឡូវយើងពិនិត្យផែនការ របស់យើងនៅទូទាំងប្រទេស ឆ្នាំ២០២២ ឱ្យ គ្រប់ភូមិទាំងអស់មានអគ្គិសនីប្រើប្រាស់ យើង មានភូមិ១៤ ១៦៨ភូមិ ប៉ុន្តែមកដល់ពេលនេះ អ្នកភូមិនៅទូទាំងប្រទេស ដែលបានទទួលភ្លើង រួចមកហើយ មាន១១ ១៩៤ភូមិ។ អ៊ីចឹងត្រូវ ជា៧៩% អ៊ីចឹងយើងត្រូវខិតខំដើម្បីធ្វើឱ្យផ្ទះ ភូមិទាំងអស់ របស់ប្រជាជន មានអគ្គិសនីទៅ ដល់ ហើយផ្គត់ផ្គង់ដោយតម្លៃសមរម្យ។ ឥឡូវ នេះ ៣ ៨៨០ ០០០ខ្នងផ្ទះ ដែលមានអគ្គិសនី ប្រើប្រាស់ ប៉ុន្តែប្រជាជនកម្ពុជាយើងមានចំនួន ច្រើនជាងនេះ ដែលមានតម្រូវការភ្លើង ហើយ ភ្លើងនៅកន្លែងខ្លះ គឺការជេរទៅដល់អគ្គិសនីកម្ពុជា ជេរនោះ គឺចេះតែត្រូវហើយ ក៏ប៉ុន្តែដូច ខ្ញុំបានបញ្ជាក់អ៊ីចឹង នៅកន្លែងខ្លះ គឺមិនមែនជា កន្លែងអគ្គិសនីដែលផ្គត់ផ្គង់ដោយមានស្ថិរភាព ទេ គឺជាការផ្គត់ផ្គង់ឱ្យខាងតែបានសិន ដូចជា នៅតំបន់ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី មួយថ្ងៃៗ ដាច់ភ្លើងច្រើនដង ប៉ុន្តែនៅពេល ដែលយើងមានអគ្គិសនីគ្រប់គ្រាន់ មានបណ្តាញ ចែកចាយគ្រប់គ្រាន់ មានអនុអគ្គិសនី អនុស្ថានីយគ្រប់គ្រាន់ វានឹងធ្វើឱ្យតំបន់ដែលត្រូវ ចែកចាយអគ្គិសនីនោះ វាមានស្ថិរភាព វាមិន ដាច់ ហើយវាក៏មានតម្លៃរបស់វា ក៏វាធូរថ្លៃជាង។ កាលពីពេលមុន យើងប្រើភ្លើងមាន តម្លៃខ្ពស់ ឥឡូវនេះ យើងបានស្ថិតនៅក្នុងតម្លៃ មួយគួរសម ដែលយើងអាចទទួលយកបាន តាមរយៈនៃការបញ្ចុះថ្លៃ។ ពីមុននោះ៩៥០ ទៅ១០០០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ឥឡូវ បានចុះមកដល់៧៧០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង នៅតំបន់អគ្គិសនី និង៧៩០ ក្នុង១គីឡូវ៉ាត់ម៉ោង នៅតំបន់ដែលផ្នែកឯកជនភ្ជាប់ជាមួយនឹងអគ្គិសនី តាមបណ្តាញជាតិ។ សម្រាប់គ្រួសារក្រីក្រ ដែល ប្រើតិច គ្រួសារដែលប្រើមិនលើសពី១០គីឡូវ៉ាត់ម៉ោង ក្នុង១ខែ អនុគ្រោះឱ្យបង់តែ៤៨០ រៀលប៉ុណ្ណោះ ហើយរដ្ឋជួយចេញទៅដល់៣១០ រៀល ក្នុង១គីឡូវ៉ាត់ម៉ោង ជំនួសឱ្យគ្រួសារ ហើយបើប្រើក្នុងរង្វង់១១ដល់៥០គីឡូវ៉ាត់ម៉ោង ក្នុង១ខែ អនុគ្រោះឱ្យបង់តែ៦១០រៀលប៉ុណ្ណោះ ដែលរដ្ឋជួយចេញ១៨០រៀល ក្នុង១គីឡូវ៉ាត់ ម៉ោង។ សម្រាប់ខេត្តរតនគិរី គឺថ្លៃ ៦៧០រៀល ដោយសារកន្លែងនោះ គឺមានវារីអគ្គិសនីមុនគេ ហើយយើងនឹងបន្តគិតគូរអំពីបញ្ហានេះតទៅទៀត…”។

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានបង្ហើបដែរថា ព្រោះតែចង់ផ្អាកដំណើរការ គម្រោងសាងសង់វារីអគ្គិសនីសេសានក្រោម២ មានឯកអគ្គរដ្ឋទូតមួយប្រចាំកម្ពុជា បានប្រាប់ សម្តេចថា គម្រោងវារីអគ្គិសនីសេសានក្រោម ២ ប៉ះពាល់ដល់ត្រី ប្រមាណ៧០% ដែលធ្វើ ឱ្យសម្តេចមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយចាត់ទុកថា ជាហេតុផលមិនសមរម្យ។

ទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលសម្តេចហ៊ុន សែន សម្ពោធបិទទ្វារទឹក

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បាន មានប្រសាសន៍ថា “មានរឿងមួយ ខ្ញុំគួរតែ និយាយ ហើយការនិយាយនេះ មិនមែនបន្តុះបង្អាប់ និងចង់ដាក់ផ្លែផ្កាឱ្យអ្នកណាទេ ក៏ប៉ុន្តែ នៅក្នុងប្រហែលជា៥ឆ្នាំមុន មានអគ្គរដ្ឋទូតមួយ បានទៅជួបជាមួយខ្ញុំ ជារឿងគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់ ដែលអ្នកការទូតរបៀបនេះ មកនិយាយជាមួយយើងទៅរួច។ គាត់ថា វារីអគ្គិសនីសេសាន ធ្វើឱ្យប៉ះពាល់ដល់ត្រីចំនួន ៧០% គាត់និយាយអស់ហើយ បានខ្ញុំសួរថា ជា រឿងគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះត្រីនៅ ប្រទេសយើងខ្ញុំចេះឡើងដើមឈើ ហើយចេះឡើងភ្នំ។ បើសិនជាត្រីរបស់យើងខ្ញុំឆ្លាតដល់ប៉ុណ្ណឹង គឺថា ប្រទេសរបស់យើងខ្ញុំមិនពិបាកទេ រឿងត្រីនោះ ព្រោះត្រីរបស់យើងខ្ញុំ វានៅនឹងទន្លេសាប វានៅនឹងទន្លេមេគង្គ វាមិនមកនៅ នឹងទន្លេសេសាននេះទេ។ ខ្ញុំប្រាប់គាត់ថា បើឯកឧត្តមមិនស្គាល់កម្ពុជាផង ហើយមកនិយាយ ជាមួយខ្ញុំអ៊ីចឹង មិនខ្មាសគេទេ ? ខ្ញុំថាឱ្យត្រង់ អ៊ីចឹងតែម្តង ចេះនិយាយទៅរួច។ អ៊ីចឹង ត្រី របស់យើងវាចេះឡើងដើមឈើ វាចេះឡើងភ្នំ ព្រោះស្ថានភាពនៅនេះ វាដូចលើភ្នំ អ៊ីចឹងរឿង អីត្រីវាមកនៅហ្នឹង? ទេ ! ដល់អាទំនប់នេះ ពេលដែលទំនប់ធ្វើរួច នាំគ្នាព្រលែងកូនត្រីឱ្យ ច្រើនទៅ ច្បាស់ជាសម្បូរត្រីហើយៗត្រីវាអត់ ទៅណាទេ វានៅហ្នឹង…។ ដូច្នេះវាមិនប៉ះពាល់ អីទេ ប៉ុន្តែយើងរកវិធីយ៉ាងម៉េច បើសិនជាមាន ប៉ះពាល់ ក៏ឱ្យប៉ះពាល់កម្រិតតិច ប៉ុន្តែឱ្យយើង បញ្ឈប់គម្រោងការទាក់ទងជាមួយនឹងសេសាន មកហ៊ានបន្លាចយើង ក្នុងឋានៈយើងជាអ្នក ស្គាល់ភូមិសាស្ត្រស្រុកខ្មែរថា តាមអ្នកសិក្សា ស្រាវជ្រាវ បានបង្ហាញថា សេសាន២ ប៉ះពាល់ ត្រីដល់៧០% តើជឿបានទេ ? អ៊ីចឹងមានតែ ត្រីស្រុកខ្មែរ វាចេះឡើងដើមឈើ? ហើយអគ្គរដ្ឋទូតហ្នឹង មិនមែនតំណាងឱ្យប្រទេសមួយទេ ប្រទេសច្រើនទៅទៀត  ហើយចេះមកនិយាយ ទៅរួច ហើយខ្ញុំស្តាប់គាត់ ក្រែងលោគេបកប្រែ មកវាខុស ប៉ុន្តែដល់ពេលខ្ញុំស្តាប់ជាភាសាអង់ គ្លេស គឺគាត់និយាយថា ៧០%អ៊ីចឹង។ អ៊ីចឹង វាហួសចិត្តដែរ ដល់អ៊ីចឹង ខ្ញុំថា សំណាងហើយ ត្រីខ្ញុំចេះឡើងដើមឈើ។ ហេតុតែចង់ ហើយ បង្កើតនូវអង្គការទន្លេ៣ ហើយអាអង្គការទន្លេ ៣ អាហ្នឹងដូចជាសាខាអាមាតាធម្មជាតិ? មាន អាណាមកបង្កើតមាតាធម្មជាតិទេ បើបង្កើត នៅស្រុកឯង បង្កើតទៅ ឥឡូវក្រសួងមហាផ្ទៃ រំលាយចោលហើយ អាហ្នឹងដើរតែរករឿងគ្រប់ តែរឿង ហើយអ៊ីចឹងយើងអភិវឌ្ឍម៉េចទៅ? ធ្វើនេះក៏មិនបាន ធ្វើនោះក៏មិនបាន ផលិតធ្យូងថ្ម វាអាហ្នឹងគឺផ្សែង ផលិតប្រេងកាត វាថាផ្សែង ផលិតវារីអគ្គិសនី វាថាអាហ្នឹងប៉ះពាល់បរិស្ថាន ផលិតបរមាណូ វាថាអាហ្នឹងក្រែងផ្ទុះទៅងាប់ ទាំងអស់គ្នា បើអ៊ីចឹងមានតែដុតផាវសិនទៅ…”។

សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានអរគុណ រដ្ឋាភិបាលចិន ដែលបានគាំទ្រ និងជំរុញអ្នក វិនិយោគចិន មកវិនិយោគនៅកម្ពុជា។ ចំពោះ ក្រុមហ៊ុនដែលបានមកចុះបញ្ជីវិនិយោគ ហើយ មិនព្រមធ្វើទេ គឺបានតែសន្យា រាជរដ្ឋាភិបាល នឹងដកឱ្យអ្នកផ្សេងធ្វើ។

សម្តេចហ៊ុន សែន ក៏បានកោតសរសើរ សាជាថ្មីដល់អ្នកឧកញ៉ាគិត ម៉េង ដែលបាន ចាប់ដៃគូជាមួយក្រុមហ៊ុនចិន និងក្រុមហ៊ុន វៀតណាម និងជាមួយក្រសួងរ៉ែ និងថាមពល ក្នុង ការសាងសង់វារីអគ្គិសនីសេសានក្រោម២នេះ។ បន្ថែមលើនេះ សម្តេចក៏អរគុណកងកម្លាំង ប្រដាប់អាវុធ ដែលបានចូលរួមការពារសន្តិសុខ ដល់ដំណើរការសាងសង់វារីអគ្គិសនី និងជាពិសេស អរគុណបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរ ដែលបានសហការ រហូតដល់គម្រោងដ៏ធំនេះ បានចេញជារូបរាងពិតប្រាកដនៅថ្ងៃនេះ។

សម្តេចនាយករដ្ឋមន្ត្រី ក៏បានអរគុណដល់ បងប្អូនប្រជាពលរដ្ឋដែលតែងតែគាំទ្រគណបក្ស ប្រជាជនកម្ពុជា ហើយសង្ឃឹមថា បងប្អូននឹង បន្តបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា ដើម្បី សម្តេចមានឱកាសនិងលទ្ធភាពកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនថែមទៀត៕

RELATED ARTICLES