ប្រទេសកម្ពុជា ដែលខកខានអស់រយៈពេលជាច្រើនឆ្នាំក្នុង ការទទួលបានតំណក់ប្រេងលើកដំបូង បានបន្តនូវក្តីសង្ឃឹមជាថ្មីម្តងទៀត បន្ទាប់ពីមានការចុះកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុនសឹង្ហបុរី គ្រីសអេនើជី លើការផ្តល់សិទ្ធិទៅឱ្យក្រុមហ៊ុននេះ ធ្វើការអភិវឌ្ឍអណ្តូងរ៉ែប្រេង និងឧស្ម័ននៅក្នុងប្លុក A នាតំបន់សមុទ្រ របស់ខ្លួនកាលពីសប្តាហ៍មុន…។
កាលពីសប្តាហ៍មុន តំណាងរាជរដ្ឋាភិបាលកម្ពុជា ដែលរួមមានរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុនគ្រីសអេនើជី របស់ប្រទេសសឹង្ហបុរី ក្នុងការផ្តល់សិទ្ធិទៅឱ្យក្រុមហ៊ុន មួយនេះធ្វើការអភិវឌ្ឍលើអណ្តូងរ៉ែប្រេង និងឧស្ម័ន នៅក្នុងប្លុក A នៃតំបន់សមុទ្ររបស់ខ្លួន។
លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ឱ្យដឹងថា កិច្ចព្រមព្រៀងជាមួយ នឹងក្រុមហ៊ុនរុករកប្រេងសឹង្ហបុរី នេះ គឺជាការឆ្លុះបញ្ចាំង នូវសមិទ្ធផលថ្មីមួយទៀតរបស់កម្ពុជា ក្នុងដំណើរឆ្ពោះទៅរកការផលិតប្រេងឆៅលើកទី១ ចេញពីតំបន់សមុទ្រ។
លោកស៊ុយ សែម បានបន្តទៀតថា បរិមាណសក្តានុពលធនធានប្រេងកាត ដែលត្រូវបានរកឃើញ និងរំពឹងទុកសម្រាប់ដំណាក់កាលដំបូង ត្រូវបានសន្និដ្ឋានថា អាចមានលើសពី៣០លានបារ៉ែល ដែល ចំនួននេះ អាចធ្វើឱ្យប្រទេសកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការក្លាយទៅជាប្រទេស ផលិតប្រេងឆៅ នាពេលអនាគត។ “ក្រៅពីប្លុក A កម្ពុជា នៅមានប្លុកប្រេងកាត ទំនេរក្នុងដែនសមុទ្រចំនួន០៥ និងនៅលើគោកចំនួន១៨ប្លុកទៀត ដែលមិនទាន់ត្រូវបានវិនិយោគ”។
រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានកំណត់កាលពីពេលកន្លងទៅថា ខ្លួននឹងទទួលបានតំណក់ប្រេងលើក ដំបូងនៅថ្ងៃទី១២ ខែ១២ ឆ្នាំ២០១២ ពោលគឺក្រោយ រយៈពេលប្រហែលជា៧ឆ្នាំ បន្ទាប់ពីក្រុមហ៊ុនឆេវរ៉ុន ដែលជាក្រុមហ៊ុនរុករកប្រេងរបស់អាមេរិក បានប្រកាសពីលទ្ធផល នៃការខួងរកឃើញមានប្រេង នៅក្នុងអណ្តូងចំនួន០៤ នៃតំបន់សមុទ្រ ប៉ុន្តែការកំណត់ នេះបានរលាយបាត់ក្តីសង្ឃឹមទៅវិញ រហូតមកដល់ពេលនេះ ដោយសារតែការពិភាក្សាលើបញ្ហា នៃបទបញ្ញត្តិ និងការគ្រប់គ្រងលើការធ្វើអាជីវកម្មជាមួយ នឹងក្រុមហ៊ុនឆេវរ៉ុន មិនអាចឈានដល់ដំណាក់កាល នៃភាពជោគជ័យ។
គួររំលឹកឱ្យដឹងផងដែរថា នៅក្នុងរយៈពេលជាង មួយទសវត្សរ៍ចុងក្រោយនេះ ប្រទេសកម្ពុជា បានជំរុញ យ៉ាងខ្លាំងក្លានូវការអភិវឌ្ឍន៍វិស័យប្រេងកាតរបស់ខ្លួន ខណៈដែលធនធានពីវិស័យមួយនេះត្រូវបានគេ មើលឃើញថា អាចផ្តល់សងត្រឡប់មកវិញនូវប្រាក់ ចំណូលច្រើនគួរសមសម្រាប់ជួយលើកស្ទួយដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។
កាលពីពេលកន្លងទៅ ស្ថប្ថា័នហិរញ្ញវត្ថុអន្តរជាតិ IMF បានធ្វើការព្យាករណ៍ថា ប្រទេសកម្ពុជាប្រហែល ជាអាចមានចំណូលពីប្រេង ប្រមាណជា១០០ទៅ ២០០លានដុល្លារអាមេរិក នៅពេលដំបូង ហើយចំណូលនេះ នឹងកើនឡើងដល់១,៧ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២១ នេះបើសិនណាជាគេ អាចធ្វើការបូមយកប្រេងបាននៅក្នុងឆ្នាំ២០១១ ឬក៏ឆ្នាំ២០១២ ដូចជាកាលកំណត់របស់រាជរដ្ឋាភិបាល នោះ។
សូមបញ្ជាក់ថា កាលពីពេលកន្លងទៅប្រទេសកម្ពុជា ធ្លាប់មានក្រុមហ៊ុន ELF និងក្រុមហ៊ុនEsso ខួងអណ្តូងប្រេងកាត ដំបូងបង្អស់នៅក្នុងចន្លោះឆ្នាំ១៩៧២-១៩៧៤ ក៏ប៉ុន្តែពុំធ្លាប់រកឃើញធនធានប្រេង ឡើយ។ នៅឆ្នាំ១៩៩៤ ក្រុមហ៊ុន Enterprise Oil របស់ចក្រភពអង់គ្លេស បានខួងរកឃើញអណ្តូង ប្រេងកាតចំនួន០២អណ្តូង ប៉ុន្តែនៅតែមិនអាចអភិវឌ្ឍ បានដោយសារទំហំប្រេងមានកម្រិត និងតម្លៃប្រេងឆៅ នៅថោកនៅឡើយ។ បន្ទាប់មកនៅឆ្នាំ២០០២ រាជរដ្ឋាភិបាល បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន ឆេវរ៉ុន ផ្តល់សិទ្ធិឱ្យក្រុមហ៊ុននេះធ្វើសម្បទានលើ អណ្តូងរ៉ែប្រេង និងឧស្ម័ននៅក្នុងប្លុក A ហើយក្នុងឆ្នាំ២០១១ ក្រុមហ៊ុននេះ ក៏បានលក់ភាគហ៊ុនរបស់ខ្លួន ទៅឱ្យក្រុមហ៊ុនគ្រីសអេនើជី ជាបន្តបន្ទាប់។ បច្ចុប្បន្ន ក្រុមហ៊ុនគ្រីសអេនើជី បានក្លាយជាប្រតិបត្តិករជាមួយ នឹងការមានភាគហ៊ុនចំនួន៩៥ភាគរយ ហើយរាជរដ្ឋាភិបាលកម្ពុជា មានភាគហ៊ុនចំនួន៥ភាគរយ។
ក្រុមហ៊ុនគ្រីសអេនើជី ដែលទទួលបានសិទ្ធិ នៅក្នុងការធ្វើសម្បទានលើអណ្តូងរ៉ែប្រេង និងឧស្ម័ន នៅក្នុងប្លុក A នៃតំបន់សមុទ្ររបស់កម្ពុជា ធ្លាប់បានធ្វើការប្រកាសឱ្យដឹងថា ការអភិវឌ្ឍន៍លើអណ្តូងរ៉ែ ប្រេង និងឧស្ម័ន នៅទីតាំងសមុទ្រកម្ពុជា គឺជាគម្រោង ចម្បងគេរបស់ក្រុមហ៊ុននេះ ដែលត្រូវអនុវត្តន៍។
ការប្រកាសនេះ ត្រូវបានគេមើលឃើញថា គឺជាការតាំងចិត្តដ៏មុតមាំរបស់ក្រុមហ៊ុនទៅលើការ អភិវឌ្ឍន៍អណ្តូងរ៉ែប្រេង និងឧស្ម័ននៅកម្ពុជា ប៉ុន្តែទោះជាយ៉ាងនេះក្តី ក៏អ្នកធ្វើការនៅក្នុងវិស័យនេះមួយចំនួនបានអះអាងថា ក្រុមហ៊ុននេះលំបាកនៅក្នុងការ ធ្វើឱ្យលេចជាលទ្ធផលទៅដល់ក្តីសុបិន នៃការទទួលបានតំណក់ប្រេងលើកដំបូង របស់ប្រទេសកម្ពុជា នៅក្នុងរយៈពេលខ្លីបានណាស់ ពីព្រោះថា ធម្មជាតិ នៃការធ្វើអាជីវកម្ម នៅក្នុងុវិស័យមួយនេះ វាមានលក្ខណៈស្មុគស្មាញច្រើន ហើយនិងត្រូវការប្រើនូវបច្ចេកវិទ្យាខ្ពស់។
លោកឆាយ សារ៉ាត អតីតអ្នកធ្វើការនៅក្នុងវិស័យប្រេង និងឧស្ម័ននៃអង្គការសម្ព័ន្ធភាពកម្ពុជា ដើម្បីតម្លាភាពចំណូលធនធាន ធ្លាប់បានឱ្យដឹងកាល ពីពេលកន្លងទៅថា ការផ្លាស់ប្តូរនៅក្នុងការគ្រប់គ្រងលើការធ្វើអាជីវកម្មប្រេងនៅក្នុងប្លុក A ដោយក្រុមហ៊ុនសឹង្ហបុរី អាចថាជាផ្នែកមួយ នៃការបោះជំហាន ទៅរកការអភិវឌ្ឍន៍ថ្មីនៅក្នុងវិស័យមួយនេះ ប៉ុន្តែ គេត្រូវការពេលវេលាយ៉ាងតិច ក៏៣ឆ្នាំទៅមុខទៀតដែរ ទើបអាចទទួលបានតំណក់ប្រេងលើកដំបូង យកមកប្រើប្រាស់។
លោកបណ្ឌិតអូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា កិច្ចព្រមព្រៀង ដែលកំពុងតែមាននាពេលនេះនឹង អនុញ្ញាតឱ្យក្រុមហ៊ុនគ្រីសអេនើជី ធ្វើការរុករកប្រេងកាតលើកទី១របស់ខ្លួន នៅលើផ្ទៃ១៩៨គីឡូម៉ែត្រក្រឡា នៃដែនសមុទ្រកម្ពុជា ដែលអាចផលិត បានប្រេងឆៅចំនួនប្រមាណ៣០លានបារ៉ែល ក្នុងរយៈពេល៩ឆ្នាំ ហើយថា ការផលិតប្រេងលើកដំបូង របស់ក្រុមហ៊ុននេះនឹងចាប់ផ្តើមធ្វើនៅចុងឆ្នាំ២០១៩ ប្ញដើមឆ្នាំ២០២០ ខាងមុខ ដែលក្នុងនោះ ក្នុង១ថ្ងៃៗ ក្រុមហ៊ុនអាចផលិតប្រេង បានចំនួនប្រមាណជា ៨០០០បារ៉ែល”៕