នៅពេលដែលផលិតកម្មរស្មីហង្សមាស កំពុងតែស្វែងរកម្ចាស់ពាន The Voice Kids Cambodia រដូវកាលទី១ ហើយទើបឈានដល់ការប្រលងវគ្គ Live Show នោះ ស្រាប់តែពេលនេះផលិតកម្មថោន បានលេងមួយក្បាច់ ដោយឈានដើរមួយជំហានមុនហង្សមាស ដោយទទួលយកកុមារាធឿន បូរី អាយុ១១ឆ្នាំ មកពីខេត្តកំពង់ចាម ធ្វើជាតារាចម្រៀងកុងត្រារបស់ខ្លួន ដែលត្រៀមចេញបទចម្រៀងក្នុងពេលឆាប់ៗនេះហើយ។
ទស្សនិកជនជាច្រើនបានលើកឡើងថា ពេលនេះផលិតកម្មថោន ហាក់មានចេតនាចង់ប្រជែងជាមួយហង្សមាស មែនទែនហើយ ព្រោះសូម្បីតែតារាចម្រៀងកុមារដែលហង្សមាស កំពុងតែសម្រិតសម្រាំងរកមិនទាន់ឃើញអ្នកណាជាម្ចាស់ពាននោះ គឺថោន មិនចាំបាច់ពិបាកក្នុងការរៀបចំប្រលងចម្រៀងកុមារ នាំតែពិបាកច្រើនឡើយ គឺស្ងាត់ៗបានយកកុមារាធឿន បូរី មកត្រៀមឡង់សេឲ្យបានមុនហង្សមាស ដែលកំពុងតែស្វែងរកនោះទៅហើយ ដែលនេះជាយុទ្ធសាស្រ្ដថ្មីមួយទៀតរបស់ផលិតកម្មថោន បន្ទាប់ពីទទួលយកតារាចម្រៀងដល់ទៅ៣រូប ដែលជាអតីតតារាហង្សមាស ឲ្យក្លាយទៅជាសមាជិករបស់ខ្លួន គឺមានឈិត សុវណ្ណបញ្ញា , យក់ ថិតរដ្ឋា និងសុន ស្រីពេជ្រ នោះ។
លោកសាស្រ្ដាចារ្យសេង សំអាន មន្ដ្រីជាន់ខ្ពស់របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានលើកឡើងថា នេះគឺជាការឆក់ឱកាសរបស់ផលិតកម្មថោន ព្រោះទម្រាំហង្សមាស រកឃើញម្ចាស់ពាន The Voice Kids Cambodia ឃើញហើយ ត្រូវការធ្វើបទចម្រៀងនោះ ទម្រាំចេញបាននោះ យ៉ាងហោចណាស់ក៏ត្រូវការ១ឆ្នាំដែរ អីចឹងកុមារាធឿន បូរី គេចេញបទចម្រៀងមុនទៅហើយ តែការដែលថោន យកធឿន បូរី នេះគឺមិនប៉ះពាល់ដល់ការប្រលងចម្រៀង The Voice kids Cambodia នោះទេ។
លោកសាស្ដ្រាចារ្យបញ្ជាក់ថា ”ធឿន បូរី ហ្នឹងកន្លងមក ខ្ញុំធ្លាប់ឃើញតាមទូរទស្សន៍ដែរ មានអីកុមារាហ្នឹងច្រៀងបាន តែខ្ញុំមិនដែលគេច្រៀងបទជាភាសាបរទេសទេ អីចឹងយើងមិនទាន់ឃើញសមត្ថភាពបូរី អស់ទេ ហេតុនេះហើយបានជាតារាចម្រៀង គេត្រូវឲ្យយើងច្រៀងបានគ្រប់ប្រភេទទាំងអស់ កុំឲ្យងាប់ក្រឡាច្រៀងបានតែមួយច្រក។ ការដែលថោន យកធឿន បូរី ទៅចូលនេះជាចំណុចល្អមួយ ព្រោះគេកំពុងតែចាប់អារម្មណ៍ខ្លាំង និងម្យ៉ាងទៀតជាការស្រោចស្រង់ការលំបាករបស់គេផង អីចឹងទស្សនិកជនចាប់អារម្មណ៍ច្រើន។ ប៉ុន្ដែការយកកុមារាធឿន បូរី ចូលថោន នេះមិនប៉ះពាល់អីដល់ហង្សមាស ដែលកំពុងតែប្រលងចម្រៀង The Voice Kids Cambodia នោះទេ ព្រោះកម្មវិធីគេតម្រូវឲ្យបេក្ខជនច្រៀងគ្រប់ប្រភេទបទចម្រៀងទាំងអស់ ដែលជាការចម្រាញ់រកអ្នកដែលអាចច្រៀងបានគ្រប់យ៉ាង។ ចំណែកធឿន បូរី វិញ ខ្ញុំធ្លាប់ឃើញគេច្រៀងបទមនោសញ្ចេតនាបានល្អហើយ តែមិនដែលឃើញច្រៀងបទជាភាសាបរទេសទេ អីចឹងយើងមិនអាចសន្និដ្ឋានបានគ្រប់ជ្រុងជ្រោយទេ”។
ធឿន បូរី ធ្លាប់ជាអតីតបេក្ខភាពកម្មវិធីប្រលងចម្រៀងរបស់ក្រុមហ៊ុន BKA ដែលរៀបចំផ្សាយផ្ទាល់នៅប៉ុស្ដិ៍ MyTv តែបូរី បានធ្លាក់ចេញពីកម្មវិធី ដោយមិនបានពានឡើយ។ ថ្មីៗនេះ បូរី បានច្រៀងបទ ”ស្ទឹងសែនប៉ារីស” បង្ហោះលើបណ្ដាញសង្គម Facebook ហើយធ្វើឲ្យអ្នកដឹកនាំកម្មវិធីសិល្បៈរបស់ប៉ុស្ដិ៍អាស៊ីអាគ្នេយ៍ លោកចា រិទ្ធី មានការចាប់អារម្មណ៍ ក៏បានហៅបូរី មកច្រៀងក្នុងកម្មវិធី ”ICHITAN” ហើយលោករិទ្ធី មានការពេញចិត្តសមត្ថភាពបូរី រហូតដល់ទទួលធ្វើជាកូនចិញ្ចឹម ដោយទំនុកបម្រុងគ្រប់បែបយ៉ាងចាប់ពីពេលនេះតទៅ។ លោកចា រិទ្ធី ថែមទាំងនាំធឿន បូរី ទៅជួបឯឧត្តមលី ឆេង ដែលជានាយកសកលវិទ្យាល័យប៊ែលធី អន្ដរជាតិ ហើយលោកសាកលវិទ្យាធិការ ថែមទាំងបានផ្ដល់អាហារូបករណ៍១០០% ដល់បូរី ដោយរៀនចាប់ពីថ្នាក់ទី៣ រហូតដល់ថ្នាក់ទី១២ មិនអស់ប្រាក់ទៀតផង ។
មហាជនជាច្រើនបាននិយាយថា ធឿន បូរី ដែលជាក្មេងកូនកសិករក្រីក្រនៅខេត្តកំពង់ចាម នោះមានភ័ព្វសំណាងខ្ពស់ក្រោយក្លាយជាកូនចិញ្ចឹមរបស់លោកចា រិទ្ធី នឹងក្លាយទៅជាតារាចម្រៀងរបស់ថោន ជាផ្លូវការនៅពេលនេះ។ ប៉ុន្ដែទន្ទឹមនឹងនេះក៏មានការជជែកគ្នាជាច្រើនថាតើសមត្ថភាពធឿន បូរី របស់ផលិតកម្មថោន និងពេជ្រ ថៃ ដែលជាបេក្ខភាពលេចធ្លោក្នុងកម្មវិធី The Voice Kids Cambodia នោះ តើកុមារាទាំង២ មួយណាមានទឹកដមសំឡេងល្អជាង ប្រសិនបើហង្សមាសនឹងផ្ដល់ឲ្យពេជ្រ ថៃ ក្លាយទៅជាម្ចាស់ពាន The Voice Kids Cambodia រដូវកាលទី១ ហើយនឹងក្លាយទៅជាតារាចម្រៀងជាផ្លូវការរបស់ហង្សមាសនាពេលខាងមុខនេះ?
លោកសេង សំអាន និយាយបន្ថែមថា ”បើនិយាយពីសមត្ថភាពពេលនេះ គឺពេជ្រ ថៃ នៅមានកម្រិតទេ ព្រោះច្រៀងនៅស្អិតៗ។ ចំណែកធឿន បូរី ធ្វើបានល្អជាងជាមួយបទស្លូវៗ តែខ្ញុំពិបាកថា គឺទាល់តែឃើញបូរី ហ្នឹងអាចច្រៀងបទបរទេសបានដែរឬអត់? ទើបយើងអាចថាបាន។ ទាំងធឿន បូរី និងពេជ្រ ថៃ គឺសុទ្ធតែនៅក្មេងដូចគ្នា អីចឹងគេនៅមានការវិវឌ្ឍថែមទៀតនាពេលពេញវ័យ ហើយតារាចម្រៀងដែលមានសំឡេងពេញ គឺចាប់ពីអាយុ១៨ឆ្នាំឡើងទៅ តែអាស្រ័យលើសមត្ថភាពរបស់គេ យើងមិនអាចថា ចាប់ពីអាយុ១៨ឆ្នាំដល់អាយុប៉ុន្មានទេ។ ខ្ញុំគិតថា ធឿន បូរី អាចក្លាយទៅជាតារាចម្រៀងបានហើយ ថោន យកមកមិនខុសទេ ព្រោះនេះជាការឆក់ឱកាសមួយ តែក្មេងគេមិនឲ្យបង្ខំឲ្យច្រៀងទេ ព្រោះពេលគេពេញកំលោះបំពង់កររីកបើកឡើង ទើបអាចច្រៀងបានពេញលេញតែម្ដង។ តែអ្នកចេះច្រៀងបានដោយមិនជាន់គ្នា គឺទាល់តែចេះអក្សរភ្លេង ទើបកាន់តែល្អ”។
ទស្សនិកជនរង់ចាំមើលថា តើការបើកឆាកបទដំបូងរបស់ធឿន បូរី នៅលើថាសចម្រៀងរបស់ផលិតកម្មថោន ក្នុងពេលឆាប់ៗនេះ នឹងធ្វើឲ្យរូបគេខ្លាំងប៉ុនណា ខណៈដែលកន្លងមក លោកប៊ុន ថាត ដែលជាឪពុកមាររបស់បូរី បានឲ្យដឹងថា សំឡេងរបស់កុមារានេះស្រដៀងទៅលោកកែវ សារ៉ាត់ ហើយគេក៏អាចច្រៀងបទ ”បាត់ដំបងបណ្ដូលចិត្ត” ដែលពេជ្រ ថៃ ល្បីនោះបានដែរ។ ប៉ុន្ដែលោកប៊ុន ថាត មិនហ៊ានសន្និដ្ឋាន ថា តើសមត្ថភាពរបស់បូរី និងពេជ្រ ថៃ មួយណាខ្លាំងជាងឡើយ ដោយលោកយល់ថា កុមារាទាំង២សុទ្ធតែមានទេពកោសល្យម្យ៉ាងៗម្នាក់ដូចគ្នា ហើយលោកថា ពេលនេះផលិតកម្មថោន ដែលមានលោកយឹម តាស្រង់ ជាអ្នកនិពន្ធនោះ បានរៀបចំបទចម្រៀងឲ្យបូរី ច្រៀង៤ទៅ៥បទហើយ៕