Tuesday, November 26, 2024
Homeព័ត៌មានជាតិនាយករដ្ឋមន្ត្រី បំពាក់គ្រឿងឥស្សរិយយសព្រឹទ្ធាចារ្យសិល្បៈ គង់ ណៃ និងប្រាជ្ញ ឈួន

នាយករដ្ឋមន្ត្រី បំពាក់គ្រឿងឥស្សរិយយសព្រឹទ្ធាចារ្យសិល្បៈ គង់ ណៃ និងប្រាជ្ញ ឈួន

ភ្នំពេញ ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយស អញ្ជើញបំពាក់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ ជូន ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ដែលរដ្ឋាភិបាលជប៉ុន បានផ្តល់ពានរង្វាន់ “សិល្បៈ និងវប្បធម៌ហ្វុគុអូកា” ឆ្នាំ២០១៧ និងលោកតាព្រឹទ្ធាចារ្យចាប៉ីដងវែង ប្រាជ្ញ ឈួន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ ដោយមានការចូលរួមពីព្រឹទ្ធាចារ្យសិល្បៈ សាស្ត្រាចារ្យ និងសិល្បករ សិល្បការិនីជាច្រើនរូប។

ថ្លែងក្នុងឱកាសនោះ សម្តេចហ៊ុន សែន បានលើកឡើងថា សម្តេចបានស្គាល់លោកតា គង់ ណៃ តាមរយៈបទចាប៉ី “ដំរីយោលដៃ” គឺ ពេលនោះ នៅពេលដែលរដ្ឋសភា រៀបចំពិធី ជប់លៀងម្តងៗ សម្តេចតែងតែឱ្យអញ្ជើញ លោកតាគង់ ណៃ មកច្រៀងចាប៉ីដងវែង។

សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ ថា ចំពោះពានរង្វាន់ “សិល្បៈនិងវប្បធម៌ ហ្វុគុអូកា” កន្លងទៅ គឺមានព្រឹទ្ធាចារ្យឆេង ផុន លោកអាង ជូលៀង និងលោកតាគង់ ណៃ បានទទួល។ ក្នុងនាមរាជរដ្ឋាភិបាល សម្តេចហ៊ុន សែន បានអបអរសាទរ និងកោតសរសើរចំពោះ កិត្តិយស និងជោគជ័យនេះសម្រាប់ជាតិយើង។

សម្តេចនាយករដ្ឋមន្ត្រី រីករាយបដិសណ្ឋារកិច្ចអបអរសាទរ ចំពោះលោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ដែលបានទទួលពានរង្វាន់ពីប្រទេសជប៉ុន។ សម្តេច ក៏បានរំលឹកផង ដែរអំពីប្រវត្តិដែលជួបលោកព្រឹទ្ធាចារ្យ កាលពី ឆ្នាំ១៩៨២ នៅខេត្តកំពត ជាមួយសិល្បករ-សិល្បការិនី ព្រមទាំងលោកតាប្រាជ្ញ ឈួន។ សម្តេចបញ្ជាក់ថា គឺជាភ័ព្វសំណាងខ្លាំងណាស់ ដែលយើងបានចេញផុតរួចពីស្ថានភាពដ៏លំបាកលំបិននៃរបបប៉ុល ពត។

សម្តេចហ៊ុន សែន បានរំលឹកថា “ទទួលទានផ្លែឈើ ត្រូវនឹកដល់អ្នកដាំដើម”,“ផឹកទឹក ត្រូវនឹកដល់ប្រភព”។ កាលពីមុន ដោយសារ ប្រទេសអសន្តិសុខ រាល់ការសម្តែងល្ខោន និងសិល្បៈនានា គឺតួអង្គសម្តែងជាបុរសភាគច្រើន ត្រូវកាន់កាំភ្លើងគ្រប់ៗគ្នា។

ជាមួយគ្នានេះដែរ សម្តេចនាយករដ្ឋមន្ត្រី ក៏បានរំលឹកអំពីការខិតខំ របស់អតីតរដ្ឋមន្ត្រី ក្រសួងវប្បធម៌ពីមុន ដូចជា លោកកែវ ចិន្តា និងព្រឹទ្ធាចារ្យឆេង ផុន ដែលបានប្រមែប្រមូល សិល្បករ សិល្បការិនី ដែលបាននៅរស់រានមាន ជីវិតពីរបបកាប់សម្លាប់ប៉ុល ពត ដែលពេលនោះ គឺជាដំណាក់កាលប្រមូលទុន ដើម្បីរៀបចំ វប្បធម៌ជាតិឱ្យរស់ឡើងវិញ និងបានខិតខំរួមគ្នា ធ្វើឱ្យសិល្បៈ វប្បធម៌ជាតិ រស់រានមានជីវិត រួមទាំងចាប៉ីដងវែង ហើយដែលនៅឆ្នាំ២០១៦ ក៏ បានដាក់បញ្ចូលជាបេតិកភណ្ឌអរូបីពិភពលោក ផងដែរ។

សម្តេចហ៊ុន សែន ថ្លែងថា “ប្រសិនបើ យើងក្រលេកមើលទៅក្រោយ គឺលំបាកខ្លាំង ណាស់។ ចំពោះអ្នកដែលមិនធ្លាប់ដឹងពីអតីតកាលរបស់កម្ពុជា គឺមិនបានដឹងថា មានអ្វីកើត ឡើងទេ។ អ្វីដែលគេបានឃើញសព្វថ្ងៃ គឺគិត ថា កម្ពុជាមិនមានអ្វីកើតឡើងឡើយ”។

ជានិច្ចកាល សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយក ចិត្តទុកដាក់ចំពោះមរតកមនុស្សរស់ តាមរយៈការជួយឧបត្ថម្ភជាថវិកា អស់រយៈពេលជាង ២០ឆ្នាំមកហើយ។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានអបអរសាទរផងដែរ ចំពោះសិល្បៈសម័យ បើគ្មានបុរាណ ក៏គ្មានសម័យដែរ។ ទន្ទឹមនឹង នេះ សម្តេចបានសម្រេចជួបជាមួយសិល្បករ-សិល្បការិនីខ្មែរទូទាំងប្រទេស ក្នុងមួយឆ្នាំម្តង ចាប់ពីឆ្នាំ២០១៨ទៅ ដោយសម្រេចយកចំថ្ងៃ ទិវាវប្បធម៌ ៣មីនា ដែលនឹងធ្វើនៅកោះពេជ្រ ព្រោះអាចទទួលអ្នកចូលរួមបានច្រើន។ នៅក្នុង ពិធីនោះ គឺមានការទទួលទានអាហាររួមគ្នា និង កម្មវិធីសម្តែងសិល្បៈកម្សាន្តផងដែរ។

ទន្ទឹមនឹងនេះដែរ នៅវិមានសន្តិភាព សម្តេច ហ៊ុន សែន បានខិតខំលើកស្ទួយសិល្បៈ វប្បធម៌ ខ្មែរ ក្នុងនោះ រួមទាំងឧបករណ៍ភ្លេងខ្មែរ ជាដើម នៅក្នុងពិធីលៀងសាយភោជន៍ ដែលសម្តេច បានរៀបចំជូនភ្ញៀវអន្តរជាតិ និងប្រមុខរដ្ឋនានា ដែលមកទស្សនកិច្ចនៅកម្ពុជា។

សម្តេចហ៊ុន សែន ក៏បានរំលឹក និងអរគុណ ព្រមទាំងកោតសរសើរដល់អតីតព្រឹទ្ធាចារ្យ សាស្ត្រាចារ្យ សិល្បករ សិល្បការិនី ដែលបាន ទទួលមរណភាពទៅហើយក្តី និងអស់លោក ព្រឹទ្ធាចារ្យ សាស្ត្រាចារ្យ សិល្បករ សិល្បការិនី ទាំងអស់ ដែលបាននិងកំពុងជួយទ្រទ្រង់វិស័យ សិល្បៈវប្បធម៌ខ្មែរឱ្យរស់រាន និងមានកិត្យានុភាពមកទល់សព្វថ្ងៃ។

មុននឹងបញ្ចប់ពិធីនោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបំពាក់មេដាយព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ ជូនលោកតា គង់ ណៃ និងឧបត្ថម្ភថវិកា ១០០លានរៀល។ លោកតាប្រាជ្ញ ឈួន ក៏ទទួលបានមេដាយព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ និង ថវិកាឧបត្ថម្ភ ២០លានរៀលផងដែរ។

សម្តេចហ៊ុន សែន បានរំលឹកថា “បើយើង រក្សាព្រៃបាន គឺមិនខ្វះអុសដុតនោះទេ” ហើយ “បើយើងរក្សាសន្តិភាពបាន ក៏មិនខ្វះឱកាសក្នុង ការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនផងដែរ”។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បាន អំពាវនាវឱ្យយកចិត្តទុកដាក់ឱ្យបានខ្លាំងថែម ទៀត ក្នុងការថែរក្សា និងអភិរក្សសិល្បៈចាប៉ី និងអាយ៉ៃ៕

RELATED ARTICLES