ភ្នំពេញ ៖ លោកចែម ចាន់តារា ហៅនាយពែកមី តារាកំប្លែងល្បីឈ្មោះ បានត្អូញត្អែរថា ជីវិតរបស់លោកហាក់នៅមិនទាន់ផុតអស់ ស៊យនៅឡើយ ព្រោះអស់ពីរឿងមួយចូលដល់រឿងមួយ សុទ្ធតែជារឿងមិនល្អសោះ ហើយចុងក្រោយនេះ បន្ទាប់ពីនាយបានហៅគ្រូក្មេង អគ្គិនេត្រ ដែលល្បីល្បាញរឿងចេះមន្តអាគម កាប់មិនមុតដុតមិនឆេះ ទស្សន៍ទាយព្យាបាល ជំងឺដោយមានចេញប័ណ្ណធានានោះ មកថតកុន រឿងចាប់ខ្មោច ស្រាប់តែគ្រូអគ្គិនេត្រ ត្រូវបាន សមត្ថកិច្ចចាប់ឃាត់ខ្លួន បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនទៅវិញ។
នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ នេះ នាយពែកមី បានបង្ហោះសារមួយតាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា “តោះស្រោចទឹក ចេញសង្ឃឹមថា បងប្អូននឹងគាំទ្ររឿង បន្តោងឆ្នាំងដី ដែលជាស្នាដៃរបស់ខ្ញុំបាទផ្ទាល់”។
ដោយឡែក កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីទទួលបានព័ត៌មានថា គ្រូ ក្មេងអគ្គិនេត្រ ដែលជាតួអង្គគ្រូចាប់ខ្មោចក្នុង រឿង “បន្តោងឆ្នាំងដី” របស់លោកត្រូវសមត្ថកិច្ចចាប់ខ្លួន បញ្ជូនទៅតុលាការពីបទពាក់ព័ន្ធ ការជួញដូរគ្រឿងញៀននោះ នាយពែកមី បានបង្ហោះសារតាមទំព័រហ្វេសប៊ុករបស់ខ្លួន បង្ហាញអារម្មណ៍ហួសចិត្តថា “ឃើញធ្វើគ្រូល្បីពេញហ្វេសប៊ុក ខំហៅមកថតកុនរឿងចាប់ខ្មោច ឥឡូវចប់ ស្គាល់មុខមិនស្គាល់ចិត្តមែន កាលណា ទើបផុតស៊យទៅខ្ញុំ…”។
ពាក់ព័ន្ធទៅនឹងបញ្ហាខាងលើនេះ មហាជន បានលើកជាចម្ងល់ថា បើគ្រូអគ្គិនេត្រ ដែលជាតួអង្គគ្រូចាប់ខ្មោច ក្នុងរឿង “បន្តោងឆ្នាំងដី” ត្រូវសមត្ថកិច្ចចាប់ខ្លួនបាត់ទៅហើយ តើដំណើរការថតរឿង “បន្តោងឆ្នាំងដី” របស់នាយពែកមី ទទួលរងផលប៉ះពាល់កម្រិតណា? តើត្រូវបន្តទៀត ឬយ៉ាងណា?
ជុំវិញរឿងរ៉ាវខាងលើនេះ នៅរសៀល ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ នេះ “នគរធំ” បានព្យាយាមទាក់ទងតាមទូរស័ព្ទ ទៅនាយ ពែកមីដើម្បីសុំការបំភ្លឺដែរ តែត្រូវនាយពែកមី ប្រាប់ថា កំពុងជាប់រវល់ថត សុំឱ្យចាំរយៈពេលប្រមាណ១ម៉ោងសិន។ លុះពេលទូរស័ព្ទទៅ ជាច្រើនលើកទៀត បែរជាមិនអ្នកទទួល ទើបមិនអាចសុំការបញ្ជាក់ពីនាយពែកមី បានទេ …ជំនាញខាងភូត!…។
គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ នាយពែកមី ហាក់ជួបរឿងស៊យជាបន្តបន្ទាប់ ក្នុងនោះ រឿងស៊យធំបំផុតសម្រាប់នាយ គឺត្រូវ ចោរលួចទំព័រហ្វេសប៊ុក ទៅប្រើប្រាស់បង្ហោះ រូបភាព និងពាក្យសម្តីអាសអាភាស ព្រមទាំង ពាក់ព័ន្ធជាមួយនឹងរឿងនយោបាយទៀតផង។ បន្ទាប់មក នៅអំឡុងដំណើរការថតកុនរឿង “បន្តោងឆ្នាំងដី” នៅឯទឹកដីខេត្តកំពង់ឆ្នាំង រទេះគោដឹកឆ្នាំងដី ដែលកំពុងថតបានភ្លូក ក្រឡាប់ធ្លាក់ចូលក្នុងប្រឡាយទឹក តែសំណាង ល្អ មិនបង្កឱ្យមនុស្សណាម្នាក់រងរបួសនោះ ឡើយ គ្រាន់តែរងការខូចខាតរបស់របរមួយ ចំនួនប៉ុណ្ណោះ។ ស្រាប់តែមកដល់ពេលនេះ តួអង្គសម្តែងសំខាន់ម្នាក់ក្នុងសាច់រឿង “បន្តោង ឆ្នាំងដី” គឺគ្រូក្មេងអគ្គិនេត្រ បែរជាត្រូវជាប់គុក ទៀត ជាហេតុធ្វើឱ្យនាយពែកមី ត្អូញថាឈឺ ក្បាលមិនតិចទេ នៅពេលជួបរឿងស៊យផ្ទួនៗ បែបនេះ និងថែមទាំងចង់ទៅស្រោចទឹករំដោះ គ្រោះជាលើកទី២ទៀតផង…ខ្លាចស៊យក្រឡាប់ ឡានទៀត!…។
គួរបញ្ជាក់ថា ជនសង្ស័យឈ្មោះវ៉ាន់ សុខសីហា ហៅហោរាអគ្គិនេត្រ ត្រូវបានសមត្ថកិច្ច ការិយាល័យ ក៦ នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកដាំ ឈឿន នាយករងមន្ទីរ ក្រោមការសម្របសម្រួលពីលោកអ៊ុំ សុភក្តិ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ចុះចាប់ឃាត់ខ្លួន កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ ក្នុងបទពាក់ព័ន្ធនឹងការ ជួញដូរគ្រឿងញៀន។
ក្រោយការចាប់ឃាត់ខ្លួនជនសង្ស័យជា គ្រូអគ្គិនេត្រឈ្មោះវ៉ាន់ សុខសីហា ដែលជាតួអង្គសម្តែងដ៏សំខាន់ម្នាក់ ក្នុងខ្សែភាពយន្តរឿង បន្តោងឆ្នាំងដីរបស់នាយពាក់មី ត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាល ពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ និងត្រូវបាន តុលាការសម្រេចធ្វើការចោទប្រកាន់ និងឃុំ ខ្លួនបណ្តោះអាសន្នពន្ធនាគារព្រៃស៕